Connect with us

ព័ត៌មានអន្ដរជាតិ

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ UN News នៅថ្ងៃទី២៩ខែមីនានេះ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយកាលពីថ្ងៃសុក្រថា ចំពេលមានរបាយការណ៍នៃការស្លាប់ ឬបាត់ខ្លួនរាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលមានចំណុចកណ្តាលរបស់ខ្លួននៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ក្រុមអង្គការសហប្រជាជាតិនៅក្នុងតំបន់កំពុង «ឆ្លើយតបយ៉ាងឆាប់រហ័ស»។

(រូបភាព៖​ AP) លោក Tom Fletcher ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមព័ត៌មានបឋម បន្ទាប់ពីរញ្ជួយដីដ៏សាហាវ ប្រទេសមីយ៉ាន់ម៉ាមានមនុស្ស​លើសពី១៤០នាក់បានស្លាប់និងរាប់រយនាក់បានរងរបួស។ ​ចំណែក​នៅប្រទេសថៃ លោក​ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កម្មករសំណង់ ១០នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន ដោយប្រតិបត្តិការរុករក និងជួយសង្គ្រោះកំពុងដំណើរការ។

ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើការរំលែកទុក្ខដល់អ្នកទាំងអស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងបានគូសបញ្ជាក់ថា UN កំពុងប្រមូលការគាំទ្រឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ក្នុងនោះលោក Fletcher ដែលជាប្រធានការិយាល័យសម្របសម្រួលជំនួយ OCHA បានធ្វើការបែងចែកបឋមពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលចំនួន ៥ លានដុល្លារ ដើម្បីគាំទ្រជំនួយសង្គ្រោះជីវិត។

ការិយាល័យអ្នកសម្របសម្រួល UN ប្រចាំប្រទេសមីយ៉ាន់ម៉ា របាយការណ៍បង្ហាញថា «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» បានកើតឡើងនៅក្នុងរដ្ឋ Mandalay ក៏ដូចជា Nay Pyi Taw, Bago, Magway, Sagaing, Shan និងតំបន់ផ្សេងទៀត។ UN យើងកំពុងប្រមូលព័ត៌មានអំពីប្រជាជនដែលរងផលប៉ះពាល់ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការមនុស្សធម៌ជាបន្ទាន់ ដើម្បីណែនាំការឆ្លើយតប ហើយនឹងចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលមានព័ត៌មាន​វិវឌ្ឍ​បន្ត។

(រូបភាព៖​ AP)

ជាមួយគ្នានេះលោកស្រី Sheela Matthew ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់ UN (WFP) បាននិយាយថា WFP មានស្តុកអាហារត្រៀមរួចជាស្រេចនៅក្នុងឃ្លាំង ដើម្បីឆ្លើយតបតាមតម្រូវការ។

ថ្លែងទៅកាន់អង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវ លោកស្រីវេជ្ជបណ្ឌិត Margaret Harris ក៏បានឲ្យដឹងដែរថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះកំពុងដំណើរការដោយមានការសម្របសម្រួលជាមួយការិយាល័យក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។ លោកស្រីបាននិយាយថាទីភ្នាក់ងារនេះបានបញ្ជាឱ្យមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ខ្លួននៅក្នុងទីក្រុងឌូបៃឲ្យផ្តល់ជំនួយជាចម្បងលើការផ្គត់ផ្គង់របួស ហើយការវាយតម្លៃតម្រូវការសុខភាពកំពុងដំណើរការ។

សូមបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាកំពុង​កើត​មាន​សង្រ្គាមស៊ីវិលដ៏ឃោរឃៅកាន់តែខ្លាំងឡើងចាប់តាំងពីមានរដ្ឋប្រហារយោធាជាងបួនឆ្នាំមុន។ ប្រជាជនប្រហែល ២០ លាននាក់ ស្មើនឹងមួយភាគបីនៃចំនួនប្រជាជនត្រូវបានគេរំពឹងថានឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះ។ ប្រហែល១៥លាននាក់ត្រូវបានព្យាករថានឹងប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរក្នុងកំឡុងឆ្នាំ ២០២៥ ។ លើសពីនេះការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធប្រឆាំង បានធ្វើឲ្យមនុស្សជាង ៣.៥ លាននាក់ផ្លាស់ទីលំនៅនៅក្នុងប្រទេស៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម