Connect with us

ព័ត៌មានជាតិ

ACU បញ្ចូនខ្លួនអនុប្រធានសាខាគយកោះកុង ល្បីរឿងជំរិតទារលុយជនជាតិចិន ចាប់លុះក្ស័យ ចាប់ឡានដឹកទំនិញបង់ពន្ធ គ្រឿងអេតចាយ និងបក្សពួកទៅតុលាការ

បានផុស

នៅ

សេចក្ដីការណ៍ពីមូលដ្ឋានឱ្យដឹងថា ថ្មីៗនេះ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ម៉ៅ សាន់សូនា កោះកុង ដែលល្បីខាងជំរិតទារប្រាក់ពីជនជាតិចិន ចាប់ឡានដឹកទំនិញមិនរើសមុខទោះបីមានពន្ធ ឬគ្មានពន្ធ គ្រឿងអេតចាយ គ្រឿងបរិភោគ គ្រឿងផ្ទះដែលរុះរើ ត្រូវបានចាប់ខ្លួននៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ស្រុកគិរីសាគរ។ នៅថ្ងៃទី២៥ ខែមីនា នេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ក៏បានបញ្ជាក់បន្ថែមថា  កាលថ្ងៃទី១៨ មីនា  ឆ្នាំ២០២៦ ខ្លួនបានបញ្ជូនខ្លួនអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុងរូបនេះ ទៅតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងអំពើរំលោភអំណាច និងសម្អាតប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤  ធ្វើឡើងនាថ្ងៃទី២៥ ខែមីនា​នេះ ប្រធានស្តីទី អង្គភាពប្រឆាំងអំពើពុករលួយ លោកយ៉ិនទៀង ពុទ្ធិរិទ្ធ បានរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០២៦  អ.ប.ព. បានកសាងសំណុំរឿងពាក់ព័ន្ធអំពើ រំលោភអំណាច និង សម្អាតប្រាក់ ដែលមានជនសង្ស័យ ឈ្មោះ ម៉ៅ សាន់សូនា អនុប្រធានសាខាគយ និងរដ្ឋាករ  ខេត្តកោះកុង ឈរជើងនៅចំណុចអណ្តូងទឹក ដែលល្បីល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ បន្លែ គ្រឿងផ្ទះដែលរុះរើ… ជាប់សង្ស័យក្នុងអំពើ រំលោភអំណាច និងសម្អាតប្រាក់ ទៅតុលាការ។  

រូបថត៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤  ធ្វើឡើងនាថ្ងៃទី២៥ ខែមីនា​ នេះ

បើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានកសាងសំណុំរឿងបញ្ជូនឈ្មោះ ម៉ៅ ទិត្យា បុគ្គលិកជាប់កិច្ចសន្យា នៃសាខាគយ និងរដ្ឋាករ ខេត្តកោះកុង ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់, ឈ្មោះ ពត ស្រីនាង មុខរបរមេផ្ទះ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់ និងទី៤-ឈ្មោះ ផល ដុល្លា មុខរបរ បុគ្គលិកធនាគារ ជាប់សង្ស័យពីបទ សមគំនិតក្នុងការសម្អាតប្រាក់ ដែលជាបក្សពួករបស់ឈ្មោះ ម៉ៅ សាន់សូនាទៅតុលាការដូចគ្នា។

រូបថត៖ ប្រធានស្តីទីអង្គភាពប្រឆាំងអំពើពុករលួយ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤  ធ្វើឡើងនាថ្ងៃទី២៥ ខែមីនា​ នេះ

យោងតាមសេចក្ដីរាយការណ៍ពីមូលដ្ឋានបានឱ្យដឹងថា អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង លោក ម៉ៅ  សាន់​សូនា ល្បីល្បាញខាងជម្រិតទារប្រាក់ពីជនជាតិចិនជាច្រើនករណី  ទារប្រាក់ពីអ្នកដឹកទំនិញ អ្នកដឹកគ្រឿងសមុទ្រ  និងល្បីខាងចាប់ដោយមិនលើកលែងឡើយសូម្បីតែអ្នកដឹកអេតចាយ។  

ក្រុមអ្នកបើកឡានដឹកទំនិញក្នុងស្រុកដែលបានឆ្លងកាត់ផ្លូវជាតិលេខ៤៨ ភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង  បានប្រាប់អ្នកយកព័ត៌មាន ថា នៅដែលបុគ្គល ម៉ៅ សាន់សូនា ឃាត់រថយន្តដឹកអេតចាយ ត្រីសាច់ បន្លែផ្លែឈើ ត្រួតពិនិត្យម្តងៗ អនុប្រធានគយ និងរដ្ឋាកររូបនេះបានជំរិតទាររាប់ពាន់ដុល្លារ ប៉ុន្តែក្រោយមកសម្រួលមកត្រឹម៤០ម៉ឺនរៀល  ដោយប្រើពាក្យថា«យល់យោគ» ទើបឱ្យរថយន្តដឹកទំនិញអាចបន្តដំណើរទៅមុខបាន។ ចំណែកពលរដ្ឋដឹកសម្ភារ:រុះរើផ្ទះផ្លាស់ទីលំនៅ ក៏ត្រូវលោក ម៉ៅ សាន់សូនា មិនលើកលែងឱ្យឡើយ ដោយជំរិតទារឱ្យបង់លុយក្រៅច្បាប់ចំនួន១៥ម៉ឺនរៀលក្នុង១រថយន្ត ក្រោមហេតុផលត្រូវបង់ថ្លៃបាយទឹក និងបានជម្រិតទារប្រាក់រាប់សែនរៀលពីអ្នកប្រកបរបរដឹកគ្រឿងសមុទ្រជាច្រើនលើកមកហើយ។

គួរកត់សម្គាល់ថា សារព័ត៌មានក្នុងស្រុកបានចេញផ្សាយកាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥ ថា អនុប្រធានគយ និងរដ្ឋាករខេត្តកោះកុង ម៉ៅ សាន់សូនា បានប្រព្រឹត្តទង្វើដូចដែលក្រុមអ្នកបើករថយន្តដឹកទំនិញរៀបរាប់ខាងលើ និងបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខរដ្ឋ និងស៊ីវិលប្រដេញចាប់រថយន្ត ប្រើប្រាស់សម្ដីអសុរោះ សម្លុតពលរដ្ឋជាដើម៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម