Connect with us

ព័ត៌មានអន្ដរជាតិ

តើសង្រ្គាមឥណ្ឌា-ប៉ាគីស្ថាន អាចជះផលប៉ះពាល់សេដ្ឋកិច្ចបែបណា?

បានផុស

នៅ

ប្រទេសឥណ្ឌា​កាលពីថ្ងៃពុធ បាន​បើកការវាយប្រហារតាមអាកាសលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន​ជាច្រើនកន្លែង ដោយបំផ្ទុះសង្រ្គាមចុងក្រោយរវាងគូសត្រូវប្រដាប់អាវុធ​នុយក្លេអ៊ែរ​​ទាំង២ បង្កក្ដីបារម្ភទាំងសង្គម នយោបាយ និងសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌា​បាន​ទទូចថា ការវាយប្រហាររបស់ខ្លួនបាន​ផ្ដោតលើ «ហេដ្ឋារចនាសម្ព័ន្ធភេរវករ» ​ដោយធ្វើឡើងកន្លះ​ខែ​បន្ទាប់ពី​ក្រុម «ភេរវករ» ប្រដាប់កាំភ្លើងបានបាញ់សម្លាប់រង្គាលលើ​ក្រុមទេសចរស៊ីវិលឥណ្ឌា ២៦ នាក់ កាលពីថ្ងៃទី ២២ មេសា នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដោយឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានថាជា​អ្នកគាំទ្រលើក្រុមនោះ។

យ៉ាងណាមិញ ភាគីប៉ាគីស្ថានបាន​ច្រានចោលចំពោះការពាក់ព័ន្ធណាមួយ​របស់ខ្លួន ហើយហៅការវាយប្រហារនៅថ្ងៃពុធរបស់ឥណ្ឌា ថាជា «ទង្វើនៃសង្រ្គាម» ដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្លាប់ជនស៊ីវិល​ប៉ាគីស្ថាន​ រួមទាំងកូនក្មេង ប្រមាណ ៣១ នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។ ប៉ាគីស្ថានបានប្ដេជ្ញាសងសឹង ដោយផ្លោងគ្រាប់ចូលទឹកដីកាស្មៀរគ្រប់គ្រងដោយឥណ្ឌា សម្លាប់ជនស៊ីវិលប្រមាណ ១៥ នាក់ បើយោងតាមការអះអាងរបស់កងទ័ពឥណ្ឌា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ដូចគ្នា។

ខណៈមាន​ការអំពាវនាវឱ្យទ្វេភាគីចូលតុចរចា រួមទាំងចិន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គេមើលឃើញថា សង្រ្គាមឥណ្ឌា-ប៉ាគីស្ថាន​ចុងក្រោយនេះ គឺជាជម្លោះឆ្លងដែនដ៏ធំបំផុតរបស់ពិភព​លោកនាពេលបច្ចុប្បន្ន​ បន្ទាប់ពីសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី និងជម្លោះនៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹងអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលសុទ្ធសឹងតែជះឥទ្ធិពលដោយផ្ទាល់លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចសកល។

គំនរបាក់បែកដោយការវាយប្រហារតាមអាកាសរបស់ឥណ្ឌា លើអាគារមួយកន្លែង ក្បែរក្រុង Muzaffarabad នៃតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន នៅថ្ងៃទី ៧ ឧសភា/ រូបភាព AP

ជុំវិញភាពតានតឹងនេះផងដែរ ភាគីផ្សេងៗបាន​សម្ដែងក្ដីព្រួយបារម្ភរបស់ខ្លួនអំពីផលប៉ះពាល់​នៃសង្រ្គាម ដោយថាវាមិនត្រឹមតែសម្លាប់​ជនស៊ីវិលស្លូតត្រង់ដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលអវិជ្ជមានទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ឥណ្ឌា និងប៉ាគីស្ថាន ក៏ដូចជាតំបន់ផងដែរ។

មាន​ការព្រមានថា ​ប្រសិនបើ​គ្មានការបន្ធូរបន្ថយ​ទេ សង្រ្គាម​កាន់តែខ្លាំងនឹង​ប៉ះទង្គិចដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ខណៈបង្អង់វឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឥណ្ឌា ដែលកំពុងបង្កើនការប្រកួតប្រជែងជាមួយចិន ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គង់ផ្គង់សកល​​បច្ចុប្បន្ន ក្រោមគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។

អ្នកវិភាគមួយចំនួន រួមទាំងនៅឥណ្ឌា បាន​ជំរុញឱ្យមានការគិតគូរពីផលប៉ះពាក់នៃសេដ្ឋកិច្ច បន្ថែម​ពីលើ​ការរងទុក្ខរបស់ប្រជាជនទាំងសងខាង។ ​ក្នុងអត្ថបទមួយចុះផ្សាយកាលពីដើមខែ នៅលើ The Daily Guardian អ្នកជំនាញផ្នែកគោលនយោបាយសាធារណៈ បទប្បញ្ញត្តិ និងការវិនិយោគ លោក Rakesh K Chitkara បាន​សរសេរថា៖ «ការប្រឈមមុខដាក់គ្នាខាងយោធា នឹងមិនត្រឹមតែបង្វែរការយកចិត្តទុកដាក់ពីគោលដៅអភិវឌ្ឍ​របស់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់​ជ័យជំនះជាយុទ្ធសាស្ត្រដល់ប្រទេសចិន បង្អាក់អ្នកវិនិយោគពិភពលោក និងបង្កគ្រោះថ្នាក់ដល់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់ៗដែលស្ថិតនៅជិតព្រំដែនភាគខាងលិច (នៃប្រទេសឥណ្ឌា ជាប់ប៉ាគីស្ថាន)»។​

អ្នកជំនាញដដែល បាន​ព្រមានពី​លំហូរចេញនៃដើមទុន ការប៉ះទង្គិចនៃ​ច្រវ៉ាក់ផ្គត់ផ្គង់ អតិផរណា និងការធ្លាក់ចុះនៃទំនុកចិត្តវិនិយោគិន ខណៈផលប៉ះពាល់រយៈពេលវែង អាចនឹងបញ្ច្រាស់​វឌ្ឍនភាពសេដ្ឋកិច្ច​រាប់ឆ្នាំ។

រនាំងឆ្លងកាត់ព្រំដែន​ Attari-Wagah ជិតក្រុង Amritsar នៃប្រទេសឥណ្ឌា

ការរំខានផ្នែកសេដ្ឋកិច្ចដោយសារជម្លោះ បាន​លេចចេញរូបរាង​ជាបណ្ដើរៗ​ទៅហើយ។ តម្លៃប្រាក់រូពីឥណ្ឌា បាន​ធ្លាក់ចុះ ០,១៥ ភាគរយ ​នៅ ៨៤,៦៦ រូពី/ដុល្លារ សម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ធៀប​នឹង​​ ៨៤,៤៣​ រូពី/ដុល្លារ កាលពីថ្ងៃអង្គារ។ ​ជាមួយគ្នានោះ សន្ទស្សន៍​ផ្សារភាគហ៊ុនឥណ្ឌា Nifty 50 បាន​ធ្លាក់ចុះ ០,៦ ភាគរយ ពេលបើកការជួញដូរ ខណៈសន្ទស្សន៍​ The Sensex ធ្លាក់ចុះ ០,២ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លើសពីនេះ ពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏រងការរំខានដោយសារតែជម្លោះផងដែរ។​ ឥណ្ឌា និងប៉ាគីស្ថានបានបិទព្រំដែនដី​គោក និងបិទ​ដែនអាកាស​សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់គ្នាទៅវិញទៅ​មក ខណៈការរឹតបន្តឹងដែនអាកាសអាចប៉ះពាល់ដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញ ហើយបន្ថែមសម្ពាធដល់​បណ្តាញពាណិជ្ជកម្មសកល​។

បើតាមរ៉យទ័រ ប្រទេសទាំង២ ថែមទាំងបាន​ហាមឃាត់​នាវា​បំពាក់ទង់ជាតិគូវិវាទ មិន​ឱ្យចូលកំពង់ផែររៀងៗខ្លួន​ទៀតផង។ គួរឱ្យកត់សម្គាល់ជាងនេះ ប៉ាគីស្ថានបានផ្អាកកិច្ចព្រមព្រៀង និង​ពាណិជ្ជកម្មទ្វេភាគីទាំងអស់ជាមួយឥណ្ឌា ដែលសុទ្ធតែបានហាមឃាត់ការនាំចូលទំនិញមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ដូចគ្នា។ ពាណិជ្ជកម្មទ្វេភាគី មាន​ទំហំប្រមាណ ១,២ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះពីចំណុចកំពូលជិត ៣ ប៊ីលាន​ដុល្លារនៅឆ្នាំ ២០១៨។ ​

ក្រោមផលប៉ះពាល់សេដ្ឋកិច្ចផងដែរ ឥណ្ឌាបានផ្អាកសន្ធិសញ្ញាទឹកទន្លេឥណ្ឌូស ឆ្នាំ ១៩៦០  ដែលគ្រប់គ្រងការចែករំលែកទឹកប្រើប្រាស់នៃប្រព័ន្ធទន្លេឥណ្ឌូសរវាងប្រទេសទាំង២ ខណៈ​ប៉ាគីស្ថាន ​ពឹងផ្អែកខ្លាំងលើទឹកសម្រាប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តរបស់ខ្លួន។ ការណ៍នេះ អាចបង្កផលប៉ះពាល់ដល់កសិកម្មប៉ាគីស្ថាន បន្ថែមសម្ពាធអតិផរណាកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចប៉ាគីស្ថាន ដែលជាប្រទេសនាំចេញអង្ករដ៏ធំរបស់សកល រួមជាមួយឥណ្ឌា។

កសិកម្មប៉ាគីស្ថានពឹងផ្អែកលើទឹកស្រោចស្រពពីទន្លេឥណ្ឌូស

ឥណ្ឌាបានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិនិត្យមើលឡើងវិញផងដែរ នូវប្រាក់កម្ចីសម្រាប់​ប៉ាគីស្ថាន ​រួមទាំងប្រាក់កម្ចីថ្មីៗពីអ្នកផ្តល់ប្រាក់កម្ចីសកល ៧ ប៊ីលាន​ដុល្លារនៅខែកញ្ញាឆ្នាំមុន និង ១,៣ ប៊ីលាន​ដុល្លារ ​សម្រាប់កម្ចីភាពធន់នឹងអាកាសធាតុ ​នៅខែមីនាកន្លង។

​ក្នុងអត្ថបទចុះផ្សាយកាលពីចុងខែមេសា លោក Nigel Green នៃសារព័ត៌មាន​ Asia Times បាន​សរសេរថា ជម្លោះឥណ្ឌា និងប៉ាគីស្ថានចុងក្រោយកកើតឡើងក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកល កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ហើយកំពុងធ្វើឱ្យតំបន់មានសេដ្ឋកិច្ចកំពុងរីកចម្រើនរបស់អាស៊ីមួយនេះ ធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល ឬផ្លូវពាណិជ្ជកម្មក្នុងតំបន់សំខាន់ៗ។

លោក Green បានសរសេរយ៉ាងដូច្នេះថា៖ ឥណ្ឌា «គឺជាមហាអំណាចសេដ្ឋកិច្ចទី៥របស់ពិភពលោក ដែលជាមហាអំណាចទីផ្សារ​កំពុងរីកចម្រើន ​ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសរាប់ពាន់លាន​ដុល្លារ។ ជម្លោះ​ដ៏ធំ​ អាចបង្អាក់ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់​ឥណ្ឌា រំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ និងទំនុកចិត្តអាជីវកម្ម»។ លោកបន្តថា៖ «​ក្រុមហ៊ុនពហុជាតិ​ដែល​ពឹងផ្អែកខ្លាំងលើឥណ្ឌា — រាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដល់ក្រុមជំនាញថាមពល — នឹង​រងនូវរលកនៃផលប៉ះពាល់​»។

ងាកទៅប៉ាគីស្ថានវិញ លោក Green បានសរសេរថា៖ «សេដ្ឋកិច្ចរបស់​ប៉ាគីស្ថាន ដែល​ជួបបញ្ហាដោយអតិផរណា កម្សោយប្រាក់រូពី​ និងកំណើនបំណុល​រួចហើយនោះ អាច​ឆ្ពោះទៅរកអស្ថិរភាពកាន់តែជ្រៅ។ ការអូសបន្លាយនៃជម្លោះ ​​នឹង​ត្រូវ​ការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ខាង​ក្រៅ​ប្រហែល​ជា​ពី IMF ឬ​សម្ព័ន្ធមិត្ត​ដូចជា​​ចិន។ នោះ​ជា​លទ្ធផល​អាច​បង្កើត​សម្ព័ន្ធភាព​ក្នុង​តំបន់​ឡើងវិញ និង​ផ្លាស់ប្តូរ​តុល្យភាព​អំណាច​ទូទាំង​អាស៊ី​ខាងត្បូង»។

សម្រាប់លោក Green ទោះបីជាឥណ្ឌា និងប៉ាគីស្ថានមិនមែនជាប្រទេសផលិតប្រេងលំដាប់កំពូលក្ដី ប៉ុន្តែភាពកាន់តែតានតឹងនៅតំបន់អាស៊ីខាងត្បូងមួយ​នេះ អាចបង្កឱ្យមានអស្ថិរភាពកាន់តែទូលំទូលាយនៅទូទាំងច្រកថាមពល និងផ្លូវដឹកជញ្ជូន ដែល​នឹងធ្វើឱ្យ​ថ្លៃធានារ៉ាប់រងកើនឡើង ​ហើយ​បង្កើនការរំខានដល់ខ្សែច្រវ៉ាក់ផ្គង់សកល។

ជាទូទៅ សង្រ្គាមតែងតែបង្កើនភាពស្រពិចស្រពិលសម្រាប់សេដ្ឋកិច្ច ដែលនេះនឹងធ្វើឱ្យ​វិនិយោគិនអន្តរជាតិបង្កើនការវិនិយោគលើទ្រព្យសម្បត្តិសុវត្ថិភាពដូចជាមាស ហើយធ្វើឱ្យតម្លៃទំនិញទាំងនោះហក់ឡើង។

ក្រៅតែពីនេះ ​អ្នកជំនាញមួយចំនួន រួមទាំងលោក លោក Green ក៏បាន​លើកឡើងផងដែរពីលទ្ធភាពនៃផលប៉ះពាល់ ​​ប្រសិនបើ​មហាអំណាច​​ណាមួយ​លូកដៃចូលដោយប្រយោល ជាពិសេសក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម​ដ៏ក្ដៅរវាងសហរដ្ឋអាមេរិក ដែលជាមិត្តរបស់ឥណ្ឌា និងចិន ដែលជាមិត្តរបស់ប៉ាគីស្ថាន។

អ្នកវិភាគផ្នែកការពារជាតិរបស់​ក្រុមហ៊ុន RAND លោក Derek Grossman បានប្រាប់ទូរទស្សន៍អូស្រ្តាលី ABC ថា ​ជម្លោះឥណ្ឌា និងប៉ាគីស្ថាននាពេលនេះ ​ប្រសិនបើឈានដល់កម្រិតខ្លាំង វានឹង​បង្កហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។ ប្រទេសទាំង ២ មានឃ្លាំងអាវុធនុយក្លេអ៊ែរប្រហាក់ប្រហែលគ្នា ដោយឥណ្ឌាមាន​ក្បាលគ្រាប់នុយក្លេអ៊ែរ ១៧២ គ្រាប់ និងប៉ាគីស្ថាន ១៧០ ​គ្រាប់។ យ៉ាងណាមិញ​ លោក Grossman បាន​លើកឡើងថា វាមានលទ្ធភាពទាបដែល​ជម្លោះបច្ចុប្បន្ន អាចនាំឱ្យ​​មហាអំណាចដទៃលូកដៃចូលតាមរយៈ «​ប្រូកស៊ី​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ប្រទេសសមាជិកណាតូ​ បិទ​ផ្លូវ​មិនឲ្យ​មេដឹកនាំ​ស្លូវវ៉ាគី​និងស៊ែប៊ី​ឆ្លងកាត់ទៅ​មូស្គូ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កាន់តែមិនស្រួលខ្លាំង! ប៉ាគីស្ថាន កោះហៅមន្ត្រីនុយក្លេអ៊ែរ មកប្រជុំគ្នា ក្រោយបាញ់មីស៊ីលសងសឹកឥណ្ឌា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តើ​សង្គ្រាម​​កំពុង​កើត​នៅ​ប្រទេស​ណា​ខ្លះ​​នៅ​ទូទាំងពិភព​ក្នុងឆ្នាំ២០២៥?​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប៉ាគីស្ថាន បាញ់ផ្លោងសម្លាប់មន្ត្រីជាន់ខ្ពស់ឥណ្ឌានៅ តំបន់កាស្មៀរ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​៖ សង្គម​សម័យ​ទំនើប ចង់​​ជោគ​​ជ័យ ​​ត្រូវ​​សិក្សា​ជាប់ជាប្រចាំ និង​ត្រៀម​ខ្លួន​សម្រាប់​​​​ការ​ផ្លាស់ប្ដូរ

Sokha Hotels

ព័ត៌មានពេញនិយម