ព័ត៌មានជាតិ
SMEs បានរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារប្រមាណ៧០%
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានឱ្យដឹងថា សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជាមាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ដែលផ្តល់ ការងារប្រមាណ ៧០% នៃកំលាំងពលកម្មសរុប ហើយរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប បានដើរ តួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រី MISTI បានថ្លែងកាលពីពេលថ្មីៗនេះថា SMEs នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងជំរុញសកម្មភាពសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសការបង្កើតការងារ។
លោកបានថ្លែងបញ្ចាក់ថា៖«វិស័យនេះបានកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការ អភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច-សង្គម ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាបន្តបន្ទាប់ បន្តខិតខំយកចិត្តទុកដាក់ពង្រឹង និងលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសពិពិធកម្មឧស្សាហកម្ម ការលើកកម្ពស់បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។

លោកថាបច្ចុប្បន្នក្រសួងបានកំពុងសហការយ៉ាងពេញទំហឹងជាមួយក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូ អភិវឌ្ឍនានាដូចជា៖ ធនាគារ SME, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), សាជីវកម្មធានាឥណទានកម្ពុជា, សហគ្រិនខ្មែរ, មជ្ឈមណ្ឌលធុរកិច្ច”តេជោ”, មូលនិធិអភិវឌ្ឍន៍ជំនាញ, បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, រដ្ឋាភិបាលកូរ៉េ (Cambodia-Korea Food Processing Task Center), ចិន (គម្រោងមេគង្គ-ឡានឆាង) អូស្រ្តាលី (កម្មវិធី CAPRED), ADB, UNDP, គណៈកម្មាធិការសម្របសម្រួល សហគ្រាសមីក្រូ តូច និងមធ្យមអាស៊ាន (ACCMSME), US-ASEAN Business Council, EuroCham Cambodia, GIZ, UNIDO, The Asia Foundation, CWEA, YEAC។

លោកបានគូសបញ្ជាក់ទៀតថា MISTI បាននិងបន្តប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នាថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ដូចប្រទេសនានាទូទាំងពិភពលោកផងដែរ ដើម្បីបន្តជំរុញលើកកម្ពស់ លើកទឹកចិត្ត ក៏ដូចជាបង្ហាញការយក ចិត្តទុកដាក់គាំទ្រលើការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅទូទាំងប្រទេស។
លោករដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា សម្រាប់ការងារសហគ្រាសធុនតូច និងមធ្យម ក្រសួង បានដាក់ចេញផែនការយុទ្ធសាស្រ្តក្រសួង បាននិងកំពុងបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងកំពុងបន្តធ្វើបច្ចុប្បន្នភាព ចូលរួមអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងគោលនយោបាយជាតិស្តីពី ដំឡូងមី ឆ្នាំ២០២០-២០២៥; ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពី សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា និងសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម; បន្ថែមលើការចូលរួមគាំទ្រដោយផ្ទាល់ ក្រសួងបានចូលរួមគាំទ្រដោយប្រយោលលើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តផ្គត់ផ្គង់ទឹកស្អាតសម្រាប់ទីតាំងផលិតកម្ម អាជីវកម្ម និងសេវាកម្ម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


