Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ស្នើអាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីបញ្ហា ទឹកជំនន់ទន្លេមេគង្គ ដល់ប្រជាពលរដ្ឋ

បានផុស

នៅ

លោក​អភិបាល​ខេត្ត​កំពង់ចាម បាន​ស្នើ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បង្កើន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹក​ជំនន់​ទន្លេ​មេគង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​នេះ ក្នុង​កិច្ចប្រជុំ​វាយតម្លៃ​លទ្ធផល​ការងារ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ប្រចាំ​ឆមាស​ទី ១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត កាលពី​ថ្ងៃ​ទី ១៦ កក្កដា ម្សិលមិញ​នេះ ខណៈ លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម បាន​លើក​ឡើង​ពី​ការ​ត្រៀម​បង្ការ​គ្រោះ​ទឹកជំនន់​ទន្លេ​មេគង្គ។

នា​ឱកាស​នោះ លោក អ៊ុន ចាន់ដា បាន​កត់​សម្គាល់​ថា ក្នុង​ឆ្នាំ ២០២៥ នេះ ទឹកទន្លេ​មេគង្គ បាន​ហក់​ឡើង​យ៉ាង​គំហុក ខ្ពស់​ជាង​ឆ្នាំមុន។

លោក អ៊ុន ចាន់ដា បាន​រំឭក​ថា នៅ​រដូវវស្សា ខេត្ត​កំពង់ចាម ដែល​ស្ថិត​នៅ​ជាប់​ដង​ទន្លេ​មេគង្គ តែង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេ​មេគង្គ។ ក្នុង​នោះ ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ លោក បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ពិនិត្យ​ជាប្រចាំ​នូវ​តំបន់​ងាយ​រងគ្រោះ រាប់​ចេញពី​ស្រុក​ស្ទឹងត្រង់ រហូតដល់​ស្រុក​កងមាស​-​ស្រុក​ស្រី​សន្ធរ ដែល​ជា​មុខសញ្ញា​ត្រូវ​សង្គ្រោះ។ បើ​តាម លោក​អភិបាលខេត្ត​កំពង់ចាម អាជ្ញាធរ ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​បង្ការ និង​រក​ទី​ទួល​មាន​សុវត្ថិភាព​សម្រាប់​ពួកគាត់។

លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ ត្រូវ​ត្រៀម​កម្លាំង និង​ក្រុម​ឆ្លើយតប ដើម្បី​សង្គ្រោះ​បន្ទាន់ ក្នុង​ករណី​មាន​ការ​ទំនាក់ទំនង​ពី​ប្រជាពលរដ្ឋ។ បើ​តាម​ការ​កត់​សម្គាល់ ឆ្នាំនេះ ទឹកទន្លេ​មេគង្គ បាន​ហក់​ឡើង​យ៉ាង​គំហុក ខ្ពស់​ជាង​ឆ្នាំមុន ដែល​បង្ក​ការ​ព្រួយបារម្ភ​ដល់​សុវត្ថិភាព​ពលរដ្ឋ​រស់នៅ​ជាប់​ទន្លេ​មេគង្គ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម