ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ប្រកាសបើកផ្លូវការយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសបើក និងដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយផ្ដោតសំខាន់លើការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។ យុទ្ធនាការនេះត្រូវបានប្រកាសបើក និងដាក់ឱ្យដំណើរការជាផ្លូវការដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពីបរិវេណវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។

យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពេលដែលមានការប្រឈមមុខនឹងហានិភ័យឌីជីថល និងព័ត៌មានក្លែងក្លាយក្នុងបរិយាកាសនៃបច្ចេកវិទ្យាមានការវិវត្តយ៉ាងរហ័ស ហើយដែលយុវវ័យចាំបាច់ត្រូវអភិវឌ្ឍផ្នត់គំនិតតាមអភិក្រមសុវត្ថិភាពព័ត៌មាន ដែលទាមទារឱ្យចេះ គិតពិចារណា និងការយល់ដឹងច្បាស់អំពីប្រព័ន្ធឌីជីថល មធ្យោបាយទទួលព័ត៌មាន ជំនួសឱ្យទម្លាប់នៃការទទួលយកព័ត៌មានដោយអកម្ម។
យុទ្ធនាការនេះ បានដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោតលើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយបោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះ ក៏នឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដែលមានស្មារតីម្ចាស់ការក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍។

ពីវេទិកាខាងលើ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ លោក និយាយថា «ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏រឹងមាំ ដើម្បីបន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ សហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម»។
ការចេញដំណើរយុទ្ធនាការជំហានទី២នេះ លោក ថា ជាសក្ខីកម្មឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។

គួរឱ្យដឹងថា ក្រសួងព័ត៌មាន ដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
យុទ្ធនាការនឹងជំរុញការអនុវត្តអភិក្រមសុវត្ថិភាពព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការ ទប់ស្កាត់ និងការពារខ្លួនពីហានិភ័យនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ ក្នុងន័យនេះ យុទ្ធនាការ នឹងលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជន និងប្រជាពលរដ្ឋទាំងអស់ដើម្បីលុបបំបាត់វប្បធម៌ចេះតែចែករំលែកតៗគ្នា ញែកព័ត៌មានបំពុល ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិទ្យា AI ចេញពីលំហព័ត៌មានពិត ការពារទិន្នន័យនិងគណនីផ្ទាល់ខ្លួនដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និងរក្សាលេខកូដសម្ងាត់ ទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ដោយមិនចែករំលែកព័ត៌មានចចាមអារ៉ាម ព័ត៌មានគ្មានប្រភពច្បាស់លាស់ និងរួមគ្នាចុច Report ខ្លឹមសារបែបបំពុល ញុះញង់ និងឆបោក និងជួយផ្សព្វផ្សាយអក្ខរកម្មព័ត៌មានដល់ក្រុមគ្រួសារនិងសហគមន៍ សំដៅរក្សាសុវត្ថិភាពព័ត៌មានក្នុងសង្គមទាំងមូល។

គួររំលឹកថា ការឈានមកដល់ជំហានទី២នេះ គឺការអនុវត្តឈរលើមូលដ្ឋានគ្រឹះនៃភាពជោគជ័យពីយុទ្ធនាការជំហានទី១ ដែលបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ នៅទូទាំង២៥ រាជធានី-ខេត្ត។ យុទ្ធនាការជំហានទី១ បានផ្តល់ចំណេះដឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រួមនឹងអក្ខរកម្មឌីជីថល ត្រូវបានបញ្ជា្របដល់ពលរដ្ឋជិត១០លាននាក់តាមរយៈសកម្មភាពឃោសនាផ្ទាល់ និងបានផ្សព្វផ្សាយសារទៅដល់អ្នកប្រើប្រាស់ទូរស័ព្ទសរុបជាង២៣លានអង្គ/នាក់ នៅទូទាំងប្រទេស ក្រោមសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សមិទ្ធផលទាំងនេះ ក៏មិនត្រឹមតែលើកកម្ពស់ចំណេះដឹងផ្នែកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសុវត្ថិភាពព័ត៌មានឌីជីថល និងការពារសហគមន៍កម្ពុជាពីហានិភ័យនៃព័ត៌មានក្លែងក្លាយយ៉ាងមានប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


