Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា

បានផុស

នៅ

មន្ទីរសុខាភិបាល​ខេត្តមណ្ឌលគីរី ចាប់ផ្តើមធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មូស ដើម្បីបំបាត់ជម្រកមូសខ្លានៅតាមទីប្រជុំជន និងតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានិភ័យខ្ពស់ ក្នុងការកាត់បន្ថយការឆ្លង ករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម។ សកម្មភាពចុះបាញ់ថ្នាំសម្លាប់មូសនេះ ធ្វើឡើងនារដូវវស្សាបានមកដល់ ដែលជាឱកាសសម្រាប់មូសបង្កកំណើតនៅក្នុងពាង អាងទឹក សំបកកង់ឡាន ​សំបកដូង ថូផ្កា និងនៅតំបន់ដែលមានទឹកដក់ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ថា ខណៈរដូវវស្សាឈានចូលមកដល់ ភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ គឺជាឱកាសការចាប់កំណើតពពួកសត្វមូសខ្លាដែលអាចបង្កហានិភ័យកើតជំងឺគ្រុនឈាមទៅលើទារក កុមារ និងមនុស្សគ្រប់វ័យ។ លោកបញ្ជាក់ថា ដើម្បីទប់ស្កាត់និងបង្ការជំងឺគ្រុនឈាមនារដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានរៀបចំចាត់មន្ត្រីជំនាញ ចុះបាញ់បំពង់ផ្សែងបង្ការជំងឺគ្រុនឈាមក្នុងក្រុងសែនមនោរម្យ ចែកចេញជា៤សង្កាត់រួមមាន សង្កាត់ស្ពានមានជ័យ សង្កាត់រមនា សង្កាត់មនោរម្យ និងសង្កាត់សុខដុម ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី ៧ ខែ មិថុនាឆ្នាំ២០២៥។

លោកបន្តថា៖«លើសពីនោះ បើសិនជានៅតាមបណ្តា ភូមិ ឃុំ ស្រុក ដែលសង្ស័យមានកើតជំងឺគ្រុនឈាម ហើយផ្តល់ដំណឹងមកកាន់មន្ទីរសុខាភិបាលខេត្ត ក្នុងនាមមន្ត្រីជំនាញនឹងចាត់កម្លាំងឱ្យចុះទៅបាញ់បំពង់ផ្សែងដើម្បីបង្ការជំងឺគ្រុនឈាមភ្លាមៗឱ្យទាន់ពេលវេលាផងដែរ»។

បើតាមប្រធានមន្ទីរសុខាភិបាល គ្រុនឈាមគឺជាជំងឺមួយដ៏កាចសាហាវ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសទៅលើកុមារអាយុក្រោម១៥ឆ្នាំ គឺមានរោគសញ្ញានៃជំងឺនេះស្ដែងចេញដូចជា កម្ដៅឡើងខ្ពស់ ចាប់ពី(៣៩ អង្សាសេឡើងទៅ និងមានចេញកន្តួលក្រហមលើស្បែក ឈឺសាច់ដុំ ឈឺក្នុងពោះ ក្រហមជុំវិញរង្វង់ភ្នែក និងមានចេញឈាមតាមអញ្ចាញធ្មេញ និងច្រមុះរន្ធគូទជាដើម»។

ភ្ជាប់ជាមួយនឹងវិធានការបាញ់ថ្នាំ មន្ទីរសុខាភិបាលខេត្ត ក៏បានចេញលិខិតជូនដំណឹងនិងផ្សព្វផ្សាយ ទៅកាន់ប្រជា​ពលរដ្ឋឱ្យបង្កើនការពារ តាមលំនៅឋានរបស់ខ្លួន តាមរយៈសម្អាតអនាម័យជុំវិញផ្ទះ ដើម្បីលុបំបាត់ជម្រកមូសខ្លា។

យោងតាមរបាយការណ៍លទ្ធផលស្តីអំពីការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤នៃក្រសួងសុខាភិបាល ក្នុងឆ្នាំ ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០ នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់។ ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុប ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់  ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម