Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស ទទួល​ជួប​សម្តែង​ការ​គួរសម ជា​មួយ​និស្សិត​ជ័យ​លាភី​អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ចំនួន ៣១នាក់ ដែល​នឹង​ត្រូវចេញទៅបន្តការសិក្សានៅ​ប្រទេសជប៉ុន នាដើមខែមេសា និងដើមខែតុលាខាងមុខនេះ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការអបអរសាទរ និងបានផ្តល់ជាអនុសាសន៍ណែនាំដល់និស្សិតជ័យលាភី​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​នៅ​ក្នុង​ប្រទេសជប៉ុន ជាពិសេសនិស្សិតជ័យលាភីទាំងអស់ ត្រូវពាំនាំយកនូវចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥នេះដែរ លោក​រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់និស្សិតជ័យលាភី ត្រូវ​ធ្វើ​ជា​ទូតសុឆន្ទៈ​របស់កម្ពុជា ដោយត្រូវបង្ហាញពីភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និង​វប្បធម៌​ដ៏​ល្អ​របស់​ជនជាតិខ្មែរ និងប្រើប្រាស់ពេលវេលារបស់ខ្លួនធ្វើសកម្មភាពផ្សេងៗក្រៅពីម៉ោងសិក្សា ដូចជាការបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ការធ្វើដំណើរទៅកន្លែងផ្សេងៗ និងការរៀនសូត្រពីវប្បធម៌បរទេសជាដើម។

ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) គឺជាកម្មវិធីសិក្សាដ៏ល្អ ដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងនាពេលអនាគត ហើយអាចចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។

គួរ​បញ្ជាក់​ថា អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥ (MEXT Scholarship 2025) ដែលផ្តល់ជូននិស្សិតជ័យលាភីចំនួន ៣១នាក់នេះ រួមមានថ្នាក់ស្រាវជ្រាវ (Research), ថ្នាក់ឧត្តមសិក្សា (Undergraduate), ថ្នាក់មធ្យមសិក្សាបច្ចេកទេស(College of technology), ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ (Specialized training college)។

កម្មវិធីសិក្សាអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) ត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ១៩៥៤ និងបានផ្ដល់អាហារូបករណ៍ដល់យុវជនកម្ពុជាចាប់ពីឆ្នាំ១៩៩៣ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម