ព័ត៌មានជាតិ
ក្រពើភ្នំ១០ក្បាលបំពាក់បន្ទះឈីបតាមដានការផ្លាស់ទី ត្រូវបានលែងចូលទន្លេស្រែពក, អ្នកជំនាញថា សត្វនេះមិនវាយប្រហារមនុស្សមុនឡើយ បើមិនយាយីវាមុន
ក្រពើភ្នំពូជសុទ្ធ១០ ក្បាល ប្រភេទដែលជាកម្របំផុតមួយលើពិភពលោក ជិតផុតពូជ ក្នុងនោះ៩ក្បាលជាក្រពើញី និង១ក្បាលទៀតឈ្មោល ដែលបានបំពាក់ឈីប ដើម្បីតាមដានពីការបម្លាស់ទី ការរស់រានមានជីវិត ត្រូវបានលែងចូលក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងភូមិសាស្ត្រកោះញ៉ែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរបស់ អង្គការ WWF-កម្ពុជា ជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគីរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍។
អ្នកជំនាញបានអះអាងថា សត្វក្រពើភ្នំដែលលែងនាពេលនេះ មិនងាយគំរាមកំហែង មិនវាយប្រហារមកលើប្រជាពលរដ្ឋឡើយ ប្រសិនបើមនុស្សមិនយាយី មិនបំផ្លិចបំផ្លាញជម្រក ឬប៉ះពាល់ពួកវា។

ការលែងក្រពើភ្នំនាពេលនេះ កើតឡើងបន្ទាប់ពីដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
អភិបាលរងខេត្តមណ្ឌលគិរី ចាត់ទុកការលែងក្រពើភ្នំទៅក្នុងដែនទន្លេស្រែពក នឹងជួយពង្រឹងធនធានទឹក អេកូឡូស៊ី ហើយនឹងជួយដល់សហគមន៍ និងបង្កើតឱកាសថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍រួម។
នាយកអង្គការWWF កម្ពុជា លោក ឌី ប៉ាំងកា អះអាងថា ការលែងក្រពើភ្នំចូលទៅក្នុងជម្រកធម្មជាតិ
ឡើងវិញនេះ បង្ហាញពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ ក្នុងការស្ដារក្រពើភ្នំដែលជាប្រភេទសត្វតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា។ តាមរយៈការបង្កើនចំនួនសត្វក្រពើភ្នំញីឈ្មោល ដែលអាចបន្តពូជត្រឡប់មកកាន់ទន្លេស្រែពក ដែលមិនត្រឹមតែជួយធានាការរស់រានមានជីវិតរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវចម្រុះ និងសហគមន៍ ដែលពឹងផ្អែកលើធនធានធម្មជាតិ។
នាយកប្រចាំប្រទេស នៃអង្គការ Fauna & Flora International FFI ចាត់ទុកការលែងក្រពើភ្នំនាពេលនេះ ឆ្លុះបញ្ចាំងពីកិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការវិនិយោគលើការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្ដារប្រភេទសត្វល្មូនដែលរងការគំរាមកំហែងខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ការលែងក្រពើចូលទន្លេស្រែពក គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើនចំនួនក្រពើភ្នំឱ្យមានវត្តមានកាន់តែច្រើនឡើងវិញបន្ថែមទៀត។
WWF កម្ពុជា អះអាងថា ការលែងក្រពើភ្នំនាពេលនេះ បង្ហាញពី កើតចេញពីលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រអំពីចំនួនសត្វព្រៃ ការវាយតម្លៃអំពីទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំ។ កាលពីឆ្នាំ២០២១ ក្រុមស្រាវជ្រាវរបស់អង្គការWWF កម្ពុជា បានកត់ត្រាតាមរយៈការថតរូបជាលើកដំបូង នៃក្រពើភ្នំដែលញាស់ក្នុងទន្លេស្រែពក ដែលនេះបញ្ជាក់ថា ក្រពើភ្នំនៅតែបន្តបង្កាត់ពូជដោយជោកជ័យនៅក្នុងទីជម្រកធម្មជាតិ និងបង្ហាញពីសារៈសំខាន់របស់ទន្លេស្រែពកនេះ ថាជាតំបន់អាទិភាពសម្រាប់ការស្ដារក្រពើភ្នំឡើងវិញ។
អ្នកនាំក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា គូសបញ្ជាក់ថា ការលែងក្រពើភ្នំនាពេលនេះ គឺជាការនាំយកក្រពើភ្នំមកកាន់ផ្ទះចាស់របស់វា ដែលធ្លាប់រស់នៅពីមុន បង្កើនអេកូឡូស៊ីនៅក្នុងតំបន់ និងជាពិសេសនៅកម្ពុជា។
គួរគូសបញ្ជាក់ថា សត្វក្រពើភ្នំ (Crocodylus siamensis) គឺជាប្រភេទក្រពើដែលកម្របំផុតមួយនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមរបស់អង្គការIUCN។ នៅលើពិភពលោក មានវត្តមានក្រពើភ្នំប្រមាណ១ពាន់ក្បាល ក្នុងនោះ ប្រទេសកម្ពុជា មានវត្តមានក្រពើភ្នំច្រើនជាងគេបង្អស់គឺប្រមាណ៤០០ក្បាល។
អង្គការ WWF-កម្ពុជា អះអាងថា ការលែងសត្វក្រពើភ្នំ និងសត្វនីមួយៗចូលទៅទីជម្រកធម្មជាតិដោយជោគជ័យ គឺជាជំហានមួយឆ្ពោះទៅរកការស្តារធម្មជាតិឡើងវិញសម្រាប់បច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


