Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ៖ រយៈពេល ១២ឆ្នាំនេះ សិស្សនិទ្ទេស A B និង C ចូលធ្វើជាគ្រូបង្រៀន ៧៥%

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្នុងរយៈពេល ១២ ឆ្នាំនេះ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សានិទ្ទេស A B និង C បានចូលធ្វើជាគ្រូបង្រៀន ៧៥ %ដែលនេះបង្ហាញពីអ្នកមានសមត្ថភាពកាន់តែច្រើនចូលរួមដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាកាសអញ្ជើញបើកប្រធានវិធានវិញ្ញាសាបាក់ឌុប នៅព្រឹកថ្ងៃទី ២៨ ខែសីហានេះ លោករដ្ឋមន្រ្តី បានកត់សម្គាល់ថា បច្ចុប្បន្នយុវជនខ្មែរ ពិតជាមានសមត្ថភាពល្អប្រសើរជាងមុន។ ភាពប្រសើរឡើងនេះ ក៏ពាក់ព័ន្ធនឹងការដែលក្រសួងអប់រំបង្កើតឱ្យមានសាលារៀនគំរូ ដូចជាសាលាជំនាន់ថ្មីជាដើមដែលជួយជំរុញដល់ការសិក្សារបស់សិស្ស និងទទួលបាននិទ្ទេសល្អពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយមើលឃើញពីសារៈសំខាន់នៃសាលាគំរូ ក្រសួងនឹងរៀបចំឱ្យមានសាលាប្រភេទនេះចន្លោះពី ៥០០ ទៅ ១ ០០០ សាលា នៅឆ្នាំ ២០២៨។

បើតាមលោករដ្ឋមន្រ្តី ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ ប្រាក់ខែគ្រូបង្រៀន បានកើនឡើងដល់ជិត៣ដង។ ក្នុងនោះ សិស្សដែលមាននិទ្ទេស A B និង C បានចូលធ្វើជាគ្រូបង្រៀនប្រមាណ ៧៥% ដែលនេះបង្ហាញឱ្យឃើញពីអ្នកមានសមត្ថភាព ចូលធ្វើជាគ្រូបង្រៀនកាន់តែច្រើន។

ពាក់ព័ន្ធការប្រឡងបាក់ឌុបវិញ លោកថាដោយមានការឈ្លានពានពីទាហានថៃ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃពិសេសនៅក្នុងខេត្តព្រះវិហារនិងខេត្តមានជ័យបានធ្វើឱ្យសាលារៀនមួយចំនួនត្រូវបានបិទទ្វារ ដែលធ្វើឱ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះត្រូវបានពន្យារពេល។ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨សីហា តែឆ្នាំនេះយើងបានពន្យាពេលសម័យប្រលងមកនៅថ្ងៃទី២៨ខែសីហាវិញ។

ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និង របៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចឱ្យផ្អាកជាបណ្តោះ អាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម