Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា សង្ឃឹមថា ចិននឹងប្រើឥទ្ធិពលខ្លួនក្នុងនាមអ្នករក្សាសន្តិភាព ជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរវិញ

បានផុស

នៅ

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា កម្ពុជា សង្ឃឹមថាប្រទេសចិននឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរដែលចាប់យកទៅដោយខុសច្បាប់ត្រឡប់មកវិញ និងឱ្យថៃគោរពបទឈប់បាញ់ដោយស្មោះត្រង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក តាមរយៈការសរសេរលើហ្វេសប៊ុក នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ លោកបណ្ឌិត គិន ភា បានចែករំលែកបន្តពីលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជុំវិញជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសចិន ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងថៃ។ លោកបណ្ឌិត គិន ភា ថា ប្រទេសចិន ដើរតួនាទីសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពតំបន់ រួមទាំងសកលលោកទាំងមូល។ ហេតុនេះ លោកបណ្ឌិត សង្ឃឹមថា ចិន នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរ ដែលថៃចាប់ទៅដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន និងជំរុញឱ្យថៃគោរពបទឈប់បាញ់ដោយភាពស្មោះត្រង់ដូចគ្នា។

លោកបណ្ឌិត បញ្ជាក់ថា៖ “ប្រជាជនកម្ពុជា ក្នុងនាមជាមិត្តភក្តិដ៏ស្មោះត្រង់របស់ប្រទេស និងប្រជាជនចិន សង្ឃឹមថា ចិននឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការជំរុញឱ្យកងទ័ពថៃដោះលែងកងទ័ពកម្ពុជាដែលពួកចាប់ជំរត់ និងឃុំខ្លួនដោយខុសច្បាប់ត្រឡប់មកវិញ និងជំរុញឱ្យយោធាថៃគោរពដោយស្មោះត្រង់និងពេញលេញនូវបទឈប់បាញ់និងស្មាតីនៃកិច្ចប្រជុំ GBC ដើម្បីធ្វើឱ្យមានស្ថិរភាពនិងសន្តិភាពឡើងវិញនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ”

គួររម្លឹកថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ។ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មានរយៈពេល១៧ថ្ងៃហើយ ដែលថៃមិនទាន់ដោះលែងកងទ័ពខ្មែរ ១៨រូបត្រឡប់មកវិញឡើយ។  

សូមជម្រាបថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជួបពិភាក្សាជាមួយលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន។ បើតាមការផុសរបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាស ជួបជាមួយកម្ពុជា លោក វ៉ាង យី ថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល តែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ភាគីចិនគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

បន្ថែមពីនេះ ចិន ក៏គាំទ្រកម្ពុជា-ថៃ ដោះស្រាយបញ្ហាជាមួយគ្នា និងស្តារទំនាក់ទំនងឡើងវិញ។ ចិន ក៏គាំទ្រភាគីទាំងពីរអនុវត្តទាំងស្រុងនូវកុងសុងស៊ីសដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការពង្រឹងស្ថានភាពបទឈប់បាញ់ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម