ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញ PTT ធ្លាក់ចុះគំហុក ៤០% ក្រោយកម្ពុជាបិទការនាំចូលប្រេងពីថៃ
ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT បានប្រកាសពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណេញរបស់ខ្លួននៅត្រីមាសទី២ ឆ្នាំ ២០២៥ ពោលគឺក្រោយពេលកម្ពុជាបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទទាំងស្រុងពីប្រទេសថៃ ជុំវិញភាពតានតឹងព្រំដែន។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន បានធ្លាក់ចុះជិត ៤០ ភាគរយ មកនៅត្រឹម ២១,៥ ប៊ីលានបាត នៅត្រីមាសពីខែមេសា ដល់ខែមិថុនា ដែលនេះបង្ហាញពីការធ្លាក់ចុះគំហុក ធៀបនឹងប្រាក់ចំណេញសុទ្ធ ៣៥,៥ ប៊ីលានបាត ដែលក្រុមហ៊ុនរកបាននៅត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
លើសពីនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនមុនពេលកាត់ពន្ធ (EBITDA) សម្រាប់ត្រីមាសទី២ ដដែល មានចំនួន ៧៨,៨ ប៊ីលានបាត ដោយធ្លាក់ចុះ ៣១,៧ ភាគរយ ធៀបនឹង ១១៥,៣ ប៊ីលានបាត ក្នុងត្រីមាសដូចគ្នាឆ្នាំមុន។
តាមការចុះផ្សាយរបស់កាសែត The Nation ក្រុមហ៊ុនបានឱ្យដឹងថា ការធ្លាក់ចុះនេះភាគច្រើនដោយសារតែកម្សោយនៃអាជីវកម្មគីមីឥន្ធនៈ និងប្រេងចម្រាញ់សំខាន់ៗរបស់ខ្លួន។ ក្រុមហ៊ុនបានបន្តថា ផ្នែករុករក និងផលិតកម្មប្រេងមានភាពខ្សោយខ្លាំង ដោយសារតម្លៃលក់ជាមធ្យម និងបរិមាណលក់មានកម្រិតទាប ខណៈការចំណាយប្រតិបត្តិការខ្ពស់។
លើសពីនេះ អាជីវកម្មឧស្ម័នធម្មជាតិក៏មិនសូវជាអំណោយផល។ រោងចក្របំបែកឧស្ម័នទទួលបានប្រាក់ចំណេញច្រើនជាងមុន ដោយសារការចំណាយទាប ប៉ុន្តែប្រភពឧស្ម័ន និងក្រុមហ៊ុនលក់ដុំ ទទួលបានប្រាក់ចំណេញតិចជាងមុន ដោយសារតម្លៃលក់បានធ្លាក់ចុះជាងតម្លៃផ្គត់ផ្គង់។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន PTT មិនបានបញ្ជាក់យ៉ាងណាទេ ថាតើការធ្លាក់ចុះនៃប្រាក់ចំណេញរបស់ខ្លួន មានការជាប់ទាក់ទងយ៉ាងណាទៅនឹងចំណាត់ការរបស់កម្ពុជា ក្នុងការបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈពីប្រទេសថៃ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងកាត់ផ្ដាច់ការផ្គត់ផ្គង់ពីអ្នកនយោបាយថៃ ក្នុងបរិបទភាពតានតឹងព្រំដែនរវាងប្រទេសទាំង២។
យ៉ាងណាមិញ គួរកត់សម្គាល់ថា ភ្លាមៗក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ប្រកាសពីការបិទនោះ ក្រុមហ៊ុន PTT បាននិយាយថា ចំណាត់ការរបស់កម្ពុជានឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុននោះទេ។ ប៉ុន្តែកន្លងមក PTT តែងតែចាត់ទុកថា កម្ពុជាជាផ្ទះទី២របស់ខ្លួន ដោយសារកម្ពុជាជាទីផ្សារអន្តរជាតិដ៏ធំបំផុតរបស់ក្រុមហ៊ុន ខណៈមកទល់ពេលនេះ PTT មិនបានបង្ហាញពីចំណូលជាក់លាក់សម្រាប់អាជីវកម្មនៅកម្ពុជាឡើយ។
កាលពីឆ្នាំ ២០២៤ ប្រទេសថៃបាននាំចេញឥន្ធនៈមកកម្ពុជា ប្រមាណជាង ៤៧,៩៨ ប៊ីលានបាត ឬជាង ១,៤៦ ប៊ីលានដុល្លារ ឬប្រមាណ ២,២៨ ប៊ីលានលីត្រ គិតជាមធ្យមប្រមាណ ៦,២៥ លានលីត្រ/ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Thansettakij កាលពីចុងខែមិថុនា។ មែនទែនទៅ កម្ពុជាគឺជាគោលដៅនាំចេញឥន្ធនៈធំជាងគេទី ២ របស់ថៃ ពោលគឺនៅតែពីក្រោយសិង្ហបុរីតែប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


