Connect with us

សន្តិសុខសង្គម

ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង កំពុងបង្កផលលំបាកដល់អ្នកធ្វើដំណើរ ខណៈរដូវវស្សាក៏ចូលមកដល់

បានផុស

នៅ

សម្រាប់ក្រុងបាត់ដំបងនាពេលបច្ចុប្បន្ន គេសង្កេតឃើញមានតែផ្លូវលេខ១ ដែលប្របមាត់ស្ទឹងសង្កែត្រើយខាងលិច ឆ្ពោះទៅកាន់សួនវិមានឯករាជ្យប៉ុណ្ណោះ ដែលមានស្ថានភាពស្អាតទាំងផ្លូវថ្នល់ទាំងសួនសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកសម្រាប់ផ្លូវដទៃទៀតក្រៅពីផ្លូវជាប់មាត់ស្ទឹងសង្កែ ដូចជាផ្លូវលេខ២ ឥឡូវលេខ៣ និងផ្លូវសំបុកមាន់ កំពុងមានបញ្ហាគ្រប់ទីកន្លែង គឺនៅមុនពេលភ្លៀងធ្លាក់ ស្ថានភាពផ្លូវសុទ្ធសឹងជាគ្រួស ថ្ម បែកពេញផ្លូវបង្កទៅជាធូលីហុយនៅពេលរថយន្តបើកកាត់ម្ដងៗ។ លុះក្រោយពេលភ្លៀងធ្លាក់ បង្កទៅជាលិចលង់លូស្ទះ លិចផ្លូវស្ទើរគ្រប់ទីកន្លែង ដែលជាការលំបាកក្នុងការធ្វើដំណើរ ព្រោះមើលផ្លូវមិនឃើញហើយក្នុងទឹកសុទ្ធសឹងជាជង្ហុក ធ្វើឲ្យមានការលំបាកខ្លាំងសម្រាប់អ្នកបើកបរម៉ូតូ។

ប្រមាណជាងមួយឆ្នាំចុងក្រោយនេះ ក៏មានការកាយបង្កប់លូគ្រប់ផ្ទះក្នុងក្រុងបាត់ដំបង ដែលជាប្រភេទលូអនាម័យ និងផ្ដួចផ្ដើមឡើងដោយធនាគារអភិវឌ្ឍន៍ ADB ដើម្បីទាញយកទៅស្តុបលើទីតាំងចំនួន២ ដែលទីតាំងទីមួយនៅខាងលិចស្ទឹងសង្កែ គឺស្តុកទៅខាងស្រុកឯកភ្នំ ដោយឡែកទីតាំងទីពីរ គឺនៅខាងកើតស្ទឹងសង្កែ ដែលទីតាំងស្តុកនៅក្នុងឃុំអន្លង់វិល ក្នុងទឹកដីស្រុកសង្កែ ទើបធ្វើឲ្យផ្លូវកាន់តែមានសភាពយ៉ាប់យុឺនខ្លាំង ស្របពេលនេះជារដូវវស្សាទៀត ធ្វើឲ្យការងារកាន់តែរាងស្ទះ។

បច្ចុប្បន្នទាំងប្រជាពលរដ្ឋទាំងអ្នកធ្វើដំណើរតាមដងផ្លូវ មានការរអ៊ូរទាំខ្លាំងទៅលើស្ថានភាពផ្លូវក្នុងក្រុងបាត់ដំបង ព្រោះមានការលំបាកខ្លាំងជាទីបំផុតក្នុងពេលធ្វើដំណើរតាមដងផ្លូវ ហើយស្ថានភាពនេះ គឺមានការលំបាករាប់ឆ្នាំមកហើយ ព្រោះការងារកាយលូនេះ បើទោះបីជាផ្លូវស្ថិតក្នុងស្ថានភាពចាក់បេតុង ឬក្រាលកៅស៊ូរួចរាល់ហើយក៏ដោយក៏ត្រូវតែកាត់និងគាស់កាយ ឡើងវិញដើម្បីដាក់ប្រព័ន្ធលូថ្មី ដែលនេះហើយជាបញ្ហាធ្វើឲ្យប្រជាពលរដ្ឋលើកឡើងមិនដាច់ពីមាត់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម