Connect with us

ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម

បានផុស

នៅ

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និង កែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម ពេលនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និង តំបន់ជុំវិញ​ បានទទួលសេវាទឹកស្អាតក្នុងការលើកកម្ពស់សុខភាពសាធារណៈគាំទ្រសកម្មភាពសេដ្ឋកិច្ច និង កែលម្អជីវភាពរស់នៅសម្រាប់ពលរដ្ឋក្នុងខេត្តកំពង់ចាម នៅថ្ងៃទី ​២០ ​ខែឧសភា​ ឆ្នាំ​ ២០២៦ នេះ​ លោក​ ហែម​ វណ្ណឌី​ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តំណាង​ដ៍ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីក្នុងក្រុងកំពង់ចាម​ ដោយមាន​ការ​ចូលរួមពី​ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និង តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) រួមនឹងអាជ្ញាធរខេត្តកំពង់ចាម​។

ឆ្លៀតក្នុងឱកាសនេះដែរ​ លោក ហែម វណ្ណឌី លើកឡើងថា “ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាពសាធារណៈ ផលិតភាពសេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខណៈដែលនគរូបនីយកម្ម និង ឧស្សាហូបនីយកម្ម កំពុងរីកចម្រើនខ្លាំង ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលរឹងមាំ មានសារសំខាន់កាន់តែខ្លាំង សម្រាប់ការកសាងទីក្រុងដែលមានភាពធន់ ភាពប្រកួតប្រជែង និង ងាយស្រួលរស់នៅសម្រាប់កម្ពុជា”។

គូសបញ្ជាក់​ថា គម្រោងដែលមានតម្លៃប្រមាណ ១២,៩៨ លានដុល្លារអាមេរិកនេះ បានបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតទ្វេដងដល់ប្រជាពលរដ្ឋក្នុងតំបន់សេវា ពី ៤៤.៩៥៥ នាក់ ដល់ ៨៩.០៣០ នាក់ និង បង្កើនចំនួនតំណចូលតាមខ្នងផ្ទះ ពី ១០,៤៦៤ ដល់ ១៩.៣៣៩ តំណ រួមទាំងគ្រួសារក្រីក្រចំនួន ៤១៤ ដែលទទួលបានតភ្ជាប់បណ្តាញដោយឥតគិតថ្លៃ។

ប្រព័ន្ធថ្មី ដែលរួមមានស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និង ការពង្រីកបណ្តាញបំពង់បញ្ជូន និង ចែកចាយទឹកស្អាត នឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១១.៦០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ ដែលធ្វើឲ្យសមត្ថភាពផលិតទឹកស្អាតសរុបរបស់រដ្ឋាករទឹកកំពង់ចាម កើនឡើងដល់ប្រមាណ ២៨.១០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ៕​
អត្ថបទ​ និង រូបភាព​ ៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម