Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​យុទ្ធសាស្រ្ត ៣ ខ្សែ ស្ថិត​ក្នុង​ផែនការ​អាទិភាព​ ​ជំរុញ​បើក​ការដ្ឋាន​សាងសង់

បានផុស

នៅ

ផ្លូវ​ជាតិ​យុទ្ធសាស្រ្តចំនួន ៣ ខ្សែ ស្ថិត​នៅ​ក្នុង​ផែនការ​ជំរុញ​ការ​សាងសង់​របស់រដ្ឋាភិបាល ដើម្បី​បង្កើតបណ្តាញ​​ប្រព័ន្ធ​ដឹកជញ្ជូន​ប្រទាក់​ក្រឡា​គ្នា​ទូទាំង​ប្រទេស។

ផ្លូវ​ជាតិ​លេខ ៦០​បេ

អតីត​​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​ពាក់ព័ន្ធ​គម្រោង​​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​ពី​ខេត្ត​ក្រចេះ​មក​ខេត្ត​កំពង់ធំ​ ដែលនឹង​ចូលរួម​​​​ពង្រឹង​ដល់ប្រព័ន្ធ​ដឹកជញ្ជូន និង​នាំ​ផលប្រយោជន៍​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

នៅ​ក្នុង​សន្និសីទ​​កាសែត​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅរាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ ២០២២ សម្តេច​តេជោ​ ហ៊ុន សែន ក្រៅពី​លើកពី​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេ​មេគង្គក្នុង​ខេត្ត​ក្រចេះ សម្តេច​បាន​​បង្ហើប​ពី​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ ៦០​បេ ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ ដោយ​ប្រើប្រាស់​ថវិកា​ពី​រដ្ឋាភិបាល​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្លូវជាតិ​លេខ ៦០ បេ (ក្រុង​ក្រចេះ- កំពង់ថ្ម – កំពង់ធំ) មាន​ប្រវែង​សរុប​ជាង ១៣០ គីឡូម៉ែត្រ​ ដែ​ល​សាងសង់ត​ភ្ជាប់​ពី​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​​កាត់​តាម​ស្រុក​ព្រែក​ប្រសព្វ​ រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ។

​​ពាក់ព័ន្ធ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​គ្រោង​​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ​។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ ៧១សេ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ នឹង​បើក​ការដ្ឋាន​សាងសង់​​ ក្រោយ​ដំណើរការ​​​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​បញ្ចប់​នៅ​ឆ្នាំ ២០២៥​។

ផ្លូវជាតិលេខ ៥០ C ពី​កំពង់ឆ្នាំង​ទៅ​កំពង់ធំ

ផ្លូវ​ជាតិ​លេខ ៥០C ក៏​ជា​គម្រោង​អាទិភាព ដែល​រដ្ឋាភិបាល​កំពុង​ជំរុញ​ក្នុងការ​បើក​ការដ្ឋាន​សាងសង់។

គម្រោងស្ថាបនា​ផ្លូវជាតិលេខ ៥០C តភ្ជាប់​ពីខេត្ត​កំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ ​រួម​ទាំង​ស្ពានឆ្លងកាត់​ទន្លេសាប​ដែលមាន​ប្រវែង​ជាង ៣ គីឡូម៉ែត្រ បានសិក្សាចប់សព្វគ្រប់ ​និងរង់ចាំថវិកាពីរដ្ឋាភិបាល​ប្រទេស​ចិន។​

បើតាម​មន្រ្តី​ក្រសួងសាធារណការ ​និងដឹកជញ្ជូន ​ក្រុមមហ៊ុនសាជី​វ​កម្មស្ពាន-ថ្នល់ចិន (CRBC) បាន​ចេញ​របាយការណ៍​សិក្សា​សមិទ្ធិ​លទ្ធភាព​​គម្រោងស្ថាបនាផ្លូវជាតិលេខ៥០C រួចហើយ និង​រង់ចាំ​ការពិនិត្យ​សម្រេច​អំពីឥណ​ទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

គម្រោង​សាងសង់​ផ្លូវតភ្ជាប់​ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់​ធំ រួម​ទាំង​ស្ពាន​តភ្ជាប់​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២៥០ លានដុល្លារ។

ការ​ស្ថាបនា​ផ្លូវ​នេះ ចែកចេញជាពីរផ្នែក ក្នុងនោះ​ផ្លូវ ៥០C មាន​ប្រវែងសរុប ៥៨,២០៨ គីឡូម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) មាន​ទទឹង ១០ម៉ែត្រ និង​ស្ពានឆ្លងកាត់ទន្លេសាប ប្រវែង ៣.២៤០ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ។

តាម​រយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏សំខាន់​នេះ នឹង​សម្រួលលំហូរ​ចរាចរណ៍​​ពី​ផ្លូវ​ជាតិ​លេខ​៥ ទៅ​លេខ ៦ និង​ការ​តភ្ជាប់​ទៅផ្លូវសំខាន់ផ្សេងៗទៀត ព្រមទាំងជួយពន្លឿន​ការអភិវឌ្ឍ​តំបន់នោះឲ្យកាន់តែរីកចម្រើន។

ផ្លូវ​ពី​សៀមរាប​ទៅ​បាត់ដំបង

ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​ស្ថិត​នៅ​ក្នុង​គម្រោង​អាទិភាព​របស់​រដ្ឋាភិបាលក្នុងការ​ជំរុញ​បើក​ការដ្ឋាន​សាងសង់។​

ថ្លែងក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃ ២៤ មករា ឆ្នាំ ២០២៣ លោក សុខ លូ អភិបាល​នៃគណៈអភិបាល​ខេត្តបាត់ដំបង​បាន​មើលឃើញ​ពី​គុណ​ប្រយោជន៍នៃការ​ស្ថាបនា​ផ្លូវ​ថ្មី​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​សៀមរាប ដើម្បី​ជំរុញកំណើន​​សេដ្ឋកិច្ចជាតិ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

បើតាមលោក សុខ លូ ផ្លូវ​ថ្មី​ដែលគ្រោង​សាងសង់​​នេះ​មាន​ប្រវែង​តែ​ជាង ៧០ គីឡូម៉ែត្រ។ បើ​ធ្វើ​ដំណើរ​ប្រើ​ពេល​តែ​​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ​គឺ​ចំណេញ​ពេល​ច្រើន​ណាស់ បើ​ប្រៀបធៀប​គន្លង​ផ្លូវ​ចាស់​​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ។

​​​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​និង​ក្រុមហ៊ុន China Road and Bridge Corporation របស់​ប្រទេស​ចិន​បាន​សិក្សា​រួមគ្នា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​កាត់​ថ្មី​ពី​ខេត្ត​បាត់ដំបង​ទៅខេត្ត​​សៀមរាប​។ ផ្លូវថ្មី​ដែលគ្រោង​សាងសង់នេះ​​ឆ្លងកាត់ខេត្ត​ចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប បើប្រៀបធៀប​ទៅ​ចម្ងា​យផ្លូវ​ចាស់​ចំណេញជាង ១០០ គីឡូម៉ែត្រ

​តាមការ​សិក្សា​ ផ្លូវ​ថ្មី​នេះ​សាងសង់​ចេញ​ពីចំណុច​​ផ្លូវជាតិ​លេខ​៥ ត្រង់​ PK302+325 ម៉ែត្រ ឆ្ពោះ​ទៅ​​បញ្ចប់​​​នៅ​ផ្លូវ​​ជាតិ​លេខ ​៦ ត្រង់ចំណុច PK343+100 ម៉ែត្រ មាន​ចម្ងាយ ៧២,១៥៤ គីឡូ​ម៉ែត្រ ឆ្លង​កាត់ ៥ ស្រុក ក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ ២ ស្រុក គឺស្រុកថ្មគោល និងស្រុក​ឯកភ្នំ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ស្រុក​ព្រះនេត្រព្រះ និង​ខេត្តសៀមរាប ឆ្លងកាត់ ២ ស្រុក គឺ​ស្រុក​ក្រឡាញ់ និង​ស្រុក​ពួក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម