Connect with us

ព័ត៌មានជាតិ

គោល​នយោបាយ​ថ្មី​ជំរុញ​សិស្ស​ដែល​ធ្លាក់​ទី​៩​ចូលរៀន​ថ្នាក់​បច្ចេកទេស​ជាជាង​បោះបង់​ចោល​ការ​សិក្សា

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​សិក្សា​២០២៥-២០២៦​នេះ​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ឱ្យ​មាន​គន្លង​សិក្សា​វិជ្ជាជីវៈ​នៅ​សាលា​រៀន​រដ្ឋ​ដែល​អនុញ្ញាត​ដល់​សិស្ស​ចាប់​ពី​ថ្នាក់​ទី​៩​ឡើង​អាច​ជ្រើសរើស​ចូលរៀន។ ជាង​នេះ​ទៅ​ទៀត​ប្រសិន​ជា​សិស្ស​ធ្លាក់​ការ​ប្រឡង​បឋម​សិក្សា​ទុតិយភូមិ​នោះ​គឺ​នឹង​ត្រូវ​លើក​ទឹក​ចិត្ត​ចូល​រៀន​គន្លង​សិក្សា​នេះ​តែ​ម្ដង​ ដើម្បី​ទប់​ស្កាត់​ការ​បោះបង់​ចោល​ការ​សិក្សា​របស់​សិស្ស​ក៏​ដូច​ជា​បង្កើត​ជំនាញ​បច្ចេកទេស​ដល់​ពួកគេ​ងាយ​ស្រួល​ស្វែង​រក​ការ​ងារ​ក្នុង​ជីវិត​របស់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ ពី​សាល​ពិព័ណ៌​កោះ​ពេជ្រ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា គំរូ​នេះ​បាន​ធ្វើ​រួច​ហើយ​នៅ​តាម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​ជា​ការ​ជួយ​តម្រង់​ទិស​ដល់​សិស្ស​ដែល​ចាប់​អារម្មណ៍​ផ្នែក​ការ​ងារ​បច្ចេកទេស​រាប់​ចាប់​ពី​កសិកម្ម សេវាកម្ម រហូត​ដល់​ឧស្សាហកម្ម​។

សម្ដេច​ថា​៖ «​នេះ​គឺ​ជា​កិច្ច​ការ​សំខាន់​! យើង​មិន​ចង់​ឱ្យ​យុវជន​របស់​យើង​ត្រូវ​បោះបង់​ចោល​ការ​សិក្សា​ហើយ​គ្មាន​ជម្រើស​នោះ​ទេ​​»

សម្ដេច​ធិបតី​បាន​បញ្ជាក់​ថា​ មិន​ត្រូវ​មើល​ស្រាល​លើ​ជំនាញ​ TVET ព្រោះ​​គ្មាន​កន្លែង​ណា​​ដែល​មិន​ត្រូវ​ការ​អ្នក​បច្ចេកទេស​ទាំង​នេះ​ឡើយ​ រាប់​ចាប់​តាំង​ពី​ការ​សាងសង់ គ្រឿង​ម៉ាស៊ីន អេឡិចត្រូនិក អគ្គិសនី និង​បរិក្ខាត្រជាក់​​​។ វា​ជា​ជំនាញ​ដែល​ស្មើ​មុខ​មាត់​នឹង​ជំនាញ​ផ្សេង​ទៀត​។


សម្ដេច​ក៏​ជំរុញ​ដល់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ធ្វើ​យ៉ាងណា​បង្កើន​គុណភាព​នៃ​ការ​អប់រំ​លើ​បច្ចេកទេស​នេះ​ឱ្យ​មាន​គុណភាព​ដែល​ចេញ​ពី​រៀន​ត្រូវ​ប្រាកដ​ថា​ធ្វើ​ការងារ​បាន​។

អគ្គនាយក​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​លោក ហ៊ឹង ស៊ីដេត ធ្លាប់​បាន​លើក​ឡើង​កាល​ពី​សប្ដាហ៍​មុន​ថា ការ​សិក្សា​លើ​គន្លង​វិជ្ជាជីវៈ​គឺ​បាន​ផ្ដល់​ប្រយោជន៍​ដល់​សិស្ស​ទាំង​ការ​សិក្សា និង​ជំនាញ​បច្ចេកទេស​ដែល​ធ្វើ​ឱ្យ​សិស្ស​មាន​ជំនាញ​សម្រាប់​ខ្លួន​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​។ លោក​ថា​ការ​សិក្សា​ TVET គឺ​ឆាប់​បាន​ការងារ​ធ្វើ​ដោយ​ប្រៀប​ធៀប​ថា​គឺ​ជា​សញ្ញា​ឃើញ​ដែល​ឃើញ​ភ្លាម​ៗ​តាម​រយៈ​ការ​សិក្សា​របស់​សិស្ស​។


គួរ​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ដាក់​អនុវត្ត​សាក​ល្បង​​គន្លង​វិជ្ជាជីវៈ​​ថ្មី​នេះ​នៅ​តាម​វិទ្យាល័យ​ចំនួន​៤៩​សាលា​រួច​ហើយ​លើ​ជំនាញ​គណនេយ្យ និង​ព័ត៌មាន​វិទ្យា​ ហើយ​ឆ្នាំ​២០២៧ ក្រសួង​អប់រំ​ និង​ក្រសួង​ការងារ​កំពុង​សិក្សា​ដាក់​អនុវត្ត​ការ​សិក្សា​ជំនាញ​បច្ចេកទេស​នៅ​វិទ្យាល័យ​ចំនួន​៥​បន្ថែម​ទៀត​ដែល​មាន​ទី​តាំង​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​កណ្ដាល ស្វាយរៀង ពោធិសាត់ និង​កំពង់​ស្ពឺ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម