ព័ត៌មានអន្ដរជាតិ
អង់គ្លេស បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន វាយប្រហារក្នុងទឹកដីរុស្ស៊ី
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង កៀវ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Lord Cameron បញ្ជាក់ថា វាអាស្រ័យលើអ៊ុយក្រែនថា ចង់ប្រើប្រាស់អាវុធរបស់អង់គ្លេសតាមរបៀបណាក៏បាន ហើយជាពិសេសអ៊ុយក្រែន មានសិទ្ធិវាយប្រហារគោលដៅលើទឹកដីរុស្ស៊ីបានទៀតផង។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ទី៤ខែឧសភា, លោក Cameron អះអាងថា “ដូចរុស្ស៊ីកំពុងវាយប្រហារអ៊ុយក្រែនដែរ អ្នកអាចយល់ច្បាស់ថាហេតុអ្វីបានជាអ៊ុយក្រែនចាំបាច់ត្រូវការពារខ្លួននិងវាយបកទៅវិញ”។
ត្បិតតែពីមុន អង់គ្លេស តែងតែជំទាស់អ៊ុយក្រែន ក្នុងការប្រើប្រាស់សព្វាវុធរបស់ខ្លួន បាញ់ចូលទឹកដីរុស្ស៊ីក៏ពិតមែន ប៉ុន្តែការអះអាងលើកនេះ ហាក់ផ្ទុយពីលើកមុន។ ក្រុមអ្នកជំនាញផ្នែកនយោបាយមួយចំនួន បានលើកឡើងថា ការបើកដៃបែបនេះ គឺទំនងជាដោយសារតែ អង់គ្លេសមើលឃើញពីប្រសិទ្ធភាពដែលអាវុធរបស់ខ្លួន ត្រូវបានប្រើវាយប្រហារលើទឹកដីរុស្ស៊ីដូចជានៅតំបន់គ្រីមៀ រួមទាំងលើកងនាវាចរណ៍សមុទ្រខ្មៅផងដែរ។

ពាក់ព័ន្ធការលើកឡើងនេះ រុស្ស៊ីបានចេញមុខថ្កោលទោសភ្លាមៗ ហើយចាត់ទុកវាជាសេចក្តីថ្លែងការណ៍ដ៏គ្រោះថ្នាក់ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ព្រមានថា “ពាក្យសម្តីបែបនេះ ជាការជំរុញដោយផ្ទាល់ ឲ្យភាពតានតឹងជុំវិញជម្លោះអ៊ុយក្រែន ឈានដល់កម្រិតថ្មី ដែលនឹងអាចគំរាមកំហែងដល់សន្តិសុខអឺរ៉ុបថែមទៀតផង”។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova លើកឡើងថា សម្តីរបស់លោក Cameron គឺស្មើនឹងការទទួលស្គាល់ថា លោកខាងលិចពិតជាជាប់ពាក់ព័ន្ធនៅក្នុង សង្រ្គាមកូនកាត់ ប្រឆាំងទីក្រុងមូស្គូមែន។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Cameron ក៏បានពាំនាំពាក្យសន្យារបស់ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ដែលធានាផ្តល់ជំនួយទឹកប្រាក់ ៣.៧៦ពាន់លានដុល្លារដល់អ៊ុយក្រែនជារៀងរាល់ឆ្នាំ ដ៏រាបណាខ្លួននៅតែត្រូវការផងដែរ។
ចាប់តាំងពីរុស្ស៊ីបើកការលុកលុយពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធារាប់លានដុល្លារឲ្យអ៊ុយក្រែនរួចទៅហើយ រួមបញ្ចូលទាំងរថក្រោះ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសជាដើម ហើយឆ្នាំមុន អង់គ្លេសបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលបាញ់បានជាង២៥០គីឡូម៉ែត្រទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ហ្សេលេនស្គី៖ ដើម្បីចូលណាតូបាន អ៊ុយក្រែន មានផ្លូវតែមួយគត់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


