Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុងថ្មី ២ ខ្សែ នឹងរួមចំណែកលើកតម្លៃបេតិកភណ្ឌ និងកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ

បានផុស

នៅ

តាមរយៈការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាបន្តបន្ទាប់ ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ហើយផ្លូវបេតុងថ្មីចំនួន ២ ខ្សែ ដែលទើបនឹងស្ថាបនាថ្មីនេះ ក្រៅពីផ្តល់នូវសុខសុវត្ថិភាពបន្ថែមជូនអ្នកធ្វើដំណើរ ក៏នឹងរួមចំណែកកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានកាន់តែប្រសើរ។ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ផ្លូវចាក់បេតុងចំនួន ២ ខ្សែ នៅក្នុងរមណីយដ្ឋានអង្គរ ប្រវែងសរុប ៣០១០ ម៉ែត្រ បានបើកឲ្យទេសចរ និងប្រជាពលរដ្ឋទូទៅអាចប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវបេតុងដែលមានទទឹង ៦ ម៉ែត្រ និងកម្រាស់ ២០ សង់ទីម៉ែត្រនេះ គឺ ១ ខ្សែ ប្រវែង ២១៨០ ម៉ែត្រ ចេញពីមុខខ្លោងទ្វារដីឆ្នាំង នៃអតីតក្រុងអង្គរធំ កែងនឹងផ្លូវទិសខាងជើងប្រាសាទព្រះខ័ន ស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឆ្ពោះទៅដល់ផ្លូវបំបែកទៅឃុំពាក់ស្នែង នៃស្រុកអង្គរធំ និង ១ ខ្សែទៀត ប្រវែង ៨៣០ ម៉ែត្រ ចេញពីស្ពានក្រាំងក្រូច ឆ្ពោះទៅភូមិថ្នល់បណ្ដោយ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

លោក ជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី ៣១ ខែមីនា ថា ការប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងទាំងពីរខ្សែនេះ គឺមានប្រយោជន៍ជាច្រើន ដូចជា ការជួយបញ្ចៀសការកកស្ទះចរាចរណ៍នៅមុខប្រាសាទព្រះខ័នខាងលិច ផ្តល់ជម្រើសបន្ថែមក្នុងការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិការបស់ពលរដ្ឋ។

លោកបញ្ជាក់ទៀតថា លើសពីផលប្រយោជន៍ខាងលើនេះ ផ្លូវបេតុងទាំងពីរខ្សែនេះ ក៏នឹងរួមចំណែកផ្ដល់បទពិសោធថ្មីដល់ដំណើរទស្សនាក្នុងរមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរមួយកម្រិតទៀត ស្របតាមផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក្នុងគោលដៅត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីទទួលទេសចរក្នុងបរិមាណច្រើនលាននាក់ អាចនឹងលើសជាងមុនសម័យកូវីដ-១៩ ជាពិសេស នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកប្រសើរឡើងនាពេលខាងមុខ។

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកផ្លូវថ្នល់ បានឲ្យដឹងថា ការកសាងផ្លូវបេតុងនៅមុខខ្លោងទ្វារដីឆ្នាំងនេះឡើង គឺធ្វើនៅលើផ្លូវចាស់ឲ្យក្លាយទៅជាផ្លូវថ្មីឡើងវិញ។ ក្នុងទស្សនៈជួយសម្រួលដល់ចរាចរណ៍ប្រចាំថ្ងៃផង និងជួយកែលម្អសោភ័ណភាពទីក្រុងបុរាណផង។

លោក សុខ សូសិលា សង្កត់ធ្ងន់ថា នៅរៀងរាល់រដូវបុណ្យទាន អាជ្ញាធរជាតិអប្សរា តែងសម្គាល់ឃើញផ្លូវចន្លោះពីមុខខ្លោងទ្វារដីឆ្នាំងរហូតផ្លូវខាងលិចប្រាសាទព្រះខ័ន តែងស្ទះចរាចរណ៍។ ក្នុងនោះ ដោយសារតែមើលឃើញបញ្ហាទាំងនេះហើយ ទើបថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា រៀបចំកែលម្អជាផ្លូវថ្មីនេះឡើង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ទេសចរ និងពលរដ្ឋក្នុងតំបន់ត្រូវធ្វើដំណើរចាំបាច់ទៅមន្ទីរពេទ្យ ក្នុងករណីមានអ្នកជំងឺ ឬ ស្រ្តីមានផ្ទៃពោះសង្គ្រោះទាន់វេលា។

អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងស្ដារផ្លូវថ្នល់ឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានកាន់តែប្រសើរឡើង។ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានកសាង និងកែលម្អផ្លូវថ្នល់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ សរុបប្រវែងជាង ២១២ គីឡូម៉ែត្រ ក្នុងចំណោមផ្លូវទាំងនោះ មានប្រភេទជាផ្លូវដីក្រហម ផ្លូវកៅស៊ូ និងផ្លូវបេតុង ជាដើម៕

អត្ថបទ ៖ អាជ្ញាធរជាតិអប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម