ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា «កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ កុមារជាអ្នកបន្តវេនដ៏មានសក្ដានុពល ហើយការគាំពារកុមារ និងលើកកម្ពស់សិទ្ធិកុមារ ជាភារកិច្ចរបស់យើងទាំងអស់គ្នា»។

ការថ្លែងបែបនេះ ក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាកាតាប សម្ភារៈសិក្សា នំ និងភេសជ្ជៈ របស់ក្រុមហ៊ុន Midass food ជូនដល់កូនៗ មន្ត្រីរាជការក្រសួងព័ត៌មាន ប្រមាណ ៣០០ នាក់ និងមានការចូលរួមពីអាណាព្យាបាល និងកុមារសរុបប្រមាណ ៥០០ នាក់ កាលពីព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ នាទីស្ដីការក្រសួងព័ត៌មាន។

ពិធីចែកសម្ភារៈសិក្សាដល់កូនៗ របស់មន្ត្រី នៃក្រសួងព័ត៌មាន គឺជាលើកទី ២ ហើយ នៅក្នុងអាណត្តិរបស់ លោក នេត្រ ភក្ត្រា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន , ហើយការជួបជុំគ្នា បង្កភាពសប្បាយរីករាយដល់កុមារ នាឱកាសនេះ ដើម្បីអបអរសាទរខួបលើកទី ៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី ២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករ-និយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»។

នាឱកាសនោះ លោក នេត្រ ភក្ត្រា ថ្លែងបន្តថា «កុមារ ប្រៀបដូចជា ទំពាំងស្នងឫស្សី ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ ទាំងឪពុកម្តាយ ទាំងថ្នាក់ដឹកនាំ ដើម្បីធ្វើយ៉ាងណាឲ្យកុមារទទួលបានការសិក្សារៀនសូត្រ ទទួលអាហារូបត្ថម្ភត្រឹមត្រូវ , ហើយអ្វីដែលសំខាន់ថែមទៀតនោះគឺការបង្កបរិយាកាសសប្បាយរីករាយដល់កុមារលេងកម្សាន្តដែលធ្វើឲ្យខួរក្បាលរបស់កុមារមានការរីកចម្រើន»។

លោក នេត្រ ភក្ត្រា បានជម្រាបជូនថា អំណោយសម្ភារៈសិក្សាទាំងនេះ ទទួលបានការគាំទ្រពីក្រុមហ៊ុន Midass food ដើម្បីចូលរួមចំណែកចែករំលែកនូវក្តីស្រឡាញ់ និងស្នាមញញឹម ដល់កូនៗ របស់មន្ត្រីរាជការ នៃក្រសួងព័ត៌មាន ពិសេសគឺជាការលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្របានពូកែ និងក្លាយជាធនធានមនុស្សដ៏ល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។ តាមរយៈនេះ លោករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់កុមារទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម។

ទន្ទឹមនោះ លោករដ្ឋមន្ត្រី និងលោកស្រី ក៏បានបង្ហាញនូវការរីករាយដោយបានឃើញស្នាមញញឹមរបស់កុមារា កុមារី ដែលជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មានផងដែរ។

គួររំលឹកដែរថា រាជរដ្ឋាភិបាលនៅអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ដោយបានដាក់ចេញនូវកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍន៍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាប់តាំងពីបឋមវ័យ រហូតដល់យុវវ័យ , កុមារ ជាតំណាងឲ្យធនធានមនុស្សដ៏មានសក្ដានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ ដូច្នេះហើយយើងទាំងអស់គ្នា ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹម សម្រាប់កុមារទាំងអស់ ដើម្បីឲ្យកុមារក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជា ទទួលបានភាពសុខសាន្ត និងការបីបាច់ថែរក្សាដោយក្តីអាណិតស្រលាញ់គ្រប់ៗ គ្នា។

ជាមួយនេះដែរ តំណាងក្រុមហ៊ុន Midass food បានជម្រាបជូនថា សកម្មភាពចែករំលែកក្តីស្រឡាញ់នេះគឺជាលើកទី ៣០ របស់ក្រុមហ៊ុន មីដាសហ្វូដ នៃកម្មវិធីសប្បុរសធម៌ ហើយក្រុមហ៊ុនក៏នៅតែបន្តរាល់សកម្មភាពល្អនេះជានិច្ច យ៉ាងតិចឲ្យបានចំនួន ១ ដង ក្នុង ១ ខែ ដើម្បីចូលរួមជួយសម្រួលដល់ប្រព័ន្ធអប់រំ និងប្រជាពលរដ្ឋដែលមានការខ្វះខាត។ ក្រុមហ៊ុន មីដាសហ្វូដ មានមោទនភាពដែលបានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាព និងអនាគតដ៏ល្អសម្រាប់កុមារ និងសង្គមជាតិបន្តទៅមុខទៀត៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


