ព័ត៌មានអន្ដរជាតិ
ការផ្ទុះឡើងវិញ នៃសង្គ្រាម២ ផ្ទួនគ្នា ធ្វើឲ្យពិភពលោក រឹតតែមានហានិភ័យ
ការផ្ទុះឡើងវិញ នៃសង្គ្រាមធំទាំងពីរ គឺ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន រួមជាមួយ សង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអាមេរិកនិងអ៊ីរ៉ង់ កំពុងតែរុញច្រានពិភពលោក ឲ្យស្ថិតក្នុង ហានិភ័យភូមិសាស្ត្រនយោបាយ និងសន្តិសុខសកល គួរឲ្យបារម្ភបំផុត មិនធ្លាប់មានសោះ បើគិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក។

កាលសង្គ្រាមទាំងពីរ ផ្ទុះឡើងដំបូង, សុទ្ធតែមានការគំរាមបាញ់នុយក្លេអ៊ែរ ដែលនាំឲ្យពិភពលោក កើតក្តីបារម្ភបំផុត ហើយរុញសេដ្ឋកិច្ចសកល ឲ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ ជាពិសេសតម្លៃប្រេង ហក់ឡើងខ្ពស់ តែម្តង។
ក្រោយមក ហាក់មានភាពធូរស្រាលបន្តិច ពេលសង្គ្រាមទាំងពីរ ឈានដល់ការមានបទឈប់បាញ់ ប៉ុន្តែឥឡូវការកម្រើកឡើងវិញ ធ្វើឲ្យពិភពលោកខិតជិត ហានិភ័យដ៏គ្រោះថ្នាក់ សាជាថ្មី។
ប៉ុន្មានថ្ងៃចុងក្រោយ រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៊ុយក្រែន ដោយប្រើមីស៊ីលរាប់រយគ្រាប់ និងដ្រូនរាប់រយគ្រឿង ចំណែកអ៊ីរ៉ង់ និងអាមេរិក ក៏បាញ់តដៃគ្នាវិញដែរ ជាពិសេសអ៊ីរ៉ង់ ថែមទាំងវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ របស់ប្រទេសគុយវ៉ែត ទៀតផង។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសង្គ្រាម, ការកម្រើកឡើងវិញនេះ កំពុងរុញច្រានពិភពលោក ឲ្យខិតជិតទៅរកគ្រោះថ្នាក់ដ៏ធំធេង តាមរយៈវិបត្តិសេដ្ឋកិច្ច ការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការគំរាមកំហែងដល់សន្តិសុខ អន្តរជាតិ។
ការវាយប្រហារនៅមជ្ឈិមបូព៌ា រុញតម្លៃប្រេងឲ្យហក់ឡើងរឹតខ្ពស់ ខណៈការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើ ដេប៉ូស្តុកប្រេងនៅទីក្រុង St. Petersburg បង្កផលប៉ះពាល់ ដល់សមត្ថភាពនាំចេញប្រេងរបស់រុស្ស៊ី ដែលធ្វើឲ្យទីផ្សារថាមពលសកល កាន់តែវឹកវរ និងមិនច្បាស់លាស់។
បន្ថែមពីលើនេះ ការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែត ដែលជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់មួយ នៅមជ្ឈិមបូព៌ា បានបង្ខំឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ផ្លាស់ប្តូរទិសដៅហោះហើរ នាំឲ្យខាតពេល និងបង្កើនថ្លៃដើមដឹកជញ្ជូន។

ចំណុចមួយ ត្រូវបារម្ភខ្លាំង គឺ ការដែលអ៊ីរ៉ង់ វាយប្រហារលើគុយវ៉ែត ដែលជាសម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់របស់អាមេរិក និងការបាញ់តដៃគ្នាជាមួយអាមេរិក អាចទាញប្រទេសជិតខាងផ្សេងទៀត ឲ្យចូលក្នុងសង្គ្រាមទ្រង់ទ្រាយធំ។
ងាកទៅរុស្ស៊ី, ការវាយប្រហារដ៏ខ្លាំងក្លារបស់ទីក្រុង មូស្គូ លើអ៊ុយក្រែន បង្ខំឲ្យប្រទេសលោកខាងលិច និងអង្គការណាតូ ត្រូវបង្កើនការផ្គត់ផ្គង់អាវុធទំនើបៗ ឲ្យអ៊ុយក្រែន អាចឈានទៅរកការប៉ះទង្គិចដោយផ្ទាល់ រវាងមហាអំណាចនុយក្លេអ៊ែរ។
ម្យ៉ាងវិញទៀត ការបរាជ័យនៃបទឈប់បាញ់ទាំងពីរ បង្ហាញថា ស្ថាប័នអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ គ្មានលទ្ធភាពគ្រប់គ្រងជម្លោះ ធ្វើឲ្យពិភពលោក បាត់បង់សណ្តាប់ធ្នាប់ និងស្ថិរភាពយូរអង្វែង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


