Connect with us

ព័ត៌មានជាតិ

ប្រេងឡើងថ្លៃ! សម្ដេចធិបតីដំឡើងភាគលាភដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីបង្កើនចំណូល និងសម្រាលបន្ទុក

បានផុស

នៅ

ក្រោយពីត្រឡប់មកពីប្រជុំនៅប្រទេសរុស្សី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។ ឆ្លៀតក្នុងឱកាសនោះ សម្ដេច បានជជែកជាមួយតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយស្ដាប់អំពីស្ថានភាពជីវភាពរស់ និងសំណូមពរ ពិសេសពាក់ព័ន្ធការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។ ដោយដឹងអំពីការលំបាកសម្ដេច សម្រេចដំឡើងភាគលាភដល់សហគមន៍ ដើម្បីបង្កើនចំណូល និងសម្រាលបន្ទុក។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃអាទិត្យដូច្នេះ៖«ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឱ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ »។



ជុំវិញការលំបាក និងសំណូមពររបស់តំណាងសហគមន៍ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកបញ្ហានេះ ពិភាក្សា អគ្គនាយកនៃគ្រឹះស្ថានអង្គរ និងសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។



ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ។

តំបន់ទេសចរណ៍ចុងឃ្នៀស ជាច្រកទស្សនាបឹងទន្លេសាបមួយ ​ក្នុងចំណោមច្រកទាំង ៤ (មាន​សហគមន៍ទេសចរណ៍ចុងឃ្នៀស សហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បឹងពារាំង និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង)​ នៅក្នុង​ខេត្ត​សៀមរាប ដើម្បី​អាច​ទស្សនា​សត្វស្លាប មច្ឆាជាតិ ព្រៃលិចទឹក ផ្ទះបណ្ដែតទឹក ព្រមទាំងទេសភាពបរិស្ថាន​នា​បឹងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។ តំបន់ទេសចរណ៍ចុងឃ្នៀស មានទីតាំងស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយ​អាច​ធ្វើដំណើរចេញពីក្រុងសៀមរាបទៅទិសខាងត្បូងប្រមាណ ២០ គីឡូម៉ែត្រ ពោលគឺតាមបណ្ដោយ​ដងស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម​​៕

ដោយ៖ ង៉ិល ណារ៉ាត់  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម