Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិភូរាប់សិបនាក់ នាំគ្នាដើរចេញពីសាលមហាសន្និបាត UN ពេលលោក ណេតាន់យ៉ាហ៊ូ ហៀបនឹងថ្លែង

បានផុស

នៅ

ប្រតិភូរាប់សិបនាក់បាននាំគ្នាដើរចេញពីសាលនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅពេលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ហៀបនឹងថ្លែង ដែលសកម្មភាពនេះគឺប្រឆាំងនឹងសង្គ្រាមបង្ហូរឈាមនៅតំបន់ហ្គាហ្សា។

ប្រតិភូនាំគ្នាដើរចេញពីសាលនៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតទង្វើនេះធ្វើឲ្យលោក ណេតាន់យ៉ាហ៊ូ អាម៉ាស់មុខក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅតែបន្តថ្លែងសុន្ទរកថាជាមួយពាក្យពេចន៍ខ្លាំង ដោយប្តេជ្ញាសម្រេចបេសកកម្មកម្ទេចក្រុមហាម៉ាសឲ្យខ្ទេច។ 

តាមការផ្សាយរបស់ BBC កាលពីថ្ងៃសុក្រទី២៦ខែកញ្ញាឆ្នាំ២០២៥ លោកនិយាយថា «សំណល់ចុងក្រោយរបស់ក្រុមហាម៉ាស កំពុងពូនផ្តុំនៅក្នុងទីក្រុងហ្គាហ្សា។ ពួកគេប្តេជ្ញាប្រព្រឹត្តអំពើឃោរឃៅដូចថ្ងៃទី៧ខែតុលាម្តងទៀត មិនថាកម្លាំងរបស់ពួកគេថយចុះយ៉ាងណានោះទេ។ នោះហើយជាមូលហេតុដែលអ៊ីស្រាអែលត្រូវតែបញ្ចប់បេសកកម្មនេះ។ ពិភពលោកភាគច្រើនលែងចងចាំថ្ងៃទី៧ខែតុលាទៀតហើយ ប៉ុន្តែយើងនៅចាំ។ អ៊ីស្រាអែលចងចាំថ្ងៃទី៧ខែតុលា នៅថ្ងៃនោះ»។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

ទន្ទឹមនោះដែរ លោកណេតាន់យ៉ាហ៊ូ បានស្តីបន្ទោសប្រទេសទាំងឡាយដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថាជាប្រទេសដ៏អាម៉ាស់ ឆ្កួតលីលា និងមិនប្រក្រតី។

សូមជម្រាបថា បច្ចុប្បន្ន ប្រទេសសមាជិកអង្គការសហប្រជាជាតិសរុប ១៥៧ក្នុងចំណោម ១៩៣បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ សប្តាហ៍នេះសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ចំនួន២ រួមមាន បារាំង និង ចក្រភពអង់គ្លេស រួមជាមួយសមាជិក ១០ ផ្សេងទៀត ក៏ទទួលស្គាល់ប៉ាឡេស្ទីនផងដែរ ដែលនេះជាការដាក់សម្ពាធរឹតខ្លាំងលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

យោងតាមរបាយការណ៍ ពលរដ្ឋប៉ាឡេស្ទីនជាង ៦៨ ០០០ នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សា ដែលចាប់ផ្តើមឡើងដើម្បីសងសឹកចំពោះការវាយលុកដ៏សាហាវរបស់ក្រុម ហាម៉ាស ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ ២០២៣៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​៨១%​នៃ​រដ្ឋសមាជិក​ UN ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ ប៉ុន្តែ​​​​គ្មាន​ដំណោះស្រាយ​បញ្ចប់​ការ​ឈឺចាប់​​​ទេ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម