Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ បន្ថែមបរិក្ខារសុវត្ថិភាពចរាចរណ៍នៅចំណុចប្រឈមគ្រោះថ្នាក់ ក្នុងស្រុកក្រគរ

បានផុស

នៅ

ក្រសួងសាធារណការ ចុះដំឡើងបរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែមនៅលើផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ក្រោយមានគ្រោះថ្នាក់ញឹកញាប់ និង ប្រមូលទិន្ន័យចរាចរណ៍ទីតាំងខាងលើនេះ ដើម្បីដឹងពីមូលហេតុ និងរកដំណោះស្រាយដែលមានប្រសិទ្ធភាពធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការគិតគូរខ្ពស់ និងជាប្រចាំរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីតំណាងស្នងការខេត្តពោធិ៍សាត់ និងភាគីពាក់ព័ន្ធ បានចុះពិនិត្យជាក់ស្តែង និងដំឡើងបរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែមចំណុចកំណាត់ផ្លូជាតិលេខ៥ ត្រង់គម.១៤៩ ដល់ គម.១៥០ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានកើតគ្រោះថ្នាក់ញឹកញាប់ ពិសេសក្នុងដើមរដូវភ្លៀងឆ្នាំនេះ។

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានសិក្សាលក្ខណៈបច្ចេកទេស និងប្រមូលទិន្ន័យចរាចរណ៍ទីតាំងខាងលើនេះ ដើម្បីដឹងពីមូលហេតុ និងរកដំណោះស្រាយដែលមានប្រសិទ្ធភាពធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ទីតាំងនោះជាតំបន់ប្រជុំជន ដែលតាមច្បាប់ចរាចរណ៍ផ្លូវគោកកំណត់ឱ្យបើកបរត្រឹម ៤០km/h ហើយគំរូប្លង់ផ្លូវរបស់គម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ក្រោមហិរញ្ញបទានរបស់ជប៉ុន បានគិតគូរ ផ្ទៀងផ្ទាត់តាមស្តង់ដាបច្ចេកទេស និងផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមផងដែរ។ ក្រុមការងារបានរកឃើញថា បញ្ហាចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ គឺការប្រើប្រាស់ល្បឿន(មានការប្រើប្រាស់ល្បឿនលឿនខ្លាំងត្រង់ចំណុងកោងនោះ)។

ចំពោះវិធានការរបស់ជំនាញក្នុងការបង្ការគ្រោះថ្នាក់ ក្រុមការងារផ្តោតលើការធ្វើឱ្យយានយន្តបន្ថយល្បឿនមុនពេលចូលដល់ចំណុចកោង ដោយបានបំពាក់បន្ថែមបរិក្ខារមួយចំនួន ដើម្បីបង្កើនការចាប់អារម្មណ៍ដល់អ្នកបើកបរ និងជាសំខាន់ការបន្ថែមបរិក្ខារដែលមានប្រសិទ្ធភាពខ្ពស់ទាំងពេលថ្ងៃ យប់ និងពេលមានភ្លៀង។

ក្រុមការងារបច្ចេកទេស បានអនុវត្តការងារបំពាក់បរិក្ខារទាំងនោះ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលគ្រោងរួចរាល់នៅចុងសប្តាហ៍នេះ ដោយមានក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ឈប់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅចំណុចនោះ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ អ្នករួមដំណើរ និងអ្នករស់នៅតាមសងខាងផ្លូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម