ព័ត៌មានជាតិ
តើតំណាងរាស្ត្រ និងមន្ត្រីរដ្ឋាភិបាលណាខ្លះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយចូលកាន់តំណែង?
សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ទើបតែងតាំងថ្មី ក្នុងអាណត្តិទី៧នេះ ដែលមិនធ្លាប់មានតួនាទីពីមុនមក ត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ ក្រោយពីចូលកាន់មុខតំណែង។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ គឺស្ថាប័ននេះ ទទួលបានសំណួរមួយចំនួនពីសមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល រួមទាំងមន្ត្រីមុខងារនយោបាយផ្សេងទៀត ពាក់ព័ន្ធនឹងកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងអាណត្តិទី៧នេះ។ អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា មានការចោទជាសំណួរថា តើសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ណាខ្លះចាំបាច់ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ក្រោយពីការចូលកាន់មុខតំណែង? តើរយៈពេល ៣០ថ្ងៃយ៉ាងយូរ ក្រោយពីការចូលកាន់មុខតំណែងត្រូវចាប់ផ្ដើមពីថ្ងៃណាទៅ?
ជាមួយគ្នានេះ ក៏មានសំណួរសួរថា តើសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ណាខ្លះទៀតមិនចាំបាច់ប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងកំឡុងពេលនេះ ដោយត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបបកំណត់ ២ឆ្នាំវិញ? ហើយតើសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ រូបណាដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយរបស់ខ្លួន?

ឆ្លើយតបនឹងសំណួរទាំងនេះ អង្គភាពប្រឆាំងអំពើពុករលួយ លើកឡើងថា មាត្រា១៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានបញ្ញត្តិថា សមាជិកសភា គឺមានរយៈពេល៣០ថ្ងៃយ៉ាងយូរ ក្រោយពីពេលចូលកាន់តំណែង ត្រូវរាប់ចាប់ពីថ្ងៃប្រកាសសុពលភាព ខណៈសមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ គឺរយៈពេល ៣០ថ្ងៃយ៉ាងយូរដូចគ្នា ក្រោយពីពេលចូលកាន់តំណែង កំណត់ចាប់ពីថ្ងៃទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា សម្រាប់សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ «ចាស់» ដែលត្រូវបានជាប់ឆ្នោតជាថ្មី ឬទទួលបានការតែងតាំងជាថ្មី មិនចាំបាច់ប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅក្នុងរយៈពេល ៣០ថ្ងៃ ក្រោយការចូលកាន់មុខតំណែង នាពេលនេះទេ។ ផ្ទុយទៅវិញ សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ «ចាស់» ត្រូវរង់ចាំប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបបកំណត់ ២ឆ្នាំ ពោល គឺនៅខែមករា ឆ្នាំ២០២៤ សម្រាប់អ្នកបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០២២ ខណៈនៅខែមករា ឆ្នាំ២០២៥ សម្រាប់អ្នកបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០២៣។

ប៉ុន្តែ ចំពោះសមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ តែងតាំងថ្មី ដែលពីមុនមក មិនធ្លាប់ទទួលតួនាទីនេះ ហើយមិនធ្លាប់មានតួនាទីអ្វីផ្សេងទៀត គឺត្រូវអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ក្រោយពីចូលកាន់មុខតំណែង។
ដោយឡែក សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ អាណត្តិចាស់ ដែលមិនឈរឈ្មោះជាបេក្ខជនជាថ្មី មិនបន្តអាណត្តិថ្មី ឬលាឈប់ ឬមិនទទួលបានការតែងតាំងជាថ្មី ហើយមិនមាននៅសល់មុខងារអ្វីផ្សេងទៀត ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ក្នុងអំឡុងពេល ៣០ថ្ងៃយ៉ាងយូរក្រោយពីត្រូវបានបញ្ចប់តួនាទី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ