Connect with us

ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះ សម្ដេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត

បានផុស

នៅ

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្នុងខេត្តកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពង់ផែពហុបំណងកំពតនេះ មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង​សង្កាត់​បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​បង្កើតឡើង​អំឡុង​ឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាត ឱ្យអភិវឌ្ឍសាង​សង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំសរុប២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។

តាមរបាយការណ៍របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា ដែលមាន​បង្គោលចងពួរសម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការ ពារ​ការប៉ះទង្គិច​នាវា ការសាងសង់ទីលានកុងតឺន័រ ឃ្លាំងស្តុក​ទំនិញ​​ អគារត្រួតពិនិត្យទំនិញ ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំង​ប៉ុស្តិ៍យាម​ហ៊ុមព័ទ្ធ​ដោយ​របងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋ​បាល​កម្ពស់៣ជាន់ សម្រាប់ជាការិយាល័យបំពេញ​ការ​ងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករកម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោ​ប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀមនូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការចូល-ចេញតាមផ្លូវទឹកផងដែរ។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១នេះ បានចំណាយថវិកាសាងសង់​សរុប​ប្រមាណ ១៤០ លាន​ដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុម​ហ៊ុន​កំពតផត។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងថា កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់​សម្រាប់​ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុ​ញ​សេដ្ឋ​កិច្ច​កម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែម​ទៀត​របស់កម្ពុជាដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

បន្ថែមពីនេះ ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណង​កំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់​ប្តូរ​នាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់​សហរដ្ឋ​អា​មេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម