Connect with us

ព័ត៌មានជាតិ

ជនបរទេសជាង១៣ម៉ឺននាក់ត្រូវបានដេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធ Online Scam

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញចេញនូវជនបរទេសចម្រុះជាតិសាសន៍ប្រមាណជាង១៣ម៉ឺននាក់ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តួលេខនេះ ត្រូវបានលោក បញ្ជាក់ថា រាប់ចាប់ពីខែមករា ឆ្នាំ២០២៥ រហូតដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក នេត្រ ភក្ត្រា ជាមួយគ្នានេះ ក៏មានការចាកចេញរបស់ជនបរទេសដោយស្ម័គ្រចិត្តប្រមាណជាង២៤ម៉ឺននាក់ផ្សេងទៀត ដែលក្នុងនោះជនជាតិចិនច្រើនជាងគេ បន្ទាប់មកមានវៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា និងបង់ក្លាដេស។

លោកបានលើកឡើងក្នុងសិក្ខាសាលាមួយនៅទីស្ដីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ពីប្រទេសកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ដោយមិនដកដៃក្នុងការបង្ក្រាបឧក្រិដ្ឋកម្មប្រភេទនេះ។

ក្នុងកិច្ចខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាលកន្លងមក រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេលជិត១០ខែចុងក្រោយ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន២៥០ករណី ក្នុងនោះរាប់បញ្ចូលទាំងការបង្ក្រាបទីតាំងកាស៊ីណូចំនួន៩១ទីតាំង។ ក្នុងចំណោមនោះ លោក ថា បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន១១២ករណី ខណៈជនសង្ស័យដែលមានការពាក់ព័ន្ធមានប្រមាណ១ ០៨៩នាក់ ជាអាទិ៍ជនជាតិចិន វៀណាម ថៃ ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ ជាដើម។

តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើ Online Scams គឺមិនបានផ្ដល់ប្រយោជន៍ដល់កម្ពុជាឡើយ តែផ្ទុយទៅវិញ បញ្ហានេះថែមទាំងបានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចជាតិ ជាពិសេសគឺបានបំផ្លាញកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា កម្លាំងមានសមត្ថកិច្ចកម្ពុជា បាននិងបន្តប្រតិបត្តិការដ៏ក្តៅគគុកក្នុងការបំបែកសំបុកក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលតាមការអះអាងរបស់សមត្ថកិច្ច បានធ្វើឱ្យក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរត់គេចទៅសម្ងំលាក់ខ្លួននៅទីកន្លែងនានាក្នុងប្រទេស និងមួយចំនួនទៀតបានចាកចេញពីកម្ពុជាហើយព្យាយាមបន្តប្រតិបត្តិការឆបោកនៅតាមប្រទេសក្នុងតំបន់មួយចំនួនទៀត។ តែយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបានបង្ហាញអំពីការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតក្នុងការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ ដោយមិនត្រឹមកម្ចាត់តែក្រុមឧក្រិដ្ឋជនប៉ុណ្ណោះទេ តែក៏បានព្រមានចាត់វិធានការលើមន្ត្រីដែលនៅពីក្រោយខ្នងបទល្មើសនេះផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម