ព័ត៌មានជាតិ
កិច្ចប្រជុំ JBC៖ កម្ពុជា ប្រាប់ថៃ ថា តំបន់៤ដែលប្ដឹងទៅ ICJ លែងយកមកដោះស្រាយជាទ្វេភាគីទៀតហើយ
នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) តំណាងកម្ពុជា បានប្រាប់ភាគីថៃ ថា តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី លែងយកមកដោះស្រាយជាទ្វេភាគីរវាងកម្ពុជា និងថៃ ទៀតហើយ ដោយសំណុំរឿងព្រំដែនពាក់ព័ន្ធតំបន់ទាំង៤នេះ នឹងត្រូវដោះស្រាយតាមយន្តការតុលារការយុត្តិធម៌អន្តរជាតិ (ICJ)។

លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានបញ្ជាក់ថា ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែន ដោយយុត្តិធម៌ មិនលម្អៀង និងជាដំណោះស្រាយស្ថាបពរសម្រាប់ប្រទេសទាំងពីរ គឺចង់ឱ្យភាគីថៃចូលរួមជាមួយភាគីកម្ពុជាក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោករដ្ឋមន្ត្រី ឡាំ ជា ក៏បានបញ្ជាក់សាជាថ្មីពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្តើមដំណើរការនីតិវិធីច្បាប់ដោយឯករាជ្យ ម្ចាស់ការ ទោះបីជាភាគីថៃ បដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ។ ក្នុងន័យនេះ លោក ឡាំ ជា បានអះអាងបន្ថែមនៅចំពោះមុខភាគីថៃ ថា «ចាប់ពីពេលនេះតទៅ តំបន់ទាំងបួននេះលែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ»។
នេះយោងតាមខ្លឹមសារដែលចេញផ្សាយដោយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ។

តែយ៉ាងណា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរនិងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឌដែលប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការខណ្ឌសីមា និងបោះបង្គោលព្រំដែន។ ក្នុងន័យនេះ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទី ដែលភាគីថៃបានគូសជាឯកតោភាគី ហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។ ស្របពេលដែលភាគីទាំងពីរ ជួបប្រជុំគ្នានៅរាជធានីភ្នំពេញនេះ កម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក៏បានបញ្ជូនបណ្ដឹងផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

បើតាមសម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា លិខិតផ្លូវការនេះ ក្រសួងការបរទេស បានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះ ដើម្បីនាំយកលិខិតនេះដោយផ្ទាល់ទៅប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រូសែល ប្រទេសប៊ែលហ្សិក។ នៅថ្ងៃចន្ទស្អែកនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន