ព័ត៌មានជាតិ
ទឹកស្អាតខេត្តបាត់ដំបងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតកើនគុណជាពីរ ក្រោយសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ។
ជាមួយការដាក់ឱ្យដំណើរការប្រព័ន្ធនេះ រដ្ឋាករទឹកបាត់ដំបងបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនជាងពីរដង និងពង្រីកការតភ្ជាប់បណ្តាញថ្មីជូនដល់ ១៦.៧៩៨ គ្រួសារបន្ថែមទៀត ដែលគ្របដណ្តប់ប្រមាណ ៧៦% នៃតំបន់សេវាកម្មរបស់ខ្លួន។

ថ្លែងក្នុងពិធីសម្ពោធ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបងពី ៣៣.៥២០ ម៣/ ថ្ងៃ ទៅដល់ ៨៣.៥២០ ម៣/ ថ្ងៃ, កើន ១៤៨%។ មានន័យថា ប្រជាពលរដ្ឋ រួមទាំងផលិតករ សេវាករ និងអាជីវករជាច្រើន នឹងអាចទទួលបានសេវាទឹកស្អាតដែលមានគុណភាព សុវត្ថិភាព ចីរភាព និងថ្លៃសមរម្យ ដើម្បីធ្វើឱ្យសុខុមាលភាពកាន់តែល្អប្រសើរ និងជីវភាពកាន់តែរីកចម្រើន។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីដែលដាក់សម្ពោធជាផ្លូវការចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោងសហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សីមានៃក្រុងបាត់ដំបង ដោយបានចាប់ផ្តើមសាងសង់ក្នុងខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលរួមមានស្ថានីយបូមទឹកឆៅមួយ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតសមត្ថភាព ៥០.០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៩៤ គីឡូម៉ែត្រ។



អ្នកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានរំលេចពីគុណប្រយោជន៍ដ៏ទូលំទូលាយនៃគម្រោងដោយលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតដែលអាចទុកចិត្តបាន លើកកម្ពស់សុខភាពសាធារណៈ សន្សំពេលវេលាសម្រាប់គ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន។
ខណៈដែលនគរូបនីយកម្មកំពុងមានសន្ទុះយ៉ាងលឿន ការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យ មានសារសំខាន់ចំពោះផលិតភាព និងគុណភាពជីវិត។
ដៃគូសំខាន់មួយទៀតរបស់គម្រោងគឺទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបាននិងកំពុងគាំទ្រវិស័យទឹកស្អាតនៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។

អ្នកស្រី Sandrine Boucher នាយិកាប្រចាំប្រទេសកម្ពុជា របស់ AFD បានលើកឡើងថា សមិទ្ធផលថ្មីនេះគឺលើសពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។ វាគឺជាការវិនិយោគទៅលើប្រជាជន សុខភាពសាធារណៈ និងអនាគតរបស់ក្រុងបាត់ដំបង។
គម្រោងនេះក៏បង្ហាញពីភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់វិស័យទឹកស្អាត រួមចំណែកកែលម្អជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍទីក្រុង និងតំបន់ប្រជុំជនប្រកបដោយចីរភាព និងបរិយាបន្ន។
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


