Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំអភិបាលខេត្តជាប់ព្រំដែនបន្តយកចិត្តទុកដាក់គ្រួសារយុទ្ធជនពលីនិងអតីតយុទ្ធជន

បានផុស

នៅ

ស្មារតីយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គ្រួសារយុទ្ធជនពលី-មរណៈ និងជាពិសេសគ្រួសារយុទ្ធជនពលី និងយុទ្ធជនដែលកំពុងឈរជើងនៅព្រំដែននាសមរភូមិមុខ នៅតែជាចំណុចអាទិភាពគួរឱ្យកត់សម្គាល់ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី តែងតែងលើកឡើងម្ដងហើយម្ដងទៀតក្នុងពិធីជួបសំណះសំណាលជាមួយមន្រ្តីនៅតាមបណ្ដាខេត្ត។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង នាព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានា ជុំវិញខេត្តបាត់ដំបង និងខេត្តប៉ៃលិន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំនៃខេត្តជាប់ព្រំដែនទាំងពីរនេះ ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន យុទ្ធជនពលី និងគ្រួសារយុទ្ធជនពលីនៅសមរភូមិ ជាពិសេសយុទ្ធជនពលីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗកន្លងទៅនេះ។ ព្រមទាំងគិតគូរចំពោះ កូនចៅ អតីតយុទ្ធជន ឱ្យទទួលបានការរៀនសូត្រត្រឹមត្រូវ ផ្ដល់ឱកាសការងារដល់ពួកគេ ដែលជាការរួមចំណែកកសាងអនាគតយូរអង្វែងសម្រាប់ក្រុមគ្រួសារ ក្រោយពេលស្វាមី និងឱពុករបស់គេ បានពលីកម្មដើម្បីបុព្វហេតុជាតិ។

សម្ដេចតេជោ បានលើកឡើងចំពោះមុខមន្រ្តីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រមាណជាង ២០០០នាក់ នៅព្រឹកនោះថា៖«ត្រូវឧស្សាហ៍ចុះសួរសុខទុក អតីតយុទ្ធជន និងអ្នកចូលនិវត្តក្នុងមូលដ្ឋានទាំងអស់ ដោយមិនត្រូវបំភ្លេចពួកគាត់ចោល ធ្វើយ៉ាងណាអញ្ជើញពួកគាត់មកចូលរួមក្នុងកម្មវិធីជួបជុំនានា ព្រមទាំងសួរនាំពីជីវភាព ខ្វាយខ្វល់ពីសុខទុក្ខ និងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ ហើយត្រូវតាំងខ្លួនជាកូនកតញ្ញូរបស់ពួកគាត់» ។

ចំពោះនិវត្តជនដែលជាអតីតគ្រូបង្រៀន ជាពិសេសអតីតគ្រូបង្រៀនចាស់ៗ តាំងពីថ្នាក់បឋម សម្ដេចក៏បានផ្ដល់ការណែនាំឱ្យគិតគូរចំពោះពួកគាត់ដែលជាចាស់ទុំ ជាអ្នកដែលបានដឹកដៃយើងតាំងពីក្មេងមក មិនត្រូវមើលស្រាលពួកគាត់ទេ បើគ្មានគ្រូបឋមទេ យើងក៏គ្មានថ្ងៃនេះដែរ។
 
ជាមួយគ្នានេះដែរ សម្ដេចប្រធានសមាគមក៏បានផ្ដល់អនុសាសន៍ណែនាំដល់គណៈបញ្ជាការឯកភាពនៃខេត្តទាំង២ ដែលជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវពិនិត្យលទ្ធភាពលើគ្រួសារដែលមានភាពខ្វះខាត ជួយលើកកម្ពស់ជីវភាពរស់នៅឱ្យបានល្អប្រសើរ ចំពោះអ្នកគ្មានដី គ្មានផ្ទះ ត្រូវរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនពួកគាត់។  

លោកស្រី បាន ស្រីមុំ

យោងតាមរបាយការណ៍របស់ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តនេះ មានអតីតយុទ្ធជនសរុបចំនួន ១,៧៣៤ នាក់ ។ ក្នុងនោះអតីតយុទ្ធជន ចូលជាសមាជិកសមាគម មានចំនួន  ១,៤៤៥ នាក់ ។ ជាមួយគ្នានេះ ខេត្តប៉ៃលិន ក៏បានកំណត់មុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិល សរុបចំនួន ២៧៧ នាក់ ស្រី៤៦នាក់។ អំពីការជ្រើសរើសគ្រួសារបង្កើតរបស់អតីតយុទ្ធជនឱ្យចូលបម្រើការក្នុងជួរកងទ័ព គឺបានស្ម័គ្រចិត្តដាក់ពាក្យចូលបម្រើក្នុងជួរកងទ័ពមានសរុបចំនួន  ២២៩នាក់ ក្នុងនោះជាប់ជាស្ថាពរ ១១៨នាក់ (ស្រី ២០នាក់) ជាប់បម្រុង ៣៦នាក់ (ស្រី ១៤នាក់)។

លោកស្រីបញ្ជាក់ថា ខេត្តប៉ៃលិន ពុំមានដីសម្បទានសង្គមកិច្ចនោះទេ ប៉ុន្តែបានដោះស្រាយការលំបាកជូនអតីតយុទ្ធជនដែលមានស្ថានភាពក្រីក្រ ដោយបានសាងសង់ផ្ទះជូន ២៣ ខ្នង សម្រាប់២៣ គ្រួសារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ។

លោក សុខ លូ

ចំណែក វិស័យអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចំពោះការយកគ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន។ តាមរបាយការណ៍ លោក សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា គិតត្រឹម ខែឧសភា ឆ្នាំ២០២៦ មានអតីតយុទ្ធជនក្នុងខេត្តបាត់ដំបង សរុបមាន ១៤,៤៦១ នាក់ ក្នុងនោះអតីតយុទ្ធជន ចូលជាសមាជិកសមាគម មានចំនួន  ១១,៨២៥ នាក់ ។ ចំណែកមុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិល សរុបចំនួន ៣,៦៥៧ នាក់។  ចំពោះ កូន ចៅ និងបងប្អូនបង្កើត របស់អតីតយុទ្ធជន បានស្ម័គ្រចិត្តដាក់ពាក្យចូលបម្រើក្នុងជួរកងទ័ពមានសរុបចំនួន ១២៧នាក់ ។

ក្នុងខេត្តបាត់ដំបង ជាការគួរកត់សម្គាល់ តាមរយៈលោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ក្នុងនាមសម្ដេចតេជោប្រធាន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន ដោយក្នុងនោះបានរៀបចំកសាងភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជន លើដីសម្បទានសង្គមកិច្ចចំនួន ២ ទីតាំងរួមមាន។

ទីតាំងនោះរួមមាន ១ ភូមិគោករកា ឃុំដូនបា ស្រុកគាត់ក្រឡ មានទំហំ ២៧៥.៥៦ហិតា បានសាងសង់ និងបែងចែកផ្ទះមានចំនួន ១៨៤ ខ្នង ជាអំណោយដ៏ថ្លៃថ្លៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។  ២  ភូមិព្រៃសិន និងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានទំហំ ១,៦៣០.៤៨ ហិតា បានសាងសង់ និងបែងចែកផ្ទះមានចំនួន ៣០០ ខ្នង ជាអំណោយដ៏ថ្លៃថ្លៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម