សន្តិសុខសង្គម
មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ
ក្រុមការងារបច្ចេកទេសជំនាញនៃមន្ទីរសាធារណៈការរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវបេតុងជាប់មាត់ប្រឡាយស្ទឹងមានជ័យ ដែលបានបាក់ស្រុត ធ្វើយ៉ាងណាឲ្យលឿនរហ័ស និងរឹងមាំជាងមុនជូនពលរដ្ឋ។

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកផែនសាធារណការ រួមជាមួយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបន្តការចុះពិនិត្យស្ថានភាពកន្លែងមានការបាក់ស្រុត និងការបន្តជួសជុលពីសំណាក់ក្រុមជំនាញ។
មន្រ្តីជំនាញបានលើកឡើងថា តាមការប៉ាន់ស្មានជាបឋម ផ្លូវដែលខូចខាតនេះអាចនឹងប្រើប្រាស់ពេល២ ទៅ៣ខែ ក្នុងការជួសជុលឡើងវិញ តែនេះគ្រាន់ជាការវាយតម្លៃបឋមដោយមិនអាចកំណត់ភាពច្បាស់ការបាននោះឡើយ។ ផ្អែកតាមស្ថានភាពជាក់ស្តែង បច្ចុប្បន្នក្រុមការងារជំនាញបានកំពុងវាយកម្ទេចបេតុងចាស់ដែលបានបាក់ស្រុតចោលសិន រួចនឹងធ្វើការចាក់បំពេញដីខ្សាច់ និងអាចម៍ដីចូលថ្មីបន្ថែម។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បញ្ជាក់ថា ទីតាំងដដែលនេះ ធ្លាប់កើតមានការបាក់២លើកមកហើយ តែមិនធ្ងន់ធ្ងរនោះឡើយ ដោយមានការប្រេះបេតុងផ្អៀងផ្លូវ ហើយក្រុមមន្ត្រីជំនាញក៏បានជួសជុល និងក្រាលបេតុងថ្មីឡើងវិញទៅរកសភាពធម្មតា ដោយឡែកលើកទី៣នេះ ក៏បាក់ស្រុតខ្លាំងតែម្តង។
លោកអភិបាលខណ្ឌបញ្ជាក់ថា ការបាក់ស្រុតនេះ មិនបានបណ្តាលមកពីការកាយអាចម៍ដីនៅក្នុងប្រឡាយស្ទឹងមានជ័យចេញនោះទេ គឺដោយសារសណ្ឋានដីនៅចំណុចកើតហេតុ មានលក្ខណៈជ្រាយ ហើយមុខទឹកគឺហូរបុកមកត្រង់ចំចំណុចនេះតែម្តង ទើបធ្វើឱ្យមានការបាក់ស្រុតតែម្តងទៅ។

សូមបញ្ជាក់ថា កាលវេលាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាបន្ទាន់ជុំវិញស្ថានភាព នៃការបាក់ស្រុតផ្លូវបេតុង ស្ថិតនៅជាប់មាត់ប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអភិបាលបានធ្វើការពិនិត្យវាយតម្លៃជាក់ស្តែងអំពីបញ្ហាដែលនាំឱ្យមានការបាក់ស្រុត និងបានបញ្ជារផ្ទាល់ដល់ក្រុមការងារបច្ចេកទេសឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការជួសជុលឡើងវិញ ក្នុងរយៈពេលលឿនបំផុតតាមអាចធ្វើទៅបាន ដើម្បីអាចឱ្យប្រជាពលរដ្ឋបានប្រើប្រាស់សម្រាប់ធ្វើដំណើរឡើងវិញជាធម្មតានៅពេលខាងមុខ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីបាក់ស្រុតផ្លូវខាងលើនេះ បានបណ្តាលឱ្យផ្លូវប្រវែង១៤៦ម៉ែត្រ និងទទឹង៥ម៉ែត្រ ត្រូវរងការខូចខាត។ លោកបន្តថា ករណីនេះ បណ្តាលមកពីទឹកបានហូរច្រោះដីផ្នែកខាងក្រោមផ្លូវ ធ្វើឱ្យសណ្ឋានដីត្រូវទន់ជ្រាយ ទើបបង្កឱ្យមានការរអិលទាំងតួថ្នល់ និងបេតុង ចុះមកតែម្តង ។

ប្រធានមន្ទីរដដែល បន្ថែមថា ផ្លូវបេតុងនេះ ទទួលការស្ថាបនាដោយអង្គការ Jica មានកម្រាស់១៥សម ជាប្រភេទបេតុងអារមេ ក្នុងនោះមានប្រវែង៥០ម៉ែត្រ មានតំណសម្រាប់ការរីករួមនៃបេតុង ខណៈផ្លូវទាំងស្រុងមានអាយុកាលប្រមាណ២៤ឆ្នាំកន្លងទៅហើយ គិតតាំងពីនៅជាផ្លូវដី រហូតកកើតជាបេតុង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេបានលឺសម្រឹកបេតុងមានការបាក់ ហើយស្ថានភាពផ្លូវបេតុង ក៏មានការប្រេះដោយអន្លើរៗ នៃចំណុចខ្លះ។ ដោយឃើញដូចនោះ ពលរដ្ឋបានបង្កើនការប្រុងប្រយ័ត្នជាមុន និងបានជួយណែនាំដល់អ្នកដំណើរឱ្យនាំគ្នាផ្អាកការឆ្លងកាត់ផងដែរ៕
អត្ថបទ៖ សុភា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


