Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ស្នើឱ្យអង្គការចំនួន៣ ចាប់​អារម្មណ៍​លើ​ការ​រើសអើង​ និង ការ​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​ដែល​ស្នាក់​នៅ​ធ្វើ​ការ​ថៃ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​បង្ហាញ​អំពី​រូបភាព​នៃ​ការ​ប្រព្រឹត្តិ​អំពើហិង្សា​ពី​សំណាក់​ក្រុម​ជ្រុល​និយម​ថៃ​មក​លើ​ពលករខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និងធ្វើការនៅប្រទេសថៃ។ ការ​បង្ហាញ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃ​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​បើក​សិក្ខាសាលានេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​អនុវត្ត​ដោយ​ជោគជ័យនូវ កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា (DWCP) នាពេលកន្លងមកនេះ។

នៅ​ក្នុង​ចំណោម​បណ្តាប្រទេសជាសមាជិកអាស៊ាន មាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ដែលអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេស របស់អង្គការ ILO ហើយកម្ពុជា ជាប្រទេសមួយក្នុងចំណោម ៨ប្រទេសខាងលើ ដែលបានអនុវត្តកម្មវិធីនេះយូរជាងគេ ពោលគឺចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺ​កម្ពុជា​កំពុងអនុវត្តដំណាក់កាលទី៦។

នេះ​ស​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​រួម​គ្នា​ដ៏​រឹងមាំ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយតំណាងត្រីភាគី និងដៃគូ ពាក់ព័ន្ធ, និងការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមការងារនានា ដែលស្របទៅតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិមុនៗ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន លោក​រដ្ឋមន្ត្រី​ក៏​បាន​យក​ឱកាស​នេះ​ដើម្បី​ឱ្យ​អង្គសិក្ខាសាលា​ទាំងមូល ជាពិសេស អង្គការ ILO បន្ថែម​ការ​ចាប់​អារម្មណ៍​លើ​ការ​លេចចេញ​នូវសកម្មភាពរើសអើង និង​អំពើ​ហិង្សា​មួយចំនួនទៅលើពលករខ្មែរដែល​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ​នៅ​ប្រទេសថៃ​ពីសំណាក់ក្រុមជ្រុលនិយមថៃ។ លោក​រដ្ឋមន្ត្រីបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាពិភាក្សារកដំណោះស្រាយជាក់ស្ដែងលើកស្ទួយដល់សិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏​ដូច​ជា​អ្នក​ដែល​បាន​នឹង​កំពុង​វិល​ចូល​មក​ស្រុកវិញយ៉ាងគំហុក ដោយសារតែពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាព។ លោករដ្ឋមន្ត្រី បានលើកជាសំណូមពរដល់ អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃ ដោយស្នើឱ្យមានកិច្ចអន្តរាគមន៍ភ្លាមៗ ប្រឆាំងការរើសអើង និងការប្រើហិង្សាលើពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សំដៅ​លើក​កម្ពស់​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់ពួកគាត់ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។

សូម​បញ្ជាក់​ផង​ដែរ​ថា សិក្ខាសាលាត្រីភាគី ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» មានសមាសភាពចូលរួមពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងពាក់ព័ន្ធ, អង្គការអន្តរជាតិខាងការងារ (ILO), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), ក្រុមប្រឹក្សាសហជីពជាតិសម្រាប់កម្មវិធី DWCP សរុបប្រមាណជិត១០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម