ព័ត៌មានជាតិ
ក្រសួងអប់រំ រៀបចំកំណត់ទិសដៅជាអាទិភាព អភិវឌ្ឍសមត្ថភាពធនធានមនុស្ស
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុង សន្និបាតប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដើម្បី កំណត់ទិសដៅជាអាទិភាព ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សន្និបាតបូកសរុបការងារឆ្នាំ ២០២៣ នេះ នឹងផ្តល់ឱកាសបន្ថែមទៀត ដើម្បីបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា តាមរយៈការឆ្លុះបញ្ចាំងពីសមិទ្ធកម្ម នៃការវិនិយោគ ដែលយើងបានខិតខំប្រឹងប្រែងនាពេលកន្លងមក ក៏ដូចជា ដើម្បីដកស្រង់នូវឧត្តមានុវត្តន៍សម្រាប់ជាមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតនូវកាលានុវត្តភាពថ្មីៗ ជាពិសេសកំណត់ទិសដៅជាអាទិភាព ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ឱ្យស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ និងបរិវត្តកម្មអប់រំឌីជីថល។

ថ្លែងក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងខិតខំធ្វើកំណែទម្រង់ការអប់រំនៅកម្រិតសាលារៀន ដើម្បីឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងឆ្លើយតបនឹងវិធានការគន្លឹះ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ១. អភិបាលកិច្ចសាលារៀន ២. សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ ៣. សុខភាពសិក្សា និង៤. ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបញ្ញាសិប្បនិម្មិត (AI) ដែលជាបច្ចេកវិទ្យាមួយអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃ មានសមត្ថភាពរៀនគិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។ បច្ចុប្បន្ននេះ AI ត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជា វិស័យអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ យើងសង្កេតឃើញថា កាលពីមុនអ្នកចេះដឹង គឺជាអ្នកដែលដឹងរឿងច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នយុវជនត្រូវមានចំណេះដឹង និងសមត្ថភាពក្នុងការវិនិច្ឆ័យ និងដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងឆាប់រហ័សដោយប្រើប្រាស់បច្ចេកវិទ្យា។

ឆ្លៀតក្នុងឱកាសនេះផងដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានកោតសរសើរ និងលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកទាំងអស់ បន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែសកម្មថែមទៀត តាមរយៈការបង្កើនការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន ដើម្បីកសាងប្រព័ន្ធអប់រំមួយដែលមានសមធម៌ គុណភាព ភាពធន់ ភាពឆ្លើយតប ទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តំបន់ និងសកលលោក។

គួរបញ្ជាក់ថា សន្និបាត មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា។ ក្នុងឱកាសនោះ ក៏មានការប្រគល់ជូននូវបណ្ណសរសើរ គ្រូឆ្នើមប្រចាំ ឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស