Connect with us

ព័ត៌មានជាតិ

៩ថ្ងៃនៃយុទ្ធនាការ ក្រសួងការងារ​ចុះតាមរោងចក្រជាង១៥០០ ដើម្បី​ជំរុញ​ការងារ ជូន​ពលករ​មកពីថៃ

បានផុស

នៅ

ភ្នំពេញ ៖ ក្នុងយុទ្ធនាការរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បន្ត​ចុះ​ទៅ​កាន់​រោងចក្រ​សហគ្រាស ចំនួន​១៥៣០ ដែល​មាន​កម្មករ​ប្រមាណជាង៩៨ម៉ឺននាក់ នៅទូទាំងប្រទសដើម្បីជំរុញការផ្តល់ឱកាសការងារ និង​ផ្តល់​ភាព​កក់ក្តៅ​ទៅ​ដល់​បងប្អូនពលករខ្មែរដែលទើបទទួលបានការងារ ក្រោយការវិលមកពីប្រទេសថៃវិញ។ ការដាក់ចេញយុទ្ធនាការនេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ពលករខ្មែរ​ប្រមាណ៩២ម៉ឺននាក់ បានវិលមកស្រុកកំណើតវិញ ក្រោយពេលដែលកម្ពុជា និង​ថៃ​មាន​ជម្លោះព្រំដែនជាមួយគ្នាដែលភាគីថៃជាអ្នកចាប់ផ្តើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នេះ ក្នុងយុទ្ធនាការទៅតាមរោងចក្រសហគ្រាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងការងារ ក៏បានជួបជាមួយរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកផងដែរ ហើយបានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករ ព្រមទាំងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់។

ជាមួយគ្នានេះ តំណាងភាគីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក៏បានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយបានប្តេជ្ញាចិត្តចូលរួមបំពេញបេសកកម្មនេះឱ្យសម្រេចជោគជ័យផងដែរ។

ដោយឡែក ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃដែលទើបទទួលបានការងារ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយរកការងារឱ្យពួកគាត់។ បើតាមការបញ្ជាក់ដដែល ការបំពេញការងារនៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន និងចំណាយផ្សេងៗ។

លើសពីនេះ ក៏ក្រុមការងារក្រសួងបានបន្តជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក។

ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម