Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និង ភាគីពាក់ព័ន្ធ រួមគ្នាពង្រឹងប្រព័ន្ធសេវាសុខាភិបាល និង ការទូទាត់របស់ ប.ស.ស

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងលើការប្រើប្រាស់ និង​ ការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង មូលដ្ឋានសុខាភិបាលដៃគូ ព្រមទាំងយន្តការទូទាត់ថ្លៃសេវា កាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ដែលមានសមាសភាពចូលរួមជាង ៨០ រូប មកពីក្រសួងការងារ ក្រសួងសុខាភិបាល ក្រុមប្រឹក្សាវេជ្ជសាស្ត្រ ប.ស.ស អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និយ័តករសន្តិសុខសង្គម និង មូលដ្ឋានសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានគោលបំណងពិនិត្យប្រព័ន្ធផ្តល់សេវាឡើងវិញ ផ្លាស់ប្តូរយោបល់ និង ប្រមូលធាតុចូល ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងលើការប្រើប្រាស់ និង ការផ្តល់សេវាសុខាភិបាល ព្រមទាំងកំណត់យន្តការទូទាត់ថ្លៃសេវាសមស្របសម្រាប់សមាជិក ប.ស.ស ឱ្យកាន់តែមានប្រសិទ្ធភាព និង និរន្តរភាព ស្របពេលចំនួនអ្នកប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូទាំងរដ្ឋ និង ឯកជន កំពុងកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅមន្ទីរពេទ្យថ្នាក់ជាតិ។

ជាមួយនឹងការលើកឡើងពីភាពចាំបាច់ នៃកិច្ចប្រជុំ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវា ប.ស.ស ជូនដល់សមាជិកទាំងលើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន ដែលធ្វើឱ្យសេវានេះកាន់តែពេញនិយម និង ទាក់ទាញប្រជាពលរដ្ឋកាន់តែច្រើនឱ្យចូលរួម ជាពិសេសផ្នែកថែទាំសុខភាព។ លើសពីនេះ រាជរដ្ឋាភិបាល ក៏មានចក្ខុវិស័យពង្រីកការគ្របដណ្តប់សេវា ប.ស.ស បន្ថែមទៀត ប្រកបដោយនិរន្តរភាព ដោយឈរលើគោលការណ៍សមធម៌ និង សមភាព ដែលមិនពឹងផ្អែកតែលើថវិកាជាតិនោះទេ។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា បច្ចុប្បន្ន សមាជិក ប.ស.ស កំពុងមាននិន្នាការទៅប្រើប្រាស់សេវានៅមន្ទីរពេទ្យថ្នាក់ជាតិប្រកបដោយភាពទុកចិត្ត។ ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពចាំបាច់ក្នុងការស្វែងរកវិធីសាស្រ្តរួមគ្នា ដើម្បីចាប់ផ្តើមបញ្រ្ជាប លើកទឹកចិត្តដល់សមាជិក ប.ស.ស ឱ្យងាកទៅប្រើប្រាស់សេវានៅមូលដ្ឋាន ដូចជាមន្ទីរពេទ្យបង្អែកស្រុក ឬខេត្ត ដែលជាការជួយសម្រាលបន្ទុកមន្ទីរពេទ្យថ្នាក់ជាតិ ហើយមន្ទីរពេទ្យមូលដ្ឋានក៏មានចំណូលសម្រាប់ពង្រឹងសមត្ថភាព និង លទ្ធភាព ជាពិសេស រចនាសម្ព័ន្ធ ឧបករណ៍ និង សម្ភារឯកទេស ធនធានមនុស្ស បន្ទប់ពិគ្រោះ គ្រែសម្រាកព្យាបាល ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិក។

បន្ទាប់ពី លោក ឃុន ចាន់ណារិទ្ធ អគ្គនាយករង នៃ ប.ស.ស បានធ្វើបទបង្ហាញស្តីពីការអនុវត្តកិច្ចព្រមព្រៀង ការប្រើប្រាស់និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស និង មូលដ្ឋានសុខាភិបាលដៃគូ និង យន្តការទូទាត់ថ្លៃសេវារួចមក អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និង លើកយោបល់ដ៏មានសារៈសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ដែលស្របតាមការគិតគូររបស់រាជរដ្ឋាភិបាល។ អង្គប្រជុំ បានថ្លែងអំណរគុណចំពោះក្រសួងការងារដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីជម្រាបឱ្យដឹងពីស្ថានភាពរបស់ ប.ស.ស ក៏ដូចជាគាំទ្រប្រសាសន៍ប្រកបដោយយុទ្ធសាស្រ្ត និង ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ លោក ហេង សួរ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ និង បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ដែលសុទ្ធសឹងតែជាធាតុចូលដ៏មានតម្លៃសម្រាប់យកទៅអនុវត្ត និង លើកទឹកចិត្តអង្គប្រជុំ សូមឱ្យបន្តកិច្ចសហការគ្នា ដើម្បីសម្រេចគោលដៅរួមក្នុងការរក្សានិរន្តរភាព នៃប្រតិបត្តិការ ប.ស.ស ក៏ដូចជាលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម