Connect with us

ព័ត៌មានជាតិ

ប្រមុខមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ

បានផុស

នៅ

ប្រមុខមហាផ្ទៃ នាយឧត្ដមសេនីយ៍  ស សុខា នៅថ្ងៃទី១០ ខែមិថុនា បានឱ្យអភិបាលខេត្តជាប់ព្រំដែនត្រៀមជម្លៀសពលករដែលវិលចូលប្រទេសវិញ និងពលរដ្ឋរស់នៅតាមព្រំដែនប្រឈម ក្នុងករណីកម្ពុជា និងថៃផ្ទុះអាវុធជាយថាហេតុ ឬការបិទទ្វារព្រំដែន និងរៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី ជូនជនភៀសសឹកស្នាក់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ឱ្យអភិបាលខេត្តជាប់ព្រំដែនហាមឃាត់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់-ហេតុ ឬឯកសារនានាជាមួយភាគីថៃ រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ។

លោក ស សុខា ប្រាប់ឱ្យអភិបាលខេត្តត្រូវការពារប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុងទឹកដីថៃ និងណែនាំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋកុំ ឱ្យឆ្លងដែនចូលទៅថៃជាបណ្តោះអាសន្ន ប្រសិនបើមគ្មានការចាំបាច់ទេ និងត្រូវត្រៀមវិធានការគ្រប់គ្រងស្ថានភាពអាសន្នដែលអាចកើតឡើងជាយថាហេតុ និង សហការឱ្យជាប់ជាមួយកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិពលរដ្ឋថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បូរណភាពទឹកដី សុវត្ថិភាព និងត្រូវឱ្យសមត្ថកិច្ចថ្នាក់ក្រោមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង តាមដាន រាយការណ៍ និងគ្រប់គ្រងសភាពការណ៍ព្រំដែនក្នុងជាប្រចាំ។

លោក ស សុខា ក៏ឱ្យអភិបាលខេត្ត ពិភាក្សាជាមួយអាជ្ញាធរខេត្តនិងសមត្ថកិច្ចថៃ គ្រប់គ្រងការឆ្លងកាត់ព្រំដែនតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ផ្លូវការ តាមស្ថានភាពជាក់ស្តែងរបស់ខេត្តនីមួយៗ និងតាមដានស្ថានការណ៍វិវត្តតាមច្រកទ្វារព្រំដែនឱ្យជាប់ និងត្រូវណែនាំសមត្ថកិច្ចទប់ស្កាត់ និងហាមដាច់ខាតមិនឱ្យមានការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀង ឬច្រកទ្វារពុំផ្លូវការ ដោយត្រូវមានវិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើស។

ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឱ្យអភិបាលខេត្ត ណែនាំដល់សមត្ថកិច្ចកម្ពុជានៅតាមព្រំដែនបន្តតាមដាន ទប់ស្កាត់ឱ្យទាន់ពេល និងកត់ត្រាឱ្យច្បាស់រាល់ទង្វើឯកតោភាគីរបស់ថៃ ដែលនាំឱ្យប្រែប្រួលបរិស្ថានតំបន់ព្រំដែន បំពានមាត្រា៥ នៃ អនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិង ខណ្ឌព្រំសីមាព្រំដែនគោក ដោយអនុវត្តតាមនីតិវិធីកំណត់ក្នុងចំណុច៧ នៃលិខិតលេខ ៣៥៩៩ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

យ៉ាងណាប្រមុខមហាផ្ទៃកម្ពុជា ឱ្យប្រាប់ឱ្យកងកម្លាំង សមត្ថកិច្ចតាមព្រំដែនរក្សាទំនាក់ទំនងជាមួយ កងកម្លាំងនៃភាគីថៃ ក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់បំផុតជៀសវាងប្រើប្រាស់អាវុធ។ ចំពោះបញ្ហាដែលហួសពីសមត្ថភាពខ្លួន ត្រូវសុំ គោលការណ៍សម្រេចពីថ្នាក់ជាតិ ដើម្បីមានវិធានការដោះស្រាយទាន់ពេល។

លោក ស សុខា ក៏ឱ្យបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិន ពិត ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈ ញុះញង់ បំបាក់ទឹកចិត្តកងទ័ពនិងនគរបាលការពារព្រំដែន បញ្ឆេះកំហឹង និងអរិភាពរវាង ប្រជាជាតិទាំងពីរ ដែលបើកដៃឱ្យក្រុមជ្រុលនិយមបំភ្លៃសាធារណមតិ និងបំផ្លិចបំផ្លាញ កិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែននិង អធិបតេយ្យដ៏មានសារៈសំខាន់នេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១៦ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម

Sokha Hotels

ព័ត៌មានពេញនិយម