Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​ឃើញ​ចំណាប់ខ្មាំង​សល់​តែ​ស្បែក​ដណ្ដប់ឆ្អឹង ណេតាន់យ៉ាហ៊ូ ស្នើសុំ​ជំនួយពី​កាកបាទក្រហម

បានផុស

នៅ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានស្នើសុំជាផ្លូវការដល់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ​​ឲ្យ​ផ្តល់ការថែទាំវេជ្ជសាស្រ្ត និងអាហារជាបន្ទាន់ដល់ចំណាប់ខ្មាំងអ៊ីស្រាអែលដែលកំពុង​ស្ថិត​នៅ​ក្រោម​កណ្ដាប់​ដៃ​ក្រុមហាម៉ាសក្នុង​​តំបន់ហ្គាហ្សា។ ការ​​ស្នើ​​​នេះ ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៣​ខែ​សីហា​បន្ទាប់ពី​ហាម៉ាស​បាន​ចេញផ្សាយវីដេអូ​ដែលបង្ហាញពីចំណាប់ខ្មាំងម្នាក់កំពុង​ខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញ​ឲ្យ​ឃើញចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលឈ្មោះ Evyatar David មានភាពស្រងូតស្រងាត់ និង​រូប​រាង​ស្គមស្គាំង​ជា​ខ្លាំងសល់តែ​ស្បែក​ដណ្ដប់​ឆ្អឹង។ ខ្សែអាត់វីដេអូនេះ បានជំរុញ​ឲ្យ​មានការថ្កោលទោសពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ជាមួយនឹងមេដឹកនាំអន្តរជាតិអំពាវនាវ​ឲ្យ​​មាន​ការ​ទទួលបានសិទ្ធិមនុស្សធម៌ជាបន្ទាន់។

ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អ៊ីស្រាអែល ក្រុមហាម៉ាសបាននិយាយថា ខ្លួននឹងអនុញ្ញាត​ឲ្យ​កាកបាទក្រហមទៅសួរសុខទុក្ខចំណាប់ខ្មាំង ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ ទាំងនេះរួមមានការបង្កើតច្រករបៀងមនុស្សធម៌អចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា និងការផ្អាកការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល អំឡុងពេលផ្តល់ជំនួយ។

យ៉ាង​ណាមិញ ក្រុមហាម៉ាសបានសង្កត់ធ្ងន់ថា ចំណាប់ខ្មាំងអ៊ីស្រាអែលនឹងមិនទទួលបានសិទ្ធិផ្តល់អាហារពិសេសទេ ហើយនឹងបន្តទទួលបានអាហារដែលដូចគ្នានឹងយុទ្ធជនហាម៉ាស និងជនស៊ីវិល ដោយសារតែកង្វះស្បៀងអាហារ​កំពុង​រីករាលដាលនៅតំបន់ហ្គាហ្សា។ ក្រសួង​សុខាភិបាល​ហ្គាហ្សា ​បាន​រាយការណ៍​ពី​ការ​ស្លាប់​ដែល​ទាក់ទង​នឹង​ការ​អត់ឃ្លាន​យ៉ាង​ហោច​ណាស់ ១៧៥នាក់​ ក្នុង​នោះ​មាន​កុមារ ៩៣​នាក់ ចំពេល​មាន​ការ​រឹតត្បិត​ជា​បន្ត​លើ​ជំនួយ​មនុស្សធម៌។

ICRC បាននិយាយថា ខ្លួនមិនបានចូល​ជួប​ដោយផ្ទាល់​ជាមួយ​ចំណាប់ខ្មាំងអស់​រយៈពេល​ជាច្រើនខែ​មក​ហើយ និង​កំពុងជំរុញ​ឲ្យ​ភាគីទាំងអស់គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កិច្ចពិភាក្សាសម្រាប់បទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងនៅតែជាប់គាំង ដោយសារភាគីទាំងពីរប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់លើលក្ខខណ្ឌប្រឆាំង​រៀងៗខ្លួន៕

ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលឈ្មោះ Evyatar David

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម