សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ គ្រោងបន្ថែមផ្ទះសំណាញ់ ១០០ ខ្នង ដើម្បីធានាការផ្គង់លើទីផ្សារ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបត្រាំកក់ គ្រោងបន្ថែមផ្ទះសំណាញ់ចំនួន ១០០ ខ្នងទៀតនៅក្នុងអំឡុងពេល២-៣ខែខាងមុខទៀត ដើម្បីធានានិរន្តភាពនៃការផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងស្ថេរភាពនៃប្រតិបត្តិរបស់សហគមន៍នៅក្នុងតម្លៃមួយដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារបាន។

លោក ឃឹម ហ្វីណង់បានលើកឡើងក្នុងពេលនាំដៃគូពាណិជ្ជកម្ម និងទីផ្សារ ដែលគ្រោងនឹងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបនៅត្រាំកក់នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ ដែលនឹងត្រូវការការចូលរួមកាន់តែច្រើន ទាំងពីសំណាក់កសិករនិងដៃគូពាណិជ្ជកម្ម ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍រឹតតែច្រើន និងកាន់តែធំទូលំទូលាយដល់បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់។
បន្លែចម្រុះទាំង ៤ ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងសាឡាត់ លក់ចេញក្នុងតម្លៃ ២៥០០ រៀល ក្នុងមួយគីឡូក្រាម។
បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» អាចប្រមូលផលបានប្រមាណ ៥ តោនក្នុងមួយថ្ងៃ។

លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា សកម្មភាពដាំដុះទាំងអស់នៅកម្ពុជា ជាការផ្ដល់ឱកាសបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ខណៈលោកសង្ឃឹមថា រដ្ឋាភិបាលអាចប្រែក្លាយមុខរបរដាំបន្លែទៅជាមុខរបរមួយដែលផ្ដល់ប្រាក់ចំណេញខាងផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយនឹងបង្ករបរិយាកាសឱ្យមានភាពច្បាស់លាស់មួយតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យអ្នកដែលផលិតលក្ខណៈគ្រួសារ អាចមានលទ្ធភាពប្រកួតប្រជែងជាមួយអ្នកធ្វើទ្រង់ទ្រាយធំ ជាពិសេសអាចប្រកួតប្រជែងជាមួយបន្ថែមនាំចូល។
លោក ឃឹម ហ្វីណង់ បានអះអាងថា បញ្ហាប្រឈមធំជាងគេមួយនៅក្នុងអនុវិស័យដាំដុះបន្លែនៅកម្ពុជា ដែលធ្វើឱ្យយើងនៅតែពឹងផ្អែកលើការនាំចូល គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារនោះទេ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា តម្រូវការមានច្រើន ព្រោះអ្នកណាក៏ទទួលទានបន្លែដែរ ហើយទទួលទានជារៀងរាល់ថ្ងៃចំណែកឯការគាំទ្របន្លែដាំក្នុងស្រុកក៏កំពុងតែក្លាយទៅជាចលនាយ៉ាងផុសផុលផងដែរ ខណៈដីក៏មានច្រើនសម្រាប់ផលិតកម្មបន្លែ ហើយអ្នកដាំបន្លែក៏សម្បូរថែមទៀត។

បើតាមលោក ឃឹម ហ្វីណង់៖ «អ្វីដែលយើងនៅចាញ់គេគឺកសិកររបស់យើងនៅផលិតក្នុងខ្នាតតូចៗ ជាលក្ខណៈគ្រួសារនៅឡើយ ដែលជាហេតុធ្វើឱ្យថ្លៃដើមផលិតយើងខ្ពស់ គុណភាពយើងមិនមានស្តង់ដាតែមួយ ហើយពិតជាពិបាកក្នុងការសម្របសម្រួលកាលវិភាគផលិតកម្ម»។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ពេលខ្លះ បន្លែសម្បូរខ្លាំងមែនទែន ជាពិសេសរដូវងាយស្រួលដាំ រហូតដល់រុញឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការទីផ្សារ ហើយទាញឱ្យថ្លៃធ្លាក់ចុះទៅវិញ។
តែរដូវខ្លះវិញ យើងមិនមានអ្នកដាំទាល់តែសោះ ដែលជាហេតុធ្វើឱ្យថ្លៃកើនឡើងខ្ពស់ និងបើកផ្លូវឱ្យបន្លែនាំចូលអាចប្រកួតប្រជែងនិងគ្រប់គ្រងទីផ្សារបាន។ តែបើចង់ផលិតបន្លែនៅរដូវក្តៅ ឬរដូវភ្លៀង ទាមទារឱ្យធ្វើផលិតកម្មក្នុងផ្ទះសំណាញ់ ដែលតម្រូវឱ្យមានបច្ចេកទេសខ្ពស់ មានផែនការកាលវិភាគដាំដុះឱ្យបានត្រឹមត្រូវ និងទុនវិនិយោគច្រើន សុទ្ធសឹងតែជាបញ្ហាលំបាកសម្រាប់កសិករខ្នាតតូច ដែលដាំដុះជាលក្ខណៈគ្រួសារ។
លោក ឃឹម ហ្វីណង់បញ្ជាក់ថា ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈក្រសួងកសិកម្មជាសេនាធិការ យកចិត្តទុកដាក់ក្នុងការជំរុញផលិតកម្មក្រោមយន្តការសហគមន៍កសិកម្មទំនើបវិញ ដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កសិកម្មកម្ពុជា ផលិតប្រកបដោយស្តង់ដាគុណភាពច្បាស់លាស់ ក្នុងវិសាលភាពមួយដែលមានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលធ្វើឱ្យថ្លៃដើមផលិតទាប និងបរិមាណផ្គត់ផ្គង់មានស្ថេរភាព ហើយក្រសួងនឹងជួយគាំទ្រគ្រប់រូបភាព ទាំងបច្ចេកទេស ទីផ្សារ និងដើមទុនកម្ចីការប្រាក់ទាប។ ធ្វើបែបនេះបាន យើងនឹងអាចកាត់បន្ថយការធ្លុះធ្លាយខាងផ្នែកសេដ្ឋកិច្ច និងជំនួសឱ្យការនាំចូលបន្លែបណ្តើរៗ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


