សេដ្ឋកិច្ច
ការប្រើប្រាស់ទំនិញខ្មែរស្ទុះឡើង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ
តម្រូវការផ្គត់ផ្គង់ផលិតផលខ្មែរក្នុងស្រុកបានស្ទុះឡើង បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនាំឱ្យពលរដ្ឋខ្មែរមួយចំនួនឈប់ប្រើប្រាស់ទំនិញថៃ។
លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី នាយិកាគ្រប់គ្រង នៃសាបារាបេហ្វូដ មានប្រសាសន៍ថា រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានការគាំទ្រស្ទុះឡើង គុណនឹង ៣ ទៅ ៥ ដង ដោយក្រុមហ៊ុនទទួលបានការកម្មង់ច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។

លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី យល់ឃើញថា៖ «សម្រាប់សមត្ថភាពផលិតផ្គត់ផ្គង់ក្នុងស្រុកបើយើងនិយាយរយៈពេលខ្លី វាមានបញ្ហាស្ទះខ្លះហើយ ឥវ៉ាន់ដាច់ស្ដុក ផលិតផលផ្សេងៗ ប៉ុន្តែសម្រាប់ខ្ញុំ បើសិនរយៈពេលមធ្យម និងរយៈពេលវែង ដូចជាអត់មានបញ្ហាទេ យើងមានវត្ថុធាតុដើម យើងអាចទិញម៉ាស៊ីនបាន យើងមានកម្លាំងពលកម្ម»។
លោកស្រីបានថ្លែងបញ្ជាក់ទៀតបន្ថែមថា៖«បច្ចុប្បន្នជាឱកាស ពីព្រោះធម្មតា កាលណាយើងផលិតតិចវាថ្លៃហើយ ប៉ុន្តែឆ្លៀតពេលដែលកំពុងមានការគាំទ្រខ្លាំង ក្នុងនាមអ្នកផលិតបើយើងអាចចាប់ឱកាសហ្នឹងបាន យើងព្យាយាមបង្កើនសមត្ថភាពផលិតក្នុងពេលនេះ ហើយនៅពេលខាងមុខ គុណភាពផលិតផល និងតម្លៃផលិតផលរបស់យើងក៏អាចទទួលយកបាន»។
លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បន្តថា៖ «ដើម្បីឱ្យវាមានស្ថិរភាព និងនិរន្តរភាព ទាល់តែផលិតផលក្នុងស្រុក មានភាពប្រកួតប្រជែងពិតប្រាកដ មិនមែនបានន័យថា យើងក្នុងស្រុកគេត្រូវគាំទ្រទេ ប៉ុន្តែឆ្លៀតក្នុងពេលហ្នឹងយើងត្រូវខំប្រឹងព្យាយាមអភិវឌ្ឍសមត្ថភាពរបស់យើង ព្រោះផលិតផលក្នុងស្រុកមានរឿងច្រើន តាំងពីតម្លៃ និងការផ្គត់ផ្គង់នៅមានកម្រិត នេះជាការប្រឈម ប៉ុន្តែខ្ញុំគិតថា បើយើង challenge នឹងការប្រឈមហ្នឹងបាន ប្រហែលជាអាចទៅរួច»។

លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ប្រាប់កម្ពុជាថ្មីថា ក្រោយកងទ័ពថៃបើកការឈ្លានពានចូលទឹកដីប្រទេសកម្ពុជា បានរុញស្មារតីជាតិនិយមរបស់ពលរដ្ឋកម្ពុជាក្នុងការងាកមកគាំទ្រផលិតផលក្នុងស្រុកដោយមានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ជាក់ស្ដែងផលិតផលទឹកដោះគោស្រស់ដែលផលិតក្នុងស្រុក បានពង្រីកចំណែកទីផ្សារកើនពី ៥% ដល់ ២០ ទៅ ២៥%។
លោកបានបញ្ជាក់ថា ក្នុងស្ថានភាពជម្លោះនេះអាចនិយាយបានថាជាលាភក្នុងគ្រោះសម្រាប់សហគ្រិនក្នុងស្រុកក្នុងការខិតខំពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ ស្របពេលស្មារតីគាំទ្រផលិតផលជាតិស្ទុះឡើង។
លោក ហុង សុខហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា កន្លងមកកម្ពុជាពឹងផ្អែកច្រើនទៅលើផលិតផលនាំចូល ជាពិសេសពីប្រទេសថៃដែលកំពុងមានសង្គ្រាមជាមួយកម្ពុជា។ លោកថា៖«ពេលវេលានេះ គឺជាឱកាសដែលពលរដ្ឋកម្ពុជា ត្រូវចាប់ផ្ដើម ត្រឡប់មកគាំទ្រផលិតផលក្នុងស្រុក ដែលគ្មាននណាស្រឡាញ់ខ្មែរជាងខ្មែរ បើខ្មែរយើងមិនគាំទ្រខ្មែរខ្លួនឯង គឺចប់ហើយ»។

លោក ហុង សុខហួរ បន្ថែមថា៖ «អ្វីដែលយើងអាចធ្វើបាន មានតែជួយគាំទ្រលើកទឹកចិត្ត ការពារខ្លួនរបស់យើងខ្លួនឯង។ ចង់ឱ្យកម្ពុជាខ្លាំង ចង់កុំឱ្យគេមើលងាយយើង ទាល់តែយើងធ្វើឱ្យខ្លួនឯងខ្លាំង ធ្វើឱ្យខ្លាំងការពារជាតិ ជារឿងមួយ ប៉ុន្តែរឿងសេដ្ឋកិច្ចគឺជារឿងសំខាន់ សេដ្ឋកិច្ចខ្លាំង គ្មាននរណាហានមកមើលងាយយើងទេ ធ្វើម៉េចបានសេដ្ឋកិច្ចខ្លាំង ទាល់តែគ្រប់គ្នាធ្វើម៉េចឱ្យខ្លួនឯងរីកចម្រើន ប៉ុន្តែការរីកចម្រើនកុំឱ្យប៉ះពាល់ដល់សង្គម និងអ្នកដ៏ទៃ»។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ការសម្រេចចិត្តមិនប្រើប្រាស់ទំនិញថៃ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែមិនមែនតំណាងឱ្យឆន្ទៈរបស់រាជរដ្ឋាភិបាលកំណត់នោះទេ។
ការសម្រេចចិត្តឈប់ប្រើទំនិញថៃនេះ គឺពាក់ព័ន្ធនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ដែលពួកគាត់សម្រេចចិត្ត ដែលជាឆន្ទៈបង្ហាញពីស្មារតីជាតិនិយម មិនប្រើប្រាស់ផលិតផលថៃ បន្ទាប់ពីសង្គ្រាមកម្ពុជា-ថៃ។
លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ប្រសិនបើថៃនៅតែមានគំនិតមិនល្អចំពោះកម្ពុជា រយៈកាលកន្លងទៅយើងឃើញហើយ សង្គ្រាមដែលកើតឡើង គឺបានធ្វើឱ្យការមិនចូលចិត្តជនជាតិថៃ និងប្រើផលិតផលថៃកើនឡើង»។
កន្លងមក ស្មារតីរបស់ប្រជាជនកម្ពុជា មានទំនុកចិត្តលើផលិតផល និងប្រជាជនថៃខ្ពស់ ប៉ុន្តែនៅពេលទំនាស់ផ្ទុះឡើងថ្មីៗនេះ រួមផ្សំនឹងឆ្នាំ ២០០៨-២០១១ ធ្វើឱ្យស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជាឈប់ប្រើប្រាស់ទំនិញថៃអាចនឹងមានរយៈពេលវែង ប៉ុន្តែក៏ផ្អែកលើផលិតផលខ្មែរ ដែលយើងមានសិប្បកម្ម បង្ហាញផលិតផលជាក់ស្ដែងរបស់ខ្មែរពីគុណភាពជាដើម ក៏អាចរួមផ្សំ ធ្វើឱ្យស្មារតីរបស់គាត់ និយមប្រើប្រាស់ផលិតផលយើង។
លោកបណ្ឌិតវណ្ណៈ បន្ថែមថា កាលពីឆ្នាំ ២០០៨-២០១១ ជាស្ថានភាពមួយដែលកម្ពុជាមិនទាន់ទំនាក់ទំនងការដឹកទំនិញ ហើយប្រជាជនមិនទាន់មានជម្រើសស្មារតីក្នុងការប្ដូរផ្លាស់ទំនិញ ប៉ុន្តែឥឡូវនេះ ប្រជាជនមានផលិតផលក្នុងស្រុកដែលផលិតដោយខ្លួនឯង និងមានផលិតផលផ្សេងៗទៀត ដែលជំនួសផលិតផលថៃបាន។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ «ស្ថានភាពនេះ អាចនឹងមានរយៈពេលវែងជាងមុន ហើយអាចអូសបន្លាយរយៈពេលយូរឆ្នាំ ប៉ុន្តែបើស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរនេះ អាចល្អបន្តិចម្ដងៗ រយៈកាលក្រោយមកទៀត ស្ថានភាពនឹងវាអាចវិលទៅរកសភាពដើម ប៉ុន្តែត្រូវការរយៈពេលវែងបន្តិច វាមិនដូចឆ្នាំ ២០០៨៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


