ព័ត៌មានជាតិ
ឧបការីក្រសួងសន្តិសុខចិនជួបរដ្ឋមន្ត្រីមហាផ្ទៃ និងមេប៉ូលិសកម្ពុជា ជជែកពីកិច្ចសហការប្រឆាំងបទល្មើសអនឡាញ
ជំនួបរវាងឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនជាមួយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងមេប៉ូលិសជាតិ លោក ស ថេត បានជជែកគ្នាពីការពង្រឹងបន្ថែមទៀតចំពោះកិច្ចសហការលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា លោក លីវ ចុងអ៊ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចូលជួបដោយឡែកពីគ្នា ជាមួយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ជំនួបទាំងពីរ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា និងចិន ពិសេសការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើការពង្រឹងបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងល្បែងអនឡាញ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានអរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហការល្អដល់កម្ពុជាក្នុងគោលដៅរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងរយៈពេលកន្លងមក។ លោករដ្ឋមន្ត្រីមហាផ្ទៃ និងលោកឧបការីក្រសួងសន្តិសុខចិន បានប្ដេជ្ញារួមគ្នាបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយឈរលើស្មារតីមិត្តភាពក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការដឹកនាំដោយភាពត្រឹមត្រូវរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន។

សម្រាប់ជំនួបជាមួយអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត គឺភាគីទាំងពីរ ក៏បានជជែកគ្នាពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ ពិសេសការផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមកលើយន្តការ ដែលមានស្រាប់ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលភាគីទាំងពីរបានធ្វើរួមគ្នាកន្លងមកឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់បន្ថែមទៀត។

ជាការឆ្លើយតប លោក លីវ ចុងអ៊ី ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានអរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចសហការល្អនាពេលកន្លងមករវាងស្ថាប័នអនុវត្តច្បាប់របស់ចិន ហើយលោក សង្ឃឹមថា ទំនាក់ទំនងរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងកាន់តែរីកលូតលាស់បន្ថែមទៀត។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់ «កម្ពុជាថ្មី» នាពេលថ្មីៗនេះថា បទល្មើសអនឡាញ គឺកម្ពុជាបានធ្វើតាំងពីយូរមកហើយ គឺតាំងពីរដ្ឋាភិបាលចាស់ម្ល៉េះ ហើយបាននិងកំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់។ លោកបន្តថា កម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំគ្នាទេ ថែមទាំងបណ្ដាប្រទេសផ្សេងៗក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមក ទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគាំទ្រគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


