ព័ត៌មានជាតិ
ពលករខ្មែរជាង១ពាន់នាក់ សម្រុកចេញពីថៃក្នុង១ថ្ងៃៗតាមច្រកព្រំដែនកម្ពុជា-ថៃ
ពលករខ្មែរប្រមាណជាង១ពាន់នាក់ បានសម្រុកចេញពីប្រទេសថៃក្នុង១ថ្ងៃៗតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
លោក លី សារី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅថ្ងៃទី១០មីនានេះថាមួយរយៈចុងក្រោយនេះ ចំនួនពលករខ្មែរត្រឡប់មកពីប្រទេសថៃ មានការកើនឡើងច្រើន ខុសពីប្រក្រតីដោយគ្រាន់តែច្រកទ្វារ ខេត្តបន្ទាយមានជ័យមួយប៉ុណ្ណោះ មានពលករខ្មែរប្រមាណពី ៥០០ ទៅ៧០០នាក់ ក្នុងមួយថ្ងៃៗ សម្រុកមកពីប្រទេសថៃ។
លោក លី សារី បានមានប្រសាសន៍បន្តថា ការដែលពលករសម្រុកត្រឡប់មកស្រុកវិញយ៉ាងគំហុកដូច្នេះ គឺដោយសារតែនៅថៃត្រូវសម្រាកត្រៀមបុណ្យចូលឆ្នាំថ្មីដែលធ្វើឲ្យរោងចក្រ សហគ្រាសនៅថៃត្រូវឈប់សម្រាករយៈពេលយូរ ទើបធ្វើឲ្យពលករខ្មែរគ្មានការងារធ្វើហើយម្យ៉ាងទៀតគាប់ជួនគ្នានឹងជិតដល់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។
មិនខុសពីខេត្តបន្ទាយមានជ័យ លោក ឌី រ៉ាដូ អភិបាលរងនិងអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថាចំណែកខេត្តឧត្តរមានជ័យក៏មានពលករខ្មែរប្រមាណពី៣០០ទៅ៤០០នាក់ក្នុង១ថ្ងៃៗបានចេញពីប្រទេសថៃឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ខណៈកាលពីមុនមានត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ។
ផ្ទុយពីខេត្តទាំងពីរខាងលើ លោក សៀម ប៊ុនរឹទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបានឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ មានពលករខ្មែរចេញមកពីប្រទេសថៃតាមច្រកព្រំដែនខេត្តបាត់ដំបងបែរជាមានចំនួនតិចជាងមុនទៅវិញ គឺមានប្រមាណតែ២០ទៅ៣០នាក់ប៉ុណ្ណោះខណៈកាលពីមុនមានរហូតដល់ខ្ទង់រយនាក់ឯណោះ។
លោកអភិបាលរងខេត្តបានពន្យល់ថា ការថយចុះចំនួនពលករតាមច្រកព្រំដែនខេត្តបាត់ដំបងនេះដោយសាររដ្ឋបាលខេត្តបានសហការជាមួយអាជ្ញាធរថៃក្នុងការទប់ស្កាត់មេខ្យល់ដែលតាំងតែនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់បានទាន់ពេលវេលា។
លោកបានបន្តថា ម្យ៉ាងទៀតអាចបណ្តាលមកពីអាជ្ញាធរថៃនាំពលករទៅតាមច្រកព្រំដែនខេត្តផ្សេងទៀតដូចជាខេត្តបន្ទាយមានជ័យ ឬ ខេត្តឧត្តរមានជ័យព្រោះថា អាជ្ញាធរថៃតែងតែប្រមូលផ្តុំពលករខ្មែរឲ្យបានច្រើនជាមុនសិនទើបបញ្ជូនចេញពីប្រទេសថៃ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាខេត្តទាំងបីខាងលើបានអះអាងដូចៗគ្នាថា ពលករដែលឆ្លងកាត់តាមព្រំដែនចូលមកកម្ពុជាត្រូវបានក្រុមការងារចម្រុះដែលរួមមានតំណាងក្រសួងសុខាភិបាលអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់។ បើពលករណាមានសុខភាពល្អទុកមួយកន្លែង ដើម្បីធ្វើការទំនាក់ទំនងជាមួយខេត្តផ្សេងៗឲ្យមកយកទៅធ្វើចត្តាឡីស័កនៅតាមស្រុកកំណើតគេរៀងៗខ្លួន។
ក្នុងករណីពលករណាមានបញ្ហាសុខភាពដែលមានអាការៈសង្ស័យថា មានឆ្លងជំងឺកូវីដ១៩ត្រូវឃាត់ខ្លួនគាត់សិនត្រូវបញ្ជូនគាត់ធ្វើចត្តាឡីស័ក និង យកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩។
នៅពេលលទ្ធផលតេស្តអវិជ្ជមានពីរដងនោះ ទើបត្រូវបញ្ជូនទៅកាន់ស្រុកកំណើតវិញដោយធ្វើចត្តាឡីស័កបន្តនៅមូលដ្ឋានរបស់គាត់វិញ៕
ដោយ ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារារ៉េប Ricky ScoTt ទម្លាយរឿងនារីម្នាក់ត្រូវ Rappersល្បីឈ្មោះ២រូបបៀតបៀនផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ