ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគខាងត្បូងហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងទ័ពអ៊ីស្រាអែលបានរឹបអូសទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដើម្បីបើកច្រកចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមគ្រួសាររបស់ទាហានដែលត្រូវបានចាប់ធ្វើជាឈ្លើយសឹក, លោក Netanyahu បានលើកឡើងថា លោកកំពុងដុតដៃដុតជើងចូលរួមដោយផ្ទាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងឈ្លើយសឹកទាំងអស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ហើយដំណើរការទាំងប៉ុន្មានកំពុងវិលដូចទ្រនិចនាឡិកាអ៊ីចឹង ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា “មានតែការបន្តដាក់សម្ពាធផ្នែកយោធាដ៏មានឥទ្ធិពលប៉ុណ្ណោះ ទើបអាចនាំយកឈ្លើយសឹករបស់យើងទាំងអស់មកវិញ ហើយវានឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ ។ លើសពីនេះ យើងបានរឹបអូសទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ក្រុមហាម៉ាសជាច្រើនមកហើយ ដូច្នេះនេះគឺជាគន្លឹះមួយទៀតសម្រាប់ការដោះលែងកូនប្រុសកូនស្រីរបស់យើង ជាពិសេសយើងបានគ្រប់គ្រងទីក្រុង Khan Yunis និងភាគខាងជើង ហើយក៏កំពុងរៀបចំរុលចូលទៅក្នុងទីក្រុង Rafah ផងដែរ” ។

យុទ្ធសាស្ត្ររបស់លោក Netanyahu កើតមានឡើង បន្ទាប់ពីកិច្ចចរចាដោះដូរឈ្លើយសឹកកាលពីដើមសប្ដាហ៍នេះតាមរយៈអ្នកសម្របសម្រួលនៅប្រទេសកាតា នៅតែងងឹតសូន្យសុង ពោលភាគីទាំងពីរមិនអាចឈានដល់ការកិច្ចសម្របសម្រួលណាមួយលើលក្ខខណ្ឌនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនោះឡើយ ។
គួររំឭកឡើងវិញថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកប្រតិបត្តិការបាញ់បោះចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងព្រឹត្តិការណ៍ដ៏សាហាវយង់ឃ្នងនោះបានសម្លាប់ពលរដ្ឋអ៊ីស្រាអែល មានទាំងយោធា និងជនស៊ីវិលប្រមាណ ១,១០០ នាក់ ហើយថែមទាំងចាប់មនុស្សប្រហែល ២៤០ នាក់ផ្សេងទៀតធ្វើជាឈ្លើយសឹកផងដែរ ។
មិនបង្អង់យូរឡើយ អ៊ីស្រាអែលបានដកកាណុងកាំភ្លើងបើកការវាយប្រហារខ្នាតយក្សមួយមកលើតំបន់ហ្គាហ្សាវិញជាមួយនឹងផ្ទាំងស៊ីបកម្ចាត់ក្រុមហាម៉ាសឲ្យអស់គ្មានសល់ និងជួយរំដោះឈ្លើយសឹក ។ ពាក់ព័ន្ធនឹងការវាយសន្ធាប់មកដកដៃនេះទៀតសោត យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៣២,០០០ នាក់ត្រូវបានសម្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងជាង ៧៤,០០០ នាក់បានរងរបួស ។

ដោយមើលឃើញពីភាពសាហាវឃោរឃៅនេះ ពោលនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កាតាបានសម្រុះសម្រួលកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសលើបទឈប់បាញ់បណ្ដោះអាសន្ន ក៏ដូចជាការដោះដូរជនជាតិប៉ាឡេស្ទីនមួយចំនួនដែលត្រូវអ៊ីស្រាអែលចាប់វាយខ្នោះ ជាថ្នូរនឹងចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់យកទៅ រួមទាំងការផ្ដល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ដែលត្រូវបានឡោមព័ទ្ធដោយចង្កូមខ្លាផងដែរ ។
បន្ទាប់ពីមានកិច្ចសម្របសម្រួលទាំងនោះមក បទឈប់បាញ់ក៏បានលេចចេញជារូបរាងជាបន្តកន្ទុយគ្នា ប៉ុន្តែត្រូវអស់សុពលភាពនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រេចបានការដោះលែងឈ្លើយសឹកប្រមាណ ១២៣ នាក់តែប៉ុណ្ណោះ ខណៈរហូតមកដល់ពេលនេះ ចំណាប់ខ្មាំងជាង ១០០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល ខឹងចិត្ត ក្រោយអាមេរិក មិនវេតូ លើសេចក្តីសម្រេច UN
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


