ព័ត៌មានជាតិ
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានបង្ហាញពីប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ (GDP Per Capita) នៅរាជធានីខេត្តទាំង ២៥។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ខេត្តព្រះសីហនុឈរនៅលំដាប់លើគេ ដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់មានរហូតដល់ទៅ ៤ ៦០២ ដុល្លារ។
ដោយឡែកខេត្តភាគឦសានមណ្ឌលគិរីវិញ ក៏ស្ថិតនៅក្នុងចំណោមខេត្តដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋឈរនៅលំដាប់ខ្ពស់មួយក្នុងចំណោមរាជធានីខេត្តក្រុងទាំង ២៥។
បើយោងតាមរបាយការណ៍ពីវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ នៅឆ្នាំ ២០២២ ចំណូលសម្រាប់ពលរដ្ឋក្នុងខេត្តមណ្ឌលគិរីម្នាក់មានរហូតដល់ទៅ ២ ១២៣ ដុល្លារ ឈរនៅលំដាប់ទី ៤ តាមពីក្រោយខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តកណ្តាល។

ខេត្តមណ្ឌលគិរីជាខេត្តមានសក្តានុពលផ្នែកកសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍។
ទាក់ទងចំណូលពលរដ្ឋក្នុងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង អភិបាលរងនិងជាមន្រ្តីអ្នកនាំពាក្យខេត្តមណ្ឌលគិរីបានបញ្ជាក់ដល់កម្ពុជាថ្មីថា ដោយសារការស្ទុះឡើងចំណូលដុលក្នុងស្រុក រួមទាំងការវិនិយោគលើវិស័យធនធានរ៉ែក្នុងខេត្ត ទើបធ្វើឲ្យប្រាក់ចំណូលពលរដ្ឋក្នុងខេត្តមណ្ឌលគិរីមានការកើនឡើងខ្ពស់។
ខេត្តមណ្ឌលគិរីមានសក្តានុពលជាច្រើនសម្រាប់ការវិនិយោគ ហើយកន្លងទៅនេះក្រុមហ៊ុនរ៉ឺណេសង់របស់អូស្រ្តាលីបានវិនិយោគអាជីវកម្មចម្រាញ់រ៉ែមាសនៅក្នុងខេត្តដែលស្តុកស្តមដោយសម្បត្តិភោគទ្រព្យធនធានធម្មជាតិមួយនេះ។
ខណៈដែលពលរដ្ឋក្នុងខេត្តមានចំនួនតិចផងនោះ លោក ជាក់ ម៉េងហ៊ាង បានបន្ថែមថា ខេត្តមណ្ឌលគិរីមានផ្ទៃដីធំទូលាយជាមួយធនធានធម្មជាតិដ៏សំបូរបែប ដែលអាចទាក់ទាញការវិនិយោគផ្សេងៗទ្រង់ទ្រង់ដល់កំណើនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។
បើតាមលោក ជាក់ ម៉េងហ៊ាង ក្រៅពីឧស្សាហកម្មរ៉ែ ខេត្តមណ្ឌលគិរីមានសក្តានុពលលើវិស័យកសិកម្ម ឧស្សាហកម្ម រួមទាំងទេសចរណ៍ដែលជាប្រភពចំណូលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
ស្ថិតនៅភូមិភាគឦសានមានចម្ងាយ ៣៨២ គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរីមានភូមិសាស្រ្តគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប សំបូរដោយជ្រោះជ្រងជ្រលងដងអូរគិរីបុព្វតាជាច្រើន។ ប្រជាពលរដ្ឋមានមុខរបរចម្បងគឺធ្វើកសិកម្មមានរហូតដល់ ៨២% សិប្បកម្មមាន ១% និងសេវាកម្ម ១៧%។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត។
ពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរីបច្ចុប្បន្នមានជិត ១០ ម៉ឺននាក់ស្មើ ២៣ ៥៤០ គ្រួសារ ខណៈប្រជាពលរដ្ឋជាជនជាតិដើមភាគតិចមានជាង ៥៥% នៃប្រជាជនសរុប៕
បន្តចុចអាន៖ មកដឹងប្រាក់ចំណូលពលរដ្ឋម្នាក់ៗ (GDP Per Capita) តាមបណ្តារាជធានីខេត្តទាំង ២៥
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៨ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៨ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


