Connect with us

ព័ត៌មានជាតិ

ក្រោយបង្ហោះសារបំបាក់ទឹកចិត្តកងទ័ព! សម្តេចតេជោ បញ្ជាឱ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ចេញពីក្របខណ្ឌរដ្ឋ និងបណ្តេញចេញពីបក្ស

បានផុស

នៅ

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានព្រឹទ្ធសភា បានបញ្ជាឱ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ចេញពីក្របខណ្ឌរដ្ឋទាំងអស់ និងបណ្តេញចេញពីបក្ស ក្រោយបង្ហោះសារបំបាក់ទឹកចិត្តកងទ័ព ក្នុងគ្រាមានជម្លោះជាមួយសត្រូវឈ្លានពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី ០៣ ខែសីហានេះ ក្នុងកាលៈទេសៈនេះគ្មានពេលអប់រំអ្នកដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារឱ្យយើងដោះ​ស្រាយនោះឡើយ។ សម្តេចបន្តថា ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។

ដោយសារបង្ហោះសារទាំងនោះ សម្តេចតេជោ បានហៅទូរស័ព្ទប្រាប់ ធី សុវណ្ណថា ឲ្យលុបចោលនៅអត្ថបទចំនួន២កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែនៅថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។

ក្នុងន័យនេះ សម្តេចតេជោ បានប្រាប់ទៅលោក គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល និងជាអភិបាលខេត្តឲ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងបានប្រាប់ទៅលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ចប់មុខ​តំណែងពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
សម្តេចតេជោ គូសបញ្ជាក់ថា៖«ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់​មន្ត្រីដែលជាសមាជិកបក្សទាំងអស់»។

ការណែនាំរបស់សម្តេចតេជោ បន្ទាប់ពី ធី សុវណ្ណថា បង្ហោះសារម្តងហើយម្តងទៀតថា ទ័ពយើងជួរមុខភាគច្រើន មានជំងឺលើសឈាម ទឹមនោមផ្អែម ក្រពះ ថ្លើម និងតម្រងនោម ដើមហេតុមកពីផឹកស្រា និងខ្លឹមសារមួយទៀត ភ្នំខ្មោច ទ័ពខ្មែរ ៨១នាក់ ទប់ទ័ពថៃ ៩០០នាក់ស្លាប់ស្ទើរអស់ ទ័ពខ្មែរស្លាប់ ១១នាក់ និងរបួស ៧០នាក់។

ក្រោយសម្តេចបញ្ជាឱ្យបញ្ចប់មុខតំណែង, ធី សុវណ្ណថា បានបង្ហោះសារថា៖« សម្តេចតេជោមានគុណូបការៈចំពោះខ្ញុំខ្ពស់ស្មើមេឃ ធំស្មើធរណី ទោះស្ថិតក្នុងស្ថានភាពបែបណា លោកជាអ្នកមានគុណសង្គ្រោះជីវិតខ្ញុំ»។ ក្នុងសំណេររបស់ ធី សុវណ្ណថា បានប្រៀបធៀបថា ៖«តាយាយ ឪពុកម្តាយ ជេរប្រដៅកូនចៅជារឿងធម្មតា ខ្ញុំធ្វើខុស ខ្ញុំព្រមទទួល ដោយក្តីគោរព»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម