ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល សម្រេចផ្អាក វ៉ាក់សាំងគ្រុនឈាម ចាក់ត្រឹមតែ១ដូស ក្រោយសង្ស័យធ្វើឲ្យមនុស្សស្លាប់២ករណី
ប្រេស៊ីល បានប្រកាសកាលពីថ្ងៃទី ៨ ខែមិថុនា ថា ខ្លួនកំពុងឲ្យផ្អាកជាបណ្តោះអាសន្ន នូវការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមប្រភេទចាក់តែមួយដូស ដំបូងគេបង្អស់នៅលើពិភពលោក បន្ទាប់ពីមាន ការស្លាប់២ករណីដ៏គួរឲ្យសង្ស័យកើតឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។

មនុស្សជាងកន្លះលាននាក់ បានទទួលវ៉ាក់សាំងបង្ការនេះនៅក្នុងឆ្នាំ ២០២៦ ដែលជាវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើងដោយមូលនិធិសាធារណៈនៅប្រេស៊ីល និងទទួលបានការអនុម័តពីអាជ្ញាធរសុខាភិបាល កាលពីខែវិច្ឆិកាកន្លងទៅ។ នេះគឺជាវ៉ាក់សាំងចាក់តែមួយដូស ដំបូងបង្អស់សម្រាប់ប្រឆាំងនឹងវីរុសគ្រុនឈាមដែលចម្លងដោយមូសខ្លា វាអាចបង្កឲ្យមានអាការគ្រុនក្តៅខ្លាំង ឈឺក្បាល, ឈឺសាច់ដុំ, ចង្អោរ, កន្ទួលក្រហមនៅលើស្បែក ហើយក្នុងករណីកម្រខ្លះអាចបណ្តាលឲ្យស្លាប់បាន។
ក្នុងចំណោមប្រជាពលរដ្ឋជាង៥០ម៉ឺនាក់ (៥០១,០៤៤ នាក់) ដែលបានចាក់វ៉ាក់សាំងចន្លោះពីខែមករា ដល់ខែមីនា មានចំនួន ៣,៧០៣ នាក់ (ស្មើនឹង ០,៧ ភាគរយ) បានបង្ហាញរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនឈាម។ ទន្ទឹមនឹងនេះ យោងតាមក្រសួងសុខាភិបាល មានមនុស្សចំនួន ៤២ នាក់មាន ប្រតិកម្មធ្ងន់ធ្ងរ។
ជាក់ស្ដែង អាជ្ញាធរបានកត់ត្រាពីករណីធ្ងន់ធ្ងរបំផុតចំនួន ៣ ករណី រួមទាំងករណីចំនួន ២ ដែលបានបណ្តាលឲ្យបាត់បង់ជីវិតបុរសអាយុ ៥៨ ឆ្នាំម្នាក់ និងស្ត្រីអាយុ ៤៨ ឆ្នាំម្នាក់។ ចំណែកឯស្ត្រីអាយុ ៣៨ ឆ្នាំម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងបន្ទប់ ICU ប៉ុន្តែបច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Alexandre Padilha បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា មិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីមូលហេតុ និងផលប៉ះពាល់ រវាងវ៉ាក់សាំង និងករណីធ្ងន់ធ្ងរទាំង ៣ នេះនៅឡើយទេ ប៉ុន្តែវាគឺជាសញ្ញាព្រមានមួយ។ លោកបញ្ជាក់បន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន «យើងបានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំងនេះជាបណ្តោះអាសន្ន» ដោយមិនបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌតម្រូវសម្រាប់ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញនោះទេ។
លោករដ្ឋមន្ត្រីបានបន្តថា ផលប៉ះពាល់ដែល «មិននឹកស្មានដល់ទាល់តែសោះ» ទាំងនេះ មិនត្រូវបានរកឃើញឡើយក្នុងកំឡុងពេលធ្វើតេស្តសាកល្បងលើអ្នកស្ម័គ្រចិត្តជាង ១៦,០០០ នាក់នៅទូទាំងរដ្ឋចំនួន ១៤ របស់ប្រេស៊ីល។ ការសាកល្បងទាំងនោះបានកត់ត្រាពីអត្រាប្រសិទ្ធភាព រហូតដល់ ៩១,៦ ភាគរយ ក្នុងការប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃជំងឺនេះ។
ដោយឡែក យោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំងគ្រុនឈាមមួយប្រភេទទៀត ដែលមានឈ្មោះថា TAK-003 តម្រូវឲ្យចាក់ចំនួន ២ ដូស ដោយរក្សាគម្លាតគ្នា ៣ ខែឯណោះ។ ដូច្នេះ វ៉ាក់សាំងមួយដូស អាចជួយពន្លឿន និងសម្រួលដល់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ឲ្យកាន់តែងាយស្រួលជាងមុន។
គួររំលឹកផងដែរថា ប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមច្រើនជាង ៦,០០០ នាក់ក្នុងឆ្នាំ ២០២៤ ដែលស្ទើរតែស្មើនឹងពាក់កណ្តាលនៃចំនួនអ្នកស្លាប់ដែលបានកត់ត្រានៅទូទាំងពិភពលោក ប៉ុន្តែស្ថានភាពនេះបានធូរស្រាល និងកែលម្អឡើងវិញយ៉ាងខ្លាំង នៅក្នុងឆ្នាំ ២០២៥ កន្លងទៅ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


