Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅឃុំវិហារសួគ៌ និងឃុំស៊ីធរ ទទួលបានផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែងសរុប១ ៨០០ម៉ែត្រ ពីក្រសួងអភិវឌ្ឍន៍ជនបទ

បានផុស

នៅ

ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំង ឬរដូវវស្សា និងដោយមានការស្នើសុំរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌ ឃុំសន្លុង និងឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីភាពបើកការដ្ឋានថ្មី ការលើកកម្ពស់គុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន ៣កំណាត់ ប្រវែងសរុប១ ៨០០ម៉ែត្រ(កំណត់ទី១ និងកំណត់ទី២ ប្រវែងសរុប១ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ, កំណត់ទី៣ ប្រវែង ៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ) ស្ថិតនៅភូមិព្រៃធំ ឃុំសន្លុង ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ភូមិស៊ីធរកើត និងឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា៖ ការសាងសង់ផ្លូវនៅពេលនេះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក មិនថារដូវប្រាំង ឬរដូវវស្សា ផ្លូវនេះមានជង្ហុក ដក់ទឹក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់សិស្សានុសិស្សទៅសាលារៀន ការដឹកកសិផលរបស់ប្រជាកសិករ ក៏ដូចការធ្វើដំណើររបស់ជាប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរ។

លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

លោករដ្ឋលេខាធិការ បន្តថា៖ ការសាងសង់ផ្លូវនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសផ្លូវនេះ គឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុ ដែលធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

លោករដ្ឋលេខាធិការ បន្ថែមថា៖ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ បានស្មើដល់ កងវិស្វកម្មលេខ ១៨៤ ស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះដែរលោកក៏ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ អាចធ្វើឱ្យរំខានដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំចាក់ដីលុបប្រឡាយរំដោះទឹក ដែលនាំឱ្យផ្លូវដក់ទឹកឆាប់ខូច និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម