Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ថា ការងារក្នុងស្រុក មានហានិភ័យទាប និងគ្មានការប្រមាថ

បានផុស

នៅ

ក្នុងខណៈពេលដែលប្រជាពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃវិញកំពុងតែស្វែងរកការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានប្រាប់ឱ្យប្រជាពលរដ្ឋរកការងារធ្វើក្នុងប្រទេស គឺមានហានិភ័យទាបនិងគ្មានការរើសអើងដោយជាតិសាសន៍ដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម បានលើកឡើងថា «ការធ្វើការងារនៅក្នុងស្រុកមានហានិភ័យទាប និងមិនប្រឈមនឹងការរើសអើង ប្រមាថ ធ្វើទុក្ខបុកម្នេញនានាពីសំណាក់ក្រុមជ្រុលនិយមថៃ ព្រោះគ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ»។ ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្រោយមានការប្រព្រឹត្តទង្វើអសីលធម៌ និងគ្មានមនុស្សធម៌ដោយក្រុមជ្រុលនិយមថៃមួយចំនួនដែលបានវាយធ្វើបាប និងការប្រមាថនានាមកលើពលករខ្មែរ ហើយជាហេតុនាំឱ្យពលករសម្រុកចេញពីប្រទសថៃត្រឡប់មកប្រទេសកំណើតវិញ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលការចុះឈ្មោះស្វែងរកការងារដល់សមាជិកសមាជិកា ស.ស.យ.ក ជាភ្នាក់ងារព័ត៌មានទីផ្សារការងារដល់ពលករ កាលពីព្រឹកថ្ងៃទី១៦ ខែសីហានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជាកាល២០ឆ្នាំមុននោះទេ បើនិយាយពីប្រាក់ឈ្នួល គឺមានការកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងអត្តប្រយោជន៍ផ្សេងៗជាច្រើនទៀត ខណៈដែលការងារនៅជិតផ្ទះមានកក់ក្តៅជាងការងារនៅឆ្ងាយពីក្រុមគ្រួសារ។

ចំពោះវត្តមាននៃការវិលត្រឡប់មកវិញរបស់ពលករខ្មែរពេលនេះ ឯកឧត្តម បន្ថែមថា ស.ស.យ.ក បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណាជួយសម្របសម្រួលដល់ពលករឱ្យទទួលបានការងារដោយមិនចាំបាច់វិលត្រឡប់ទៅវិញ ដែលអាចទទួលរងនូវហានិភ័យ និងមើលងាយពីពួកក្រុមជ្រុលនិយមថៃ។

ជាក់ស្ដែងក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានផ្ដើមយុទ្ធនាការ«ខ្មែរជួយរកការងារឱ្យខ្មែរ» ដោយយុវជននៅគ្រប់ឃុំទាំងអស់របស់ ស.ស.យ.ក ប្រមាណ២ពាន់នាក់ បានទទួលការបណ្ដុះបណ្ដាលពីការចុះឈ្មោះស្វែងរកការងារ តាមរយៈតួនាទីជាភ្នាក់ងារផ្ដល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលករ ដែលត្រឡបមកពីប្រទេសថៃ មានបំណងស្វែងរកការងារធ្វើ។

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ស.ស.យ.ក មិនឈរឱបដៃមើល នៅពេលប្រទេស និងប្រជាជន ជួបការលំបាកនោះឡើយ ពោលក្នុងនាមជាចលនាមហាជន ស.ស.យ.ក ត្រូវតែចូលរួមចំណែកទាំងអស់គ្នា ជាផ្នែកមួយក្នុងការដោះស្រាយបញ្ហា។ ឯកឧត្តម សង្កត់ធ្ងន់ថា «កិច្ចការដែលយើងធ្វើរួមគ្នាពេលនេះ គឺលើសពីការអនុវត្តអនុស្សារណយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដោយសារតែយើងរួមគ្នា ជាខ្មែរតែមួយ យុវជនខ្មែរតែមួយ ក្នុងស្មារតី ខ្មែរជួយខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្ដល់ការងារឱ្យខ្មែរ»៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម