Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង ១ ០០០នាក់ស្លាប់នៅហ្គាហ្សា អំឡុង​ពេល​បទ​ឈប់បាញ់

បានផុស

នៅ

ជនជាតិប៉ាឡេស្ទីនរហូតដល់ ១ ០០៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សាស្ទ្រីប គិត​ចាប់តាំងពីមានការព្រមព្រៀងឈប់បាញ់គ្នាមួយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ នេះ​បើ​យោងតាម​របាយការណ៍​ទិន្នន័យ​ចុះផ្សាយ​ដោយ​សារព័ត៌មាន NPR នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦។

(រូបថត៖  UNOCHA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិត​មាន​ឈ្មោះថាបទ​ឈប់បាញ់ក៏ដោយ ក៏​ទឹកដីហ្គាហ្សានៅតែបន្តរងការវាយប្រហារតាមអាកាស ការបាញ់ផ្លោង និងការផ្ទុះអាវុធស្ទើរតែរាល់ថ្ងៃ នៅតាមបណ្តោយខ្សែបន្ទាត់ខណ្ឌចែកទឹកដី ដែលការបាត់បង់ជីវិតចុងក្រោយ បានកើតឡើងបន្ទាប់ពីដ្រូនអ៊ីស្រាអែល បើកការវាយប្រហារជាបន្តបន្ទាប់លើទីប្រជុំជន និងជម្រកជនភៀសខ្លួននៅកណ្តាលក្រុងហ្គាហ្សា។

នៅក្នុងការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃពុធ អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២​នាក់ និងរបួស ៦​នាក់ផ្សេងទៀត នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សា ដោយក្រុមគ្រួសារជនរងគ្រោះ បានទម្លាយទាំងទឹកភ្នែកថា គ្រាប់បែកបានធ្លាក់ចំក្រុមមនុស្ស ដែលកំពុងស្នាក់នៅក្បែរឆ្នេរខ្សាច់ ក្នុងតំបន់តង់ភៀសខ្លួន Muwasi ដែលជាកន្លែងមនុស្សរាប់សែននាក់កំពុងជ្រកកោន។ ខាងកងទ័ពអ៊ីស្រាអែល បានចេញមុខទទួលស្គាល់ការវាយប្រហារនេះ ដោយអះអាងយ៉ាងខ្លីថា គោលដៅគឺជា «ភេរវករ» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអ្វីឡើយ ខណៈដែលពួកគេ នៅតែបន្តពង្រីកទឹកដីគ្រប់គ្រងរបស់ខ្លួន និងចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភកិច្ចព្រមព្រៀងឈប់បាញ់មុន។

គិតត្រឹមថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលហ្គាហ្សា បានគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់សរុបនៅក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះ បានហក់ឡើងហួស ៧៣ ០០០នាក់ទៅហើយ ដោយទិន្នន័យនេះរួមបញ្ចូលទាំងជនស៊ីវិល និងខ្មាន់កាំភ្លើងលាយឡំគ្នា។ សង្គ្រាមដ៏មហាបំផ្លិចបំផ្លាញនេះ បានផ្ទុះឡើងដំបូងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយឆ្មក់ចូលភាគខាងត្បូងអ៊ីស្រាអែល សម្លាប់មនុស្ស ១ ២០០នាក់ និងចាប់ជម្រិតមនុស្ស ២៥១នាក់ ដែលធ្វើឱ្យមេដឹកនាំអ៊ីស្រាអែលខឹងសម្បារយ៉ាងខ្លាំង រហូតបើកយុទ្ធនាការវាយលុកសងសឹកយ៉ាងចាស់ដៃ ក្នុងបំណងកម្ទេចក្រុមហាម៉ាសឱ្យរលាយសាបសូន្យ និងដោះលែងចំណាប់ខ្មាំងទាំងអស់ឱ្យមានសេរីភាពឡើងវិញ៕

រូបឯកសារ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម