Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មានឱ្យយុវជនចូលរួមកម្ចាត់ព័ត៌មានក្លែងក្លាយ ខណៈក្រសួងផ្ដើមយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២

បានផុស

នៅ

«សូមចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ហើយនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»។ នេះជាការប្រកាសអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការនូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ លោក នេត្រ ភក្ត្រា បានប្រកាសផ្សព្វផ្សាយជាផ្លូវការពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ខណៈយុទ្ធនាការជំហានទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ ហើយជំហានទី២នេះ ក្រសួងព័ត៌មាន ធ្វើឡើងក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។

ការផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយចាប់ផ្ដើមពីគ្រឹះស្ថានសិក្សាពេលនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គឺដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់ស្រទាប់យុវវ័យ សំដៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយក្នុងស្រទាប់យុវជន និងសិស្សានុសិស្ស តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រី បានបន្តថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាយុទ្ធនាការដ៏មានសារសំខាន់បំផុត ក្នុងបរិបទដែលប្រជាជន រួមទាំងស្រទាប់យុវជន មានការពេញនិយមក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេសការប្រើប្រាស់ទូរសព្ទទំនើបស្ទើរគ្រប់គ្នា ខណៈបញ្ហាប្រឈមក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានច្រើន ប្រសិនបើមិនមានការអប់រំណែនាំ និងពង្រឹងផ្នែកអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទេនោះ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ឱ្យសូមចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។ លោក បានផ្ដាំសិស្សានុសិស្ស កុំបន្តចែករំលែក កុំ ផ្សព្វផ្សាយនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ឱ្យសោះ ដោយលោកសង្កត់ធ្ងន់ថា «ត្រូវពិនិត្យប្រភពឱ្យច្បាស់លាស់ មុននឹងចែករំលែកព័ត៌មាន»។

គួរកត់សម្គាល់ថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ គឺជាការអនុវត្តនូវយន្តការប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដើម្បីលើកកម្ពស់សន្តិសុខព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សំដៅធានាបាននូវការការពារសិទ្ធិទទួលបានព័ត៌មានពិត និងត្រឹមត្រូវរបស់ពលរដ្ឋគ្រប់ៗរូប៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម