ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ប្រាប់លោកស្នងការឱ្យចេញមុខបកស្រាយឱ្យច្បាស់រឿង«ស្លាប់ជនជាតិចិនម្នាក់ដោយសារទារុណកម្ម»
អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ចង់ឱ្យលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនចេញមុខបកស្រាយឱ្យច្បាស់លាស់ដល់សាធារណជនជុំវិញករណីមានជនជាតិចិនម្នាក់បានស្លាប់ដោយសារតែការធ្វើទារុណកម្មនៅក្នុងខេត្តនេះ។ ប្រតិកម្មរបស់លោកស្រី បាន ស្រីមុំ នេះ គឺបន្ទាប់ពីលោក ផែង វណ្ណៈ បានសរសេរផ្សព្វផ្សាយជាបន្តបន្ទាប់ពីភាពមិនប្រក្រតីនៃករណីនេះ ដោយភ្ជាប់ទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

«ករណីនេះ លោកស្នងការគួរជួបផ្ទាល់បញ្ចាក់បង្ហាញឯកសាររឿងហេតុ ចាប់ផ្តើមចេញពីណា និងរបាយការណ៍តាមដំណាក់កាលនីមួយៗឱ្យមហាជនឃើញច្បាស់លាស់ ខ្ញុំបានតាមដានដោយយកចិត្តទុកដាក់ ហើយក៏ដឹងរឿងខ្លះៗដែរ ទោះបីកម្លាំងមួយមិនគោរពឋានានុក្រម គ្មានកិច្ចសហការជាមួយខេត្ត និងបានអនុវត្តតាមចិត្ត មិនបានរាយការណ៍មកគណបញ្ចាឯកភាពខេត្តក៏ដោយ»។ នេះ គឺជាសំណេររបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅលើហ្វេសប៊ុករបស់លោកស្រីនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដោយភ្ជាប់ជាមួយការចែករំលែកបន្តការផ្សព្វផ្សាយព័ត៌មានរបស់លោក ផែង វណ្ណៈ។

លោកស្រី បាន ស្រីមុំ ជំរុញឱ្យលោកស្នងការខេត្តប៉ៃលិនចេញមកបញ្ចាក់ឱ្យច្បាស់ជូនមហាជន កុំនៅសំងំស្លូតទៀត ព្រោះលោកស្រីមិនចង់ឃើញភាពអយុត្តិធម៌ណាមួយ ដោយលោកស្នងការបានខិតខំអនុវត្ត ហើយជាន់ដានទទួលរងគ្រោះនោះទេ។ លោកស្រី បានសង្កត់ធ្ងន់ថា៖ «យុត្តិធម៌ត្រូវតែមាន ខ្ញុំការពារមន្រ្តីល្អ ខ្ញុំអាចវាយតម្លៃបានថា លោកស្នងការ ជាមន្រ្តីអាចទទួលយកបានក្នុងកិច្ចសហការក្នុងនាមកម្លាំងសេនាធិការរដ្ឋបាលខេត្ត»។
បើទោះជាលើកឡើងបែបនេះក្តី ប៉ុន្តែ លោកស្រី បាន ស្រីមុំ បានអះអាងថា ករណីនេះ លោកស្នងការត្រូវទទួលខុសត្រូវលើចំណុចទុកចិត្តលើជំនាញក្រោមឪវាទពេក ដោយលោកស្រីគូសបញ្ជាក់«តាមខ្ញុំដឹងរឿងហេតុនេះ លោកចូលក្នុងរូបភាពពាក់កណ្តាលសាច់រឿងទេ អ្នកផ្តើមសាច់រឿងដូចសំងំស្ងៀម ចេញបញ្ចាក់បង្ហាញឱ្យច្បាស់លាស់ ពីភាពត្រឹមត្រូវដឹងប៉ុណ្ណាបញ្ចាក់ប៉ុណ្ណឹង ដើម្បីការពារកិត្តិយស»។ សម្រាប់លោកស្រីអភិបាលខេត្ត ឯកសាររបស់ស្នងការ គឺគ្រាន់ជាធាតុតូចមួយបញ្ជាក់ហេតុផលជូនមហាជនជ្រាប ដោយឡែកឯកសារជំនាញមានច្រើន មិនអាចបង្ហាញលើបណ្តាញសង្គមបានឡើយ។

សូមបញ្ជាក់ថា ករណីស្លាប់ជនជាតិចិនម្នាក់ដោយការទារុណកម្មនេះ ត្រូវលាតត្រដាងឱ្យដឹងដោយលោក ផែង វណ្ណៈ នៅលើហ្វេសប៊ុក។ លោក ផែង វណ្ណៈ បានលើកឡើងពីភាពមិនប្រក្រតីនៃការអនុវត្តការងារបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងភាពមិនប្រក្រតីនៃការធ្វើរបាយការណ៍កោសល្យវិច័យលើសាកសពជនជាតិចិនដែលស្លាប់បាត់នោះ។ ចំពោះករណីនេះ ស្នងការនគរបាលខេត្តប៉ៃលិន បានចេញមកបំភ្លឺជុំវិញដំណើរការធ្វើកោសល្យវិច័យថា ធ្វើបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថែមទាំងគូសបញ្ជាក់ទៀតថា កម្លាំងនគរបាលជំនាញ បានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយពុំមានការធ្វេសប្រហែសឡើយ ហើយថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកជនសង្ស័យ និងបុគ្គលដែលពាក់ព័ន្ធយកមកអនុវត្តតាមច្បាប់។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ស្នងការនគរបាលខេត្តប៉ៃលិន នឹងបកស្រាយលម្អិតបន្ថែមជុំវិញករណីនេះបែបណានោះទេ ដើម្បីឱ្យដឹងសខ្មៅ។ ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយចុះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែដំណើរការនីតិវិធីស្រាវជ្រាវលើករណីនេះហើយ បន្ទាប់ពីមានបទបញ្ជាពីលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា