ព័ត៌មានជាតិ
ឱកាសការងារជាង ៩ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន នៅទូទាំងប្រទេស
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។

លោក សាន គីមហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ មានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស ដែលក្រសួងការងារ បានប្រមូលពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ហើយនាំយកមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនអាចចុះឈ្មោះសម្ភាស និងទទួលបានការងារភ្លាមៗ។
លោកអនុរដ្ឋលេខាធិការបន្តថា ការនាំយកការងារក្នុងស្រុកមកជូនដល់មូលដ្ឋាននេះ គឺជួយសន្សំទាំងថវិកា និងពេលវេលា ដែលបងប្អូនមិនលំបាកដើររកការងារដោយខ្លួនឯង ដូចកាលពីមុននោះឡើយ។
នៅពេលបងប្អូនមានការងារធ្វើ គឺទទួលបានចំណូល ដែលមិនក្លាយជាបន្ទុកគ្រួសារ និងសង្គមនោះទេ ហើយក៏នាំឱ្យមានការរីកចម្រើនដោយផ្ទាល់ក្នុងសហគមន៍ផងដែរ។ ការងារក្នុងស្រុកនៅតាមរោងចក្រ សហគ្រាស គឺជាជម្រើសដ៏ប្រសើរ សម្រាប់កសាងសេដ្ឋកិច្ច និងផ្តល់សុភមង្គលក្នុងគ្រួសារ។

ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គមផងដែរ ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។
ផ្ទុយទៅវិញ ការងារចំណាកស្រុកនៅប្រទេសថៃ គឺប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។
ម្យ៉ាងវិញទៀត ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស លោកអនុរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរីជាដើម។

ទន្ទឹមនឹងនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។
លើសពីនេះ ទាំងអតីតពលករ និងយុវជន ដែលរួមទាំងអ្នកមិនចេះអក្សរ ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លាន ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀតផងដែរ។
លោកបានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដ៏មានសារៈសំខាន់នេះជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


